ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ស្រាំង ទិ​ត្យ​ឈី និង​ក្លិប​ភ្នំពេញ​ក្រោ​ន ប្រកាស​ចែកផ្លូវ​គ្នា​មុន​រដូវ​កាល​ថ្មី​មកដល់​

កីឡាករ ស្រាំង ទិ​ត្យ​ឈី ដែល​ដុះ​ចេញពី​ក្រុម​ថ្នាល​យុវជន​របស់ ក្លិប​ភ្នំពេញ​ក្រោ​ន​ម្ចាស់​ជើងឯក​៦​ស​ម័យ​កាល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​ថ្មីៗ​នេះ​ថា​ខ្លួន​បានសម្រេច​ចែកផ្លូវ​ជាមួយ​ក្លិប​ហើយ ខណៈ​រូប​ក៏​មិនមាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចាកចេញ​ក៏ដូចជា​បង្ហាញ​ពី​ទ្រនំ​ថ្មី​របស់ខ្លួន​នោះដែរ​។

កីឡាករ ស្រាំង ទិ​ត្យ​ឈី ដែលមាន​ប្រភព​មកពី​ខេត្តស្ទឹងត្រែង បាន​សរសេរ​ខ្លឹមសារ​រួម​ថា «​វា​គឺជា​ពេលវេលា​មួយ​ដល់​ពិបាក​ក្នុង​និយាយ​ពាក្យ​ថា​”​លា​ហើយ​”​ទៅកាន់​ក្លិប​ដែល​បាន​បណ្ដុះបណ្ដាល​និង​ខិតខំ​បី​បាច់​ថែរក្សា​ខ្ញុំ​តាំងពីរ​តូច​មក​អស់​រយៈពេល​7​ឆ្នាំ​៤​ខែ​១៣​ថ្ងៃ​។ ខ្ញុំ​គ្មានអ្វី​ក្រៅ​ពី​ពាក្យ​ថា​ អរគុណ​ទៅកាន់​ក្លិប​សម្រាប់​រយៈពេល​កន្លង​មក។​ សូម​អរគុណ​ទៅដល់​ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន លោក​ឧក​ញ្ញ៉ា រិទ្ធី សំណាង អរគុណ​ទៅ​អ្នកគ្រប់គ្រង​ក្លិប មិត្ត​រួម​ក្រុម និង​បុគ្គលិក​ការងារ​ទាំងអស់​។ ​វា​ពិបាក​ក្នុង​ការ​ទទួលយក​រឿង​មួយ​នេះ ​ប៉ុន្ដែ​នេះ​គឺ​បាល់ទាត់​វា​អាច​កើតឡើង​បាន​គ្រប់ពេលវេលា​។​ ដូច្នេះ​ខ្ញុំ​គោរព​ការសម្រេចចិត្ត​របស់ខ្ញុំ​ផ្ទាល់​ក៏ដូចជា​ការសម្រេច​របស់​ក្លិប​។​អរគុណ​ដល់​ការ​គាំទ្រ​និង​អ្នកគាំទ្រ​អស់​គ្នា​»​។

ចំណែក​ក្លិប​ភ្នំពេញ​ក្រោ​ន វិញ​បាន​ប្រកាស​ពី​ការចាកចេញ​របស់​កីឡាករ ស្រាំង ទិ​ត្យ​ឈី ដែរ​ដោយ​ក្លិប​បញ្ជាក់​ថា ​រូបគេ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ជាមួយនឹង​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន និង​ដោយ​មានការ​ព្រមព្រៀងគ្នា​ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ជា​ស្ថាពរ។ យ៉ាងណាក៏ដោយ​ឈរ​លើ​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ភាគី​ក្លឹប និង​សាមីខ្លួន បានសម្រេច​មិន​លើក​បង្ហាញ​មូលហេតុ​ទាំង​នោះឡើយ ហេតុនេះ សូម​សាធារណជន​ជាពិសេស​អ្នកគាំទ្រ​មេត្តា​យោគយល់​ដោយ​ក្តី​អនុគ្រោះ​។

​កីឡាករ ស្រាំង ទិ​ត្យ​ឈី គឺជា​អតីត​យុវជន​ថ្នាល​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ រូបគេ​ត្រូវ​បាន​ក្លិប​ដំឡើង​ឲ្យ​លេង​ក្នុង​ក្រុម​ឈុត​ធំ​មុននឹង​ផ្ទេរ​ទៅ​ក្លឹប​វិសាខា​កាលពី​ឆ្នាំ​២០១៧ តាមរយៈ​កិច្ចសន្យាខ្ចី​ជើង​រយៈពេល ១​ឆ្នាំ ហើយ​នៅ​គ្រានោះ​រូបគេ​បាន​ក្លាយជា​ផ្នែក​មួយ​បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​លីគ​លំដាប់​ទី២​ផង​ដែរ​៕