ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​សព​កំលោះ​ជនបទ ស្លាប់​ដោយ​លង់ទឹក​

​កំពង់ចាម ៖ សព​យុវជន​ម្នាក់​ ត្រូវបាន​ប្រជាជន​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ទឹក នៅ​ចំណុច​បឹង​ជាល​មាស​ ស្ថិតនៅ​ក្រោយ​ភូមិ​អណ្តូង​ដៃ ចម្ងាយ​ប្រហែល​១.៥០០​ម៉ែត្រ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ សព​ជនរងគ្រោះ ឈ្មោះ​ ពៅ ឧសភា ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្រឡៅ ឃុំ​បារាយណ៍ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម។

ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ ដើម្បី​បង្កើត​គណៈកម្មាធិការ​ពិនិត្យ​សាកសព​ និង​បាន​ធ្វើ​ការសាកសួរ​ម្តាយ​បង្កើត​ ឈ្មោះ​ ផុន ភឿន​ អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្រឡៅ​ ឃុំ​បារាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម គាត់​បាន​បញ្ជាក់​ថា ​កូន​របស់​គាត់​ធ្លាប់​មាន​ជំងឺ​ប្រកាច់ ជា​ញឹកញាប់។

បន្ទាប់មក​គណៈកម្មាធិការ​បាន​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា​ សព​ពិតជា​ជនរងគ្រោះ​ពុំ​មាន​ស្លាក​ស្នាម​អ្វី​គួរកត់សំគាល់​ឡើយ ​គឺ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ និង​ពុំមាន​ការ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​

ប៉ូលិស​បន្ត​ថា​ ក្រោយពី​ពិនិត្យ​សព​រួច ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕