ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​វប្បធម៌ ​លើកទឹកចិត្ត​ដល់​យុវ​សិល្បករ សិល្ប​ការិនី សិស្ស​-​និស្សិត ​ចូលរួម​ប្រកួតប្រជែង​បញ្ចេញ​សមត្ថភាព​ និង​ទេពកោសល្យ​លើ​វិស័យ​វប្បធម៌​

​ភ្នំពេញ ​៖ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើកទឹកចិត្ត​ដល់​យុវ​សិល្បករ សិល្បការិនី ជា​សិស្ស​-​និស្សិត​នៅ​ទូទាំងប្រទេស ឲ្យ​មក​ចូលរួម​ប្រកួតប្រជែង​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​ពិតៗ​របស់ខ្លួន​ដើម្បី​រួមចំណែក​បំផុសស្មារតី​ជាតិនិយម ស្រឡាញ់​វប្បធម៌​ជាតិ និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​ផលិតផល​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏​សម្បូរបែប​ក្នុង​តំបន់​ និង​ពិភពលោក​។​
​ ​
ការប្រកួតប្រជែង​បញ្ចេញ​សមត្ថភាព ​និង​ទេពកោសល្យ​លើ​វិស័យ​វប្បធម៌​បាន​ធ្វើឡើង​នៅក្នុង​ម​ហោ​ស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ឆ្នាំ​ទី​៥ ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ នៅ​សាល​សន្និសីទ​ចតុមុខ​ ក្រោម​អធិបតីភាព​ លោកស្រី ​ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។​
​ ​
លោក គឹម ពី​ន​ន់ អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំនេះ ត្រូវបាន​សម្រិតសម្រាំង​យក​ស្នាដៃ​យុវជន​ចំនួន​៤៦​ក្រុម ដែល​មាន​ផ្នែក​របាំ​ប្រពៃណី​ខ្មែរ របាំ​សហ​សម័យ​ខ្មែរ និង​ឈុត​ល្ខោន ដោយ​បម្រើ​នូវ​ខ្លឹមសារ​ចំនួន​បី ដូច​ជាទី​១៖ ទប់ស្កាត់ កែលំអ វប្បធម៌​អវិជ្ជមាន ក្នុង​ស្រទាប់​យុវវ័យ​ទី​២-បណ្ដុះ​ស្មារតី​ស្នេហា​វប្បធម៌​ជាតិ ដើម្បី​បុព្វហេតុ​អភិរក្ស អភិវឌ្ឍ​វប្បធម៌ និង​អប់រំ និង​ទី​៣-ចូលរួមចំណែក​លើកស្ទួយ​សុវត្ថិភាព​សង្គម សន្តិភាព និង​ការ​អភិវឌ្ឍ​។​
​ ​
លោកស្រី ​ភឿង ស​កុ​ណា ​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​មហោស្រព​សិល្បៈ​យុវជន​ប្រចាំ​ឆ្នាំនេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ការអប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​សិល្បៈ​វប្បធម៌ តាមរយៈ​រូបភាព​សិល្បៈ​ក្នុង​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​។​
​ ​
លោកស្រី​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​យុវជន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​សិល្បៈ​វប្បធម៌​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ដើម្បី​ឈានទៅរក​ការថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​កេរដំណែល​ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ​ឲ្យ​បាន​គង់​វង់ សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​។​

លោកស្រី​ ភឿង ស​កុ​ណា បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ​« វប្បធម៌​ជាតិ​អាចមាន​ភាពរុងរឿង និង​ថែរក្សា​យូរអង្វែង​បាន គឺ​ដោយសារ​កម្លាំង​យុវជន​ដែល​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ស្មារតី​ស្នេហា​វប្បធម៌​ជាតិ ក្នុង​ស្រទាប់​យុវជន តាមរយៈ​ការសិក្សា​អំពី​រូបភាព និង​ខ្លឹមសារ ពិសេស​ការ​សិក្សា​អំពី​តម្លៃ​ដ៏​វិសេសវិសាល​នៃ​វប្បធម៌​ជាតិ ក៏ដូចជា​ប្រពៃណី ទំនៀមទម្លាប់ ជំនឿ​សាសនា អក្សរសាស្ត្រ អក្សរសិល្ប៍ ដែល​ជា​អត្តសញ្ញាណ និង​ជា​ព្រលឹង​របស់​ជាតិ​»​។​

ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បាន​បញ្ជាក់​ថា ស្រទាប់​យុវវ័យ​នាពេល​បច្ចុប្បន្ន​មាន ភាព​ផុលផុស​ខ្លាំង​ក្នុងការ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ទាំង​រូបី និង​អរូបី​។​

​គួរ​បញ្ជាក់ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ ​«​យុវជន ដើម្បី​វប្បធម៌​ជាតិ​» បន្ទាប់ពី​កើតឡើង​នៅ​ឆ្នាំ​២០១៥ តាម​ប្រសាសន៍​ណែនាំ របស់ ​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជំរុញឲ្យ​មាន​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​។

ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ថ្ងៃទី​៦​មីនា ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ​៤​ពាន់​នាក់​៕​