ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ឃាត់ខ្លួន​ស្ត្រី​មេដោះ​ម្នាក់​ជុំវិញ​បទឧក្រិដ្ឋ​កម្ម​សម័យ​លោក Pinochet

ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ប្រទេស​អូស្ត្រាលី​ បាន​ចាប់ខ្លួន​ស្ត្រី​មេដោះ​ម្នាក់ ​ដែល​រស់នៅ​ក្នុងប្រទេស​នេះ​ អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មកហើយ​ បន្ទាប់ពី​ប្រទេស​ឈី​លី​ បានស្នើ​សុំ ធ្វើ​បត្យាប័ន​នាង​លើ​ការចោទប្រកាន់​ពីបទ​ចាប់ពង្រត់​និង​ធ្វើ​ទារុណកម្ម​នៅ​សម័យ Pinochet។

សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ត្រាលី (ABC) បាន​រាយការណ៍​ថា នាង Adriana Rivas សញ្ជាតិ​ឈី​លី​ធ្លាប់​ត្រូវបាន​គេ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ឈី​លីកា​លពី​ឆ្នាំ​២០០៧​ក្នុងអំឡុងពេល​វិល​ត្រលប់មក​ប្រទេស​ប៉ុន្តែ​បាន​រត់គេចខ្លួន​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​ក្នុង​ឆ្នាំ​២០១០​នៅពេលដែល​នាង​ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ​។​

មានការ​សង្ស័យថា នាង​បានធ្វើការ​នៅក្នុង​សេវា​ចារកម្ម​របស់​មេដឹកនាំ​ផ្តាច់ការ Augusto Pinochet ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​

អ្នកនាំពាក្យ​ការិយាល័យ​អគ្គរាជអាជ្ញា​អូស្ត្រាលី​បាន​និយាយថា លោកស្រី Rivas ដែល​ស្ថិតក្នុង​វ័យ​៦០​ឆ្នាំ​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​អង្គារ​។ អ្នកនាំពាក្យ​ដដែល​បាន​និយាយថា លោកស្រី​ត្រូវបាន​គេ​តាម​ចាប់​ដើម្បី​ឲ្យ​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅក្នុង​សាធារណរដ្ឋ​ឈី​លី​សម្រាប់​បទល្មើស​ចាប់ជំរិត​ធ្ងន់ធ្ងរ​។​

ដោយមាន​ការគាំទ្រ​ពី​អាមេរិក លោក Pinochet ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​២០០៦​គឺ​បាន​ផ្តួលរំលំ​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ហើយ​បាន​ដឹកនាំ​ការសម្លាប់ ការធ្វើ​ទារុណកម្ម​មនុស្ស​រាប់ពាន់​នាក់​និង​ការបាត់​ខ្លួន​ដោយ​បង្ខំ​នៅពេលដែល​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​អំពើ​ហិង្សា​ដែល​ជំរុញ​ដោយ​សង្គ្រាមត្រជាក់​។​

ប្រទេស​ឈី​លី​បាន​ស្នើសុំ​ធ្វើ​បត្យាប័ន​លោកស្រី Rivas នៅក្នុង​ឆ្នាំ​២០១៤​ពី​ទីក្រុង​ស៊ីដនី​ដែលជា​កន្លែង​នាង​បានធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នក​ថែទាំ​ក្មេង​និង​ជា​អ្នក​អនាម័យ​នៅ​តំបន់​ជាយក្រុង Bondi ។​

នៅក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៣​ជាមួយ​សារព័ត៌មាន​អូស្ត្រាលី SBS, លោកស្រី Rivas បាន​អះអាងថា លោកស្រី​គ្មាន​កំហុស​ទេ​ប៉ុន្តែ​បាន​និយាយ​ការពា​អំពី​​ការប្រើ​អំពើ​ទារុណកម្ម​នៅក្នុង​ប្រទេស​ឈី​លី​នាពេលនោះ​៕ AFP