ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ជួប កែវ កាង​វ៉ាន ឯ ខាំ ផាន្នី ជួប យិ​ម​វ៉ាន​ហ្វា​និមិត្ត នៅ​សង្វៀន​ខា​រ៉ា​បាវ​ស្ទឹង​មាន​ជ័យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ផល សោ​ភ័​ណ្ឌ និង ខាំ ផាន្នី នឹង​ត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃអាទិត្យ​ ទី​២៤​ ខែ​កុម្ភៈ ឆ្នាំ​​២០១៩​នេះ នៅលើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹង​មាន​ជ័យ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នោះ គឺ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ ​កែវ កាង​វ៉ាន ភ្រី​វ​វ៉ា​យ៉ូ​(Kev Karngvan Privwa ryo)​ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៥ គីឡូ​ក្រាម។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លងមក។​

កែវ កាង​វ៉ាន គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦២​លើក ចាញ់​១៦​លើក និង​ស្មើ​០១​លើក។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​។ ​អ្នក​ប្រដាល់ ​កែវ កាង​វ៉ាន​ នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំង ដែល​ សោ​ភ័​ណ្ឌ មិនអាច​មើលស្រាល​គេ​បានឡើយ។​

ផល សោ​ភ័​ណ្ឌ គេ​ក៏មាន​ផ្លែ​ល្អ​ដែរ ពិសេស​គឺ​ផ្លែ​កែង និង​កណ្ដាប់ដៃ ហើយ​សោ​ភ័​ណ្ឌ ​នៅមាន​ស្នៀត​ទាត់​ល្អ​ខ្លាំង ​និង​ធ្ងន់​ថែមទៀត។ ​ឯ បញ្ហា​កម្លាំង​ស៊ុ​ហ្វ​វិញ សោ​ភ័​ណ្ឌ ​ក៏​រឹងមាំ​មិន​ងាយ​ស្រុត​ខ្សោយ​នោះ​ទេ។​ ផល សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​មិនតិចជាង​១០០​លើក​នោះទេ។ សោ​ភ័​ណ្ឌ​ មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៣៧​លើក ក្នុងនោះ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​១២១​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤៤​លើក។ ប្រកួត​ជា​មួយ​ថៃ​លើកចុងក្រោយ​នេះ សោ​ភ័​ណ្ឌ​ វាយ​ឈ្នះ​អេក​អាំ​នួ​យ ឆ​.​ឈោ​ក​អាំ​នួ​យ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០១​កុម្ភៈ​កន្លងមកនេះ។

ទោះជា​យ៉ាងណា ផល សោ​ភ័​ណ្ឌ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​កែវ កាង​វ៉ាន​នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា សោ​ភ័​ណ្ឌ​ ឈ្នះ​ក្នុងការ​ប្រកួត​នេះ​ទេ។ ចាំមើល តើ​ផល សោ​ភ័​ណ្ឌ​ ឈ្នះ​ឬមួយ​ក៏​ កែវ កាង​វ៉ាន ឈ្នះ​សម្រាប់​ការជួបគ្នា​នេះ?។​

កែវ កង​វ៉ាន គេ​ល្អ​និង​វាយ​ខ្លាំង​គួរសម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​លើក​ចុង​ក្រោយ​នេះ គឺ​វាយ​ចាញ់​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ។​

ខាំ ផាន្នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យិ​ម​ហ្វា​ន សរ​.​ចាន​ស៊ី​ង​ហា​(Yimfarn Sor.Charnsingha) ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម។
​ ​
ផាន្នី គេ​ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​ដែរ​។​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។ នេះ​ជា​លើក​ទី​៤ ដែល​ខាំ ផាន្នី ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដែល​ការជួប​៣​លើក​កន្លងមក គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាល្លឺម៉ង់​Ali ទឹក​ទី​៣ បន្ទាប់មក​ចាញ់​Erhan Gungor(​អាល្លឺម៉ង់​)​ទឹក​ទី​៣​វិញ និង​ចុងក្រោយ​វាយ​ចាញ់​ថៃ​Kong Thailen ក្នុង​ទឹក​ទី​៣​ទៀត​។​

យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ គេ​មិនអាច​ទាយ​មុន​ថា ខាំ ផាន្នី ចាញ់​យិ​ម​ហ្វា​ន សរ​.​ចាន​ស៊ី​ង​ហា ទៀត​នោះឡើយ។ អ្នក​ប្រដាល់​រូបនេះ គេ​ទើប​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៥​លើក​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​២១​លើក និង​ចាញ់​៤​លើក។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី នឹង​ជួប​ប្រកួត​ជាមួយ​កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម​។​ ពួកគេ​ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ ទោះជា​យ៉ាងណា មាឃ សុវណ្ណារ៉ា ប្រហែលជា​មិនអាច​ឈ្នះ​កំពែង ខ្មៅ នោះឡើយ។​

ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០គីឡូក្រាម។ អ្នក​ទាំងពីរ ក៏​មិន​ធ្លាប់​ដែល​ប៉ះគ្នា​ដែរ​កន្លង​មក។ រីឯ ឈួន ភារៈ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ធូ សារ៉ាត់ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៤៨​គីឡូក្រាម៕