ព័ត៍មានទាន់​ហេតុការណ៏
Search

AFF U22 ៖​ ក្រុម U22​កម្ពុជា កក់​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា

ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា (U22) បាន​កក់​កៅអី​ឡើង​ទៅលេង​ក្នុង​វគ្គ​បន្ត​ ដែលជា​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ប្រកួត​ឈ្នះ​២​លើក​ជាប់​គ្នា ​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship​នៅ​ឆ្នាំ ២០១៩ កំពុង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ទោះបីជា​នៅសល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏ដោយ​។

ប្រកួត​លើ​ទី​២​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល​២​ទល់​០ ក្នុង​វគ្គ​ជម្រុះ​ពូ​ល B​។ ជ័យជម្នះ​នេះ​ក្រុម​កម្ពុជា រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ យើ​ស សា​ហ្វី និង​កីឡាករ ស៊ិន សូ​ផា​ណាត​។ ចំណែក​លទ្ធផល​១​គូ​ទៀត​ក្នុង​ពូ​ល B ដូចគ្នានេះ​គឺ​ក្រុម​ម៉ាឡេស៊ី បាន​ប្រកួត​ស្មើគ្នា​២​ទល់​២ ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​។

ចំពោះ​តារាង​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្រោយ​ប្រកួត​បាន​ម្នាក់​២​លើក​មក ពូ​ល A វៀតណាម ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ថៃ តែ​ឈ្នះ​ត្រង់​គ្រាប់​បាល់​ចំណេញ​(​ទាត់​ចូល​ទី​គេ​ច្រើនជាង​) ចំណែក​ក្រុម​ហ្វីលីពីន ឈរ​លេខ​៣​ហើយ​ទី​ម័​រ​ខាងកើត លេខ​៤​មិនទាន់មាន​ពិន្ទុ​ដូចគ្នា​។ ងាក​មក​ពូ​ល B វិញ​ក្រុម​កម្ពុជា ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ ហើយ​ក្រុម​ឥណ្ឌូណេស៊ី ឈរ​លេខ​២ ក្រុម​ម៉ាឡេស៊ី ឈរ​លេខ​៣ មាន​១​ពិន្ទុ​ដូចគ្នា​និង​ក្រុម​ម៉ាឡេស៊ី ឈរ​លេខ​៤​បាត​តារាង​។​

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​គឺ​ពូ​ល A នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​វៀតណាម ប៉ះ​ថៃ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល ហើយ​ក្រុមទី​ម័​រ​ខាងកើត ជួប​ក្រុម​ហ្វីលីពីន នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​។ ចំណែក​ពូ​ល B វិញ​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ក្រុម​ម៉ាឡេស៊ី ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ម៉ោង​៣:៣០​នាទី​រសៀល ហើយ​កម្ពុជា ទទួល​ឥណ្ឌូណេស៊ី នៅ​ម៉ោង​៦និង៣០​នាទី​ល្ងាច​។

​សូម​បញ្ជាក់​ថា ​ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុងនោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។

ចំពោះ​ភាគី​កម្ពុជា​វិញ​ បាន​ប្រមូល​ផ្តុំ​កីឡាករ​មួយរយៈ​មក​ហើយ ដែល​មាន​សមាជិក​៥៤​នាក់​មុន​ជម្រុះ​សល់​២៣​នាក់​ មុន​ការប្រកួត​មកដល់​។ ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោក Felix Dalmas ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ជា​ដៃស្តាំ​រ​បស់​កីឡាករ​និង​អ្នកចាត់ការ​ទូទៅ​ក្រុម Keisuke Honda របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕