ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គស្នងការ​នគរបាល​ជាតិ​ បូកសរុប​លទ្ធផល​ការងារ ​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨និង​៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០៨ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០១៩ ដែល​សន្និបាត​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព ​ឯកឧត្ដម​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចូលរួម​ពី​សំណាក់​ស្នងការ ស្នងការ​រង តាម​បណ្តា​រាជ​ធានី ខេត្ត និង​អ្នក​ពាក់ព័ន្ធ​យ៉ាងច្រើន​។​

​តាម​របាយការណ៍​បូកសរុប​លទ្ធផល​បាន​ឲ្យ​ដឹងថា រយៈពេល​មួយឆ្នាំ​កន្លងទៅ សភាពការណ៍​សកលលោក​មានការ​ប្រែប្រួល ស្មុគស្មាញ ប្រកបដោយ​ហានិភ័យ ដូចជា​វិវាទ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ សង្គ្រាម​ពាណិជ្ជកម្ម ជម្លោះដែនសមុទ្រ សង្គ្រាមស៊ីវិល​ក្រោម​ឥទ្ធិពល ​នៃ​ការដណ្ដើម​យក​ឧត្ដមភាព​ខាង​យោធា ដូចជា​ភូមិសាស្ត្រ​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​ជាដើម​។ នៅក្នុង​ស្ថានការណ៍​នេះដែរ​ការវាយប្រហារ​ដោយ​ភេរវកម្ម​នៅតែ​បន្ត​មាន​កំណើន និង​បានធ្វើ​ឲ្យ​ប្រទេស​ចំនួន​៥៤ នៅ​អឺរ៉ុប​អាស៊ី និង​មជ្ឈិមបូព៌ា ទទួលរង​នូវ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​សាធារណៈ ព្រមទាំង​បំផ្លាញ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​។​

​តាម​របាយការណ៍​ដដែល ឆ្នាំ​២០១៨ សភាពការណ៍​ជារួម​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ មាន​សុខ​សន្តិភាព ដោយ​ទប់ស្កាត់ និង​បញ្ចៀស​បាន​នូវ​អំពើ​ភេរវកម្ម ការពារ​បាន​នូវ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការពារ​រឹងមាំ​នូវ​ឯករាជ្យ​ជាតិ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ជាពិសេស​បានរៀបចំ​កា​របោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ប្រកប​ដោយ​ជោគជ័យ​មាន​អំពើហិង្សា និង​ការ​គំរាមកំហែង បើទោះបីជា​ក្រុមប្រឆាំង​ក្រៅច្បាប់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ប្រើប្រាស់​គ្រប់​ល្បិច​ប៉ុនប៉ង​បំផ្លាញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​យ៉ាងណាក៏ដោយ ក៏​ឧបាយកល​ទុច្ចរិត​ទាំងនោះ ត្រូវបាន​ទប់ស្កាត់ និង​បន្សាប​ឥទ្ធិពល​បាន​ទាន់ពេលវេលា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114