ព័ត៍មានទាន់​ហេតុការណ៏
Search

អូឡាំពិក​ បើក​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨​ និង​ទិសដៅ​ឆ្នាំ​២០១៩

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១​កុម្ភៈ​នេះ បាន​បើក​ធ្វើ​មហា​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​បូកសរុប​លទ្ធផល​ការងារ​មួយឆ្នាំ​២០១៨ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​នេះ ។​

មហាសន្និបាត បាន​ប្រព្រឹត្តទៅ​ក្រោម​វត្ថ​មាន​របស់ លោក ​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​ក្នុង​អូឡាំពិក​ និង​មិន​អូឡាំពិក។

មហាសន្និបាត​នេះ​ក៏មាន​ការចូលរួម​ពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា គណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ក្រុម ប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ។​

ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ សហព័ន្ធ​ជាតិ​ចំនួន​២​ បាន​បង្កើតឡើង​ និង​បានទទួល​ស្គាល់​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​គឺ​សហព័ន្ធ​ប៊ីយ៉ា​ស្នូកឃ័រ និង​សហព័ន្ធ​កីឡា​លើក​ទម្ងន់។​

សហព័ន្ធ​ជាតិ​ចំនួន​១៣​ត្រូវបាន​បន្ត​ទទួលស្គាល់ សហព័ន្ធ​ចំនួន​៥​អស់​សុពលភាព​ដោយសារតែ​មិន​ធ្វើ​មហាសន្និបាត​បន្ត​អាណត្តិ។​

ថ្លែង​បើក​មហាសន្និបាត លោក​ ថោង ខុន បាន​បញ្ជាក់ថា ឆ្នាំ​២០១៨​ ជា​ឆ្នាំ​ នៃ​របត់​កំណែទម្រង់​ នៃ​របប​គ្រប់គ្រង​វិស័យ​កីឡា​ជាតិ និង​សហព័ន្ធ​កីឡា​ជាតិ។ អ្វីដែល​ដែល​ត្រូវ​ជម្នះ​បាន​នូវ​ឧបសគ្គ​ទាំង ឡាយ ដែល​រាំងស្ទះ​ដំណើរការ​វិវត្តន៍​នៃ​វិស័យ​កីឡា គឺ​មានតែ​ការរួម​គិត រួម​ធ្វើ និង​រួម​ទទួលខុស ត្រូវ​តាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​តាម​គោលនយោបាយ​ជាតិ ស្ដីពី​វិស័យ​អប់រំ​កាយ​ និង​កីឡា ពិសេស​អនុវត្ត​ឲ្យ​បាន​តាម​ផែនការមេ ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ ទើប​បេសកកម្ម​របស់​យើង ឆ្ពោះទៅរក​ភាពជោគជ័យ​បាន។

លោក​ប្រធាន​អូឡាំពិក​បន្តថា យើងទាំងអស់គ្នា​ជាម​ហា​គ្រួសារ​កីឡា​ជាតិ​ជា​អង្គការ​កីឡា​ជាតិ ស្ថាប័ន​កីឡា​ជាតិ ដែលមាន​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​លើ​ជោគវាសនា​កីឡា​ជាតិ​ទៅ​ថ្ងៃ​អនាគត ពិសេស​លើ​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី 32 ឆ្នាំ 2023 ។

​អ្វីៗ​ជា​សមិទ្ធផល​នេះ គឺជា​សច្ចៈ​ភាព​ប្រវត្តិសាស្ត្រ​ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ដោយ​ឆន្ទៈ​មោះមុត​ និង​មាន​មោទនភាព​បំផុត ប៉ុន្តែ​យើង​ក៏ត្រូវ​ស្វែងយល់ឲ្យ​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត និង​ឧបសគ្គ​នានា ដែល​រាំងស្ទះ​ដំណើរ​ការកសាង​គុណភាព សមត្ថភាព​និង​ឧត្ដមភាព​កីឡា​ជាតិ​ឆ្ពោះទៅ​ជោគជ័យ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ 2023។​

ចាប់ពីពេលនេះ​តទៅ ត្រូវ​រួមគ្នា​ហ៊ាន​និយាយ​ការពិត ​និង​បកស្រាយ​អាថ៌កំបាំង​នានា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិក្រម​ទាំង 5 របស់​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ និង​រាជរដ្ឋាភិបាល ​គឺ​ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល ​និង​វះកាត់​ ដើម្បី​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​កីឡា​។ ​ឲ្យ​បាន​ជោគជ័យ “​កែទម្រង់​រស់ មិន​កែទម្រង់​ស្លាប់​”​។​ មហាសន្និបាត​យើង​ពេលនេះ ត្រូវ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ឧបសគ្គ​ពិនិត្យ​រោគ​ជាច្រើន​នៅ​រាល់​ទម្រង់ ​នៃ​មេរោគ​ជំងឺ​រ៉ាំរ៉ៃ ដើម្បី​ត្រៀម​ដាក់​ថ្នាំ​ព្យាបាល​និង​វះកាត់​។ ​ពិសេស​យកចិត្តទុកដាក់​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ មន្ត្រី​កីឡា គ្រូបង្វឹក និង​កីឡាករ កីឡា​ការិនី ជា​អាទិភាព ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​កីឡា​ផង និង​ជា​ក្តីសង្ឃឹម​ជោគជ័យ​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣​ផង​។​

លោក​ ថោង ខុន បញ្ជាក់ថា អ្វីៗ​ទាំងអស់នេះ​អាច​ទទួលបាន​ការរីក​ចម្រើន​ គឺ​ពិតជា​បានមកពី​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​រាជរដ្ឋាភិបាល ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា សហព័ន្ធ​កីឡា​ជាតិ ​និង​បានការ​យកចិត្តទុកដាក់​ក្នុងការ​ជំរុញ​វិស័យ​កីឡា​ជាតិ​បាន​សហការ​យ៉ាង​កក់ក្ដៅ ​និង​ជិតស្និទ្ធ ស្មារតី​កីឡា​ជាតិ​តែមួយ ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ធ្វើ​ឲ្យ​កីឡា​កម្ពុជា​កាន់តែ​រឹងមាំ ​និង​មាន​មោទនភាព​ជាតិ​យ៉ាង​ខ្លាំង​ តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ ការប្រកួត​កីឡា​អាស៊ី​ជាដើម​។​

ជាទូទៅ​គ្រប់​ចលនា​កីឡា​មាន​ភាព​ផុលផុស​ និង​មានការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​មាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ យន្តការ​សម្របសម្រួល ​ត្រូវបាន​ថ្នាក់ដឹកនាំ​ចាត់ទុកជា​អាទិភាព​ក្នុង​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​ការងារ​កីឡា​ និង​ការកសាង​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​តែមួយ​។​

ជាមួយនឹង​ការ​ថ្លែង​បើក​មហាសន្និបាត​របស់​ប្រធាន​អូឡាំពិក​នោះ អង្គ​មហាសន្និបាត បាន​ពិនិត្យ​មើល​របាយការណ៍​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩ ដែល​បានបង្ហាញ​ពី​ការត្រៀម​លក្ខណៈ​ចូលរួម​កីឡា SEA Games លើក​ទី​៣០ ​ឆ្នាំ​២០១៩​ នៅ​ប្រទេស​ហ្វីលីពីន ព្រមទាំង​ពិភាក្សា​ពី​គម្រោង​ផែនការ​សហព័ន្ធ​កីឡា​ជាតិ​សម្រាប់​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ៕