ព័ត៍មានទាន់​ហេតុការណ៏
Search

សំណាង​១​ក្នុង​១០០​គ្រោះថ្នាក់ ​ដឹក​អីវ៉ាន់​​ពេញ ចុះ​ពី​ច្រក​អន្តរជាតិ​ជាំ ជាន់​ហ្វ្រាំង​មិន​ស៊ី​ ​ធ្លាក់​ផ្លូវ​ក្រឡាប់​ តៃកុង​របួស​ស្រាល​

ឧ​ត្ត​រ​មានជ័យ​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​67B ត្រង់​ចំណុច​ខាងលើ​រូបចម្លាក់​យាយ​ម៉ៅ ​កាលពី​វេលា​ម៉ោង​០៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដោយ​​រថយន្ត​១​គ្រឿង​បាន​ក្រឡាប់​​ ចាក់​អីវ៉ាន់​ពេញ​ព្រៃ តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​គ្រាន់តែ​រង​របួស​បន្តិចបន្តួច។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត ឈ្មោះ ទិ​ត្យ វ៉ែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង បាន​បើក​រថយន្ត​NISSAN ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP9067 ដឹក​អីវ៉ាន់​ចាប់ហួយ ពី​ច្រក​អន្តរជាតិ​ជាំ ដល់​ចំណុច​កើតហេតុ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី បណ្តាលឲ្យ​ធ្លាក់​ផ្លូវ​ ហើយ​ក្រឡាប់ (​អ្នកបើកបរ​របួសស្រាល)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន រថយន្ត​ ត្រូវ​បាន​សាមី​ខ្លួន​យក​រថយន្ត​មក​ស្ទូច​ទៅ​ធ្វើ​នៅ​ស្រុក​អន្លង់វែង៕