ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី May ឆ្ពោះទៅ EU ដើម្បី​ជំរុញ​ឲ្យ​មានការ​ទម្លាយ​ភាពជាប់គាំង Brexit

លោកស្រី​នាយករដ្ឋមន្ត្រី Theresa May បាន​វិល​ត្រលប់​ទៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​វិញ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ចាប់ផ្តើម​ការព្យាយាម​រប​ស់លោក​ស្រី​ជាថ្មី​ក្នុង​ការបើក​ឡើងវិញ​នូវ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង Brexit របស់​ចក្រភព​អង់គ្លេស​ប៉ុន្តែ​ទំនងជា​ទទួល​បានការ​ខកចិត្ត​។​

ខណៈ​នៅសល់​រយៈពេល​តិចជាង​ប្រាំមួយ​សប្តាហ៍​ទៀត​រហូតដល់​ថ្ងៃ Brexit នោះ លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​យល់ព្រម​ជួប​ជាមួយ​លោកស្រី May ម្តងទៀត​ប៉ុន្តែ​បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ទទូចថា ពួកគេ​នឹងមិន​ចាប់ផ្តើម​កិច្ចចរចា​ឡើងវិញ​ទេ​។​

លោក Juncker បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា “​ខ្ញុំ​មានការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី Theresa May សម្រាប់​ភាពក្លាហាន​និង​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី​។ យើង​នឹងមាន​ការពិភាក្សាគ្នា​ជា​មិត្តភាព​នៅ​ថ្ងៃស្អែក​ប៉ុន្តែ​ខ្ញុំ​មិន​រំពឹងថា​នឹងមាន​ការទម្លាយ​ភាពទាល់ច្រក​នោះទេ​”​។​

លោកស្រី May និង​មេដឹកនាំ​សហភាព​អឺរ៉ុប​ចំនួន​២៧​រូប​ផ្សេងទៀត​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដកខ្លួន Brexit នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំមុន​ប៉ុន្តែ​សភាជាតិ​របស់​មេដឹកនាំ​អង់គ្លេស​រូបនេះ​បាន​ច្រានចោល​វា​នៅ​ថ្ងៃទី​១៥​ខែមករា​។​

ចាប់តាំងពី​ពេលនោះ​មក លោកស្រី May និង​រដ្ឋមន្ត្រី​របស់លោក​ស្រី​បាន​ជួប​មេដឹកនាំ​សហភាព​អឺរ៉ុប​ម្តង​ហើយ​ម្តង​ទៀតហើយ​អ្នកចរចា​របស់​ពួកគេ​គឺ​លោក Michel Barnier បាន​ជំរុញ​ឲ្យ​ពួកគេ​បើក​អត្ថបទ​នេះ​ឡើងវិញ​ដើម្បី​រក​មធ្យោបាយ​ធ្វើ​ឲ្យ​សមាជិកសភា​ប្រឆាំង​អឺរ៉ុប​មាន​ភាព​ស្ងប់ចិត្ត​។​

លោកស្រី May នឹង​ព្យាយាម​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​ប៉ុន្តែ​ក្នុង​ដំណើរ​នេះ លោកស្រី​នឹងមិន​ជួប​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk ដែលជា​តំណាង​ឲ្យ​មេដឹកនាំ​របស់​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទេ​។​

ផ្ទុយទៅវិញ លោកស្រី​នឹង​ជួប​លោក Juncker និង​លោក Barnier ដែល​គ្មាន​អាណត្តិ​ពី​ក្រុមប្រឹក្សា​របស់លោក Tusk ឬ​រដ្ឋធានី​របស់​សហ​ភាព​អឺរ៉ុប​ដើម្បី​ចរចារ​កិច្ចព្រមព្រៀង​ឬក៏​កែសម្រួល​លក្ខខណ្ឌ “​អៀរ​ឡង់​”​។​

នេះ​បានផ្ដល់​ឲ្យ​ចក្រភព​អង់គ្លេស​នៅតែ​ស្ថិតក្នុង​សហភាព​គយ​របស់ EU រហូត​ទាល់តែ​វិធី​មួយ​ត្រូវបាន​រកឃើញ​ដើម្បី​ធានាថា ព្រំដែន​របស់​ប្រទេស​អៀរ​ឡង់​ជាមួយ​អៀរ​ឡង់​ខាងជើង​នៅ​បើកចំហ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114