ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី​ប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​ឆ្នាំ​២០១៩ ប្រកាស​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​ចូលរួម​

«​ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​ឆ្នាំ​២០១៩» ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​ក្លិប​បាល់ទាត់​បឹងកេត បានប្រកាស​ទទួល​ចុះឈ្មោះ​ក្រុម​ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​យក​ជើងឯក ដោយ​ក្នុងនោះ​ក្រុម​ដែល​អាចដាក់​ពាក្យ​ចូលរួមបាន​គឺជា​សមាជិក​គ្រឹះស្ថាន​អប់រំ​ចំណេះដឹង​ទូទៅ​រដ្ឋ​និង​ឯកជន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​។

យោង​សេចក្តី​ជូនដំណឹង មូលហេតុ​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​ឡើង​គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​សកម្មភាព​រស់រវើក​និង​រីកចម្រើន​កាន់តែ​ប្រសើរ​ខ្លាំងក្លា​បន្ថែម​ទៀត​សំដៅ​បណ្តុះ​ស្មារតី​ឲ្យ​ស្រលាញ់​កីឡា សុខភាព ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន សម្រិតសម្រាំង​ធនធាន​កីឡាករ​បន្ត​វេន​ព្រមទាំង​រឹតចំណង​មិត្តភាព សមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម សិស្សានុសិស្ស តាម​វិទ្យាល័យ​នានា ទាំង​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ​រដ្ឋ​និង​ឯកជន​។ ម្យ៉ាង​ពានរង្វាន់​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផងដែរ​។

​យ៉ាង​ណា​ក្តី​ពានរង្វាន់​ដែល​បង្កើតឡើង​ដំបូង​នេះ​តម្រូវ​ឲ្យ​មាន​ក្រុម​ចូលរួម​តែ​១០​ក្រុម​ប៉ុណ្ណោះ ខណៈ​ចុះឈ្មោះ​ដំបូង​ គឺ​ត្រូវ​បង់ប្រាក់​២​លាន​រៀល ហើយ​ត្រូវ​តម្កល់​ប្រាក់​២​លាន​រៀល​ទៀត (​ប្រាក់​តម្កល់​នេះ​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​វិញ​ក្រោយ​ចប់​ព្រឹត្តិការណ៍​ប្រកួត​)​។ ចំណែក​កាលបរិច្ឆេទ​នៃ​ការប្រកួត​គឺ​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​២៥ ខែមេសា ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ (​ដោយយោង​លើ​ការ​ដាក់​ពាក្យ​លើស​ចំនួន​កំណត់​និង​រៀបចំ​ការប្រកួត​ជំ​រុះ​)​។

ចំណែក​រង្វាន់​សម្រាប់​ក្រុម​ជ័យលាភី​ចំណាត់ថ្នាក់​១​នឹង​ទទួល​បាន​ពានរង្វាន់​១ និង​មេដាយមាស​លើកទឹកចិត្ត​អមដោយ​ទឹកប្រាក់​៦០​លាន​រៀល ហើយ​ក្រុម​ជើងឯក​រង​នឹង​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១​អប​ដោយ​ថវិកា​ចំនួន​៤០​លាន​រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ អមដោយ​ថវិកា​ចំនួន​២០​លាន​រៀល។

ចំពោះ​ក្រុម​ដែល​ចាប់អារម្មណ៍​ចង់​ដាក់ពាក្យ​ចូលរួម​ប្រកួត​សូម​ទាក់ទង​ទៅកាន់​ការិយាល័យ​ប្រកួត​របស់​គណៈកម្មការ​ប្រកួត​ស្ថិតនៅ​ការិយាល័យ​ក្លិប​បាល់ទាត់​បឹងកេត ក្នុង​បុរី​សាន់វ៉េ​ទួលគោក ផ្ទះ​លេខ​បេ​០១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ 097548 7777/078 333749 ឬ​តាម​សា​អេ​ឡិ​ក​ត្រូ​និ​ច info@boeungketfc.com៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114