ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកធ្វើដំណើរ​ នៅតែ​បន្ត​បោះ​សំរាម​តាម​ដងផ្លូវ​ ដោយ​ពុំ​ស្តាប់​សំណូមពរ​របស់​អាជ្ញាធរ​

ភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ​ គេ​សង្កេតឃើញ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ចុះ​ធ្វើ​អនាម័យ​តាម​ដងផ្លូវ​ដោយ​គ្មាន​ពេលទំនេរ​ ព្រោះតែ​អ្នកដំណើរ​គាត់​បោះចោល​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ​បំផុត។

ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ​​ ​លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ប្រមូល​សំរាម​នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ​ដោយសារតែ​គំនរ​សំរាម​ពាសពេញ​គល់​ស្ពាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

លោក​ យ៉ិន វុ​ធ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ ជា​រៀងរាល់ថ្ងៃ​ លោក​តែង​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើ​អនាម័យ​ប្រមូល​សំរាម​តាម​ដង​ផ្លូវ​ជាតិ​លេខ​១​ ព្រំប្រទល់​សង្កាត់​និរោធ​រហូតដល់​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​

លោក​បន្តថា​ បើសិនជា​មិន​ចុះ​ប្រមូល​សំរាម​តាម​ដង​ផ្លូវ​នេះ​ទេ​ គឺ​សំរាម​ច្បាស់​ជា​គរ​ដូច​ភ្នំ​ ហើយ​ម្យ៉ាង​ទៀត​ផ្លូវជាតិ​លេខ​១​ ដែលជា​ផ្លូវជាតិ​យ៉ាង​សំខាន់​ដែល​មាន​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​ ហើយ​បើ​យើង​មិន​ថែទាំ​ទេ​នោះ​ គឺ​ខ្មាស​ភ្ញៀវ​បរទេស​ខ្លាំង​ណាស់។ ចំពោះ​សំរាម​តាម​ដងផ្លូវ​ គឺ​អ្នកធ្វើដំណើរ​ជា​អ្នក​បោះចោល​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ ​ឬ​បោះ​ទៅ​ក្នុង​ធុងសំរាម​ឡើយ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​សំណូមពរ​ដល់​អ្នក​ដំណើរ​ ពិសេស​ពេល​យប់​ សូម​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​ ព្រោះ​ជា​មុខមាត់​របស់​ប្រទេស​យើង​ កុំ​ឲ្យ​អ្នក​មកពី​ក្រៅ​គេ​រិះគន់​គ្រាន់តែ​សំរាម​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114