ព័ត៍មានទាន់​ហេតុការណ៏
Search

រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ សរសើរ​ចំណងទាក់ទង​រាប់​សតវត្ស​ជាមួយ​ឥណ្ឌា

រាជទាយាទ Mohammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ ​ខណៈ​រដ្ឋាភិបាល​ទីក្រុង Riyadh ចង់​បង្ហាញថា​ខ្លួន​មិនមែនជា​ជន​ថោកទាប​អន្តរជាតិ​ទេ​បន្ទាប់ពី​ការសម្លាប់​អ្នកកាសែត​Jamal Khashoggi​ក្នុង​ខែតុលា។

ការសម្លាប់​លោក Khashoggi ដែលជា​អ្នក​រិះគន់​ព្រះអង្គម្ចាស់​នៅ​ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព​នៃ​ប្រទេស​នេះ​និង​ព្រះអង្គម្ចាស់​ដែល​កំពុង​ព្យាយាម​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ទ្វីបអាស៊ី​ដើម្បី​បង្ហាញថា ព្រះអង្គ​នៅតែមាន​សម្ព័ន្ធមិត្ត​។​

ព្រះអង្គម្ចាស់ Mohammed បាន​ព្យាករណ៍​ថា រឿង​ល្អៗ​នឹង​កើតចេញពី​ការចរចា​ជាមួយ​មេដឹកនាំ​ឥណ្ឌា​នៅពេល​ព្រះអង្គ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​នៅ​ថ្ងៃ​ពុធ​។​

រាជទាយាទ​មានបន្ទូល​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ទៅកាន់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ពិធី​ស្វាគមន៍​យ៉ាង​ពេញទំហឹង​នៅក្នុង​ទីក្រុង Delhi ថា “​ថ្ងៃនេះ យើង​ចង់​បញ្ជាក់ថា ទំនាក់ទំនង​នេះ​ត្រូវបាន​រក្សា​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​សម្រាប់​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​”​។​

ព្រះអង្គ​មានបន្ទូល​បន្ទាប់ពី​ពិនិត្យមើល​ឆ្មាំ​កិត្តិយស​នៅ​វិមាន​ប្រធានាធិបតី​ថា “​ខ្ញុំ​ជឿជាក់ថា​យើង​អាចបង្កើត​រឿង​ល្អៗ​សម្រាប់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​ឥណ្ឌា​”​។​

រាជទាយាទ​មានបន្ទូលថា ប្រទេស​ទាំងពីរ​គឺ​ស្ថិតនៅក្នុង “DNA” របស់​គ្នា​ទៅវិញទៅមក​ដោយ​ព្រះអង្គ​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ពលកម្ម​និង​អ្នកជំនាញ​ឥណ្ឌា​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​អស់​រយៈពេល​ជាង​៧០​ឆ្នាំ​មកហើយ​ក៏ដូចជា​វត្តមាន​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដ៏​យូរអង្វែង​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​។​

ព្រះអង្គម្ចាស់ Mohammed បានមក​ដល់​នៅ​ល្ងាច​ថ្ងៃ​អង្គារ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣៦​ម៉ោង​ដែល​ត្រូវបាន​គ្របដណ្តប់​ដោយ​ទំនាក់ទំនង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ដំណើរ​នេះ​ត្រូវបាន​រំខាន​ដោយ​ការកើនឡើង​នូវ​ភាព​តានតឹង​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​លើ​ការវាយប្រហារ​អត្តឃាត​មួយ​នៅ​តំបន់​កា​ស្មៀ​។​

ការវាយប្រហារ​កាលពី​សប្តាហ៍​មុន​បាន​បណ្តាល​ឲ្យ​ទាហាន​ប៉ា​រ៉ា​ឥណ្ឌា​យ៉ាងតិច​៤០​នាក់​ស្លាប់​ហើយ​ប្រទេស​ឥណ្ឌា​បាន​បន្ទោស​ប៉ា​គី​ស្ថាន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114