ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ ប្រកាស​ពី​ការ​បន្ដ​គាំទ្រ ការពារ​និង​បន្ដ​ធ្វើជា​ដៃគូ​ដ៏​ល្អ ចំពោះ​វិស័យ​ឯកជន ផ្នែក​ឧស្សាហកម្ម សំណង់ ដើម្បី​អភិវឌ្ឍ​​​សង្គមជាតិ​ឲ្យ​មានការ រីកចម្រើន

ភ្នំពេញ ​៖​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា បន្ដ​គាំទ្រ​និង​ការពារ​ជានិច្ច ហើយ​នៅតែ​បន្ដ​ធ្វើជា​ដៃគូ​ ដ៏​ល្អ ចំពោះ​វិស័យ​ឯកជន ផ្នែក​ឧស្សាហកម្ម សំណង់ ដើម្បី​អភិវឌ្ឍ​​​សង្គមជាតិ​ឲ្យ​មានការ រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ខណៈ​សេដ្ឋកិច្ច​កម្ពុជា កំពុង​ងើបឡើង​យ៉ាង​គំហុក នៅ​ឆ្នាំ​២០១៩​នេះ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បែបនេះ​កាលពី​រសៀល​ថ្ងៃ​អង្គារ ១៥ កើត ខែមាឃ ឆ្នាំច​សំរឹទ្ធ​ស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខណៈ​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ខួប ៥ ឆ្នាំ​នៃ​ការ​ដាក់​ឲ្យ ដំណើរការ​រោងចក្រ​phnom penh precast plants​ផ្នែក​សំណង់ ផលិត​បង្គោល​ភ្លើង លូ គ្រឹះ​បេតុង និង​គ្រឿងសំណង់​ជាច្រើន​មុខ​ទៀត ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង បាន​ថ្លែង​ការ​គាំទ្រ និង​អបអរសាទរ ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​phnom penh precast plants​ក្នុងការ​បណ្ដាក់ ទុនវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​និង​ការ​អភិវឌ្ឍ​​ផ្នែក​សាធារណៈ​ក៏ដូចជា ឯកជន​នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការរួមចំណែក​ក្នុង​ភាពជា​ដៃគូ​ រវាង​ស្ថាប័នរដ្ឋ​និង​វិស័យ ឯកជន​អស់​រយៈពេល ៥ ឆ្នាំ​កន្លង មកនេះ។

លោក​បន្ត​ថា ការ​ជួប​ជុំគ្នា​ពេលនេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ការចូលរួម​អបអរសាទរ​ខួប ៥​ឆ្នាំ​នៃ​ការដាក់​ដំណើរការ​រោងចក្រ phnom penh precast plants និង​គាំទ្រ ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក នៅ​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ នូវ​ភាពជោគជ័យ នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទាំង​ការវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត​និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន ធុរជន ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ ដែល​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​សមស្រប​ទៅនឹង​ការកើនឡើង នូវ​ចំណូល​ប្រចាំខែ​របស់​ប្រជាពលរដ្ឋ​ម្នាក់ ម្នាក់​សំដៅ​រួមចំណែក​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស៊ី​វិ​ល័យ​បន្ថែមទៀត​។​

លោក ឃួ​ង ស្រេង បាន​បន្ដ​ថា នា​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា បាន​និង​កំពុង​រីករាយ​ទទួល​នូវ មនុញ្ញផល​នៃ​ការ​អនុវត្ត​​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឈរ​លើ​មូលដ្ឋាន​សសរស្ដម្ភ​ទាំង​បួន​នៃ​កំណើន រួមមាន​វិស័យ​កសិកម្ម​ឧស្សាហកម្ម​សំណង់​និង​ទេសចរណ៍ ដែល​ជា​របៀបវារៈ នៃ​ការ​អភិវឌ្ឍ​និង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់ ៧% ព្រមទាំង​សម្រេច​បាន​នូវ​បង្គោល​គោចរ ការ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៥​នឹង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​នៅ​ឆ្នាំ ២០១៦ ព្រមទាំង​កំពុង​ស្ថិត​ក្នុង​គន្លង​ប្រែក្លាយ​ទៅជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​ខាងមុខនេះ។

លោក​បាន​បន្ដថា ជាការ​ពិតណាស់​សេដ្ឋកិច្ចកម្ពុជា​នៅមាន​សក្កដានុពល​រីកលូតលាស់​និង​មាន​កាលានុវត្តភាព​ក្នុង​ការធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ជាច្រើន​ដែល​នេះ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា ពេលបច្ចុប្បន្ន​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​មាន​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​ជាពិសេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​អតិផរណា​ទាប​ជាក់ស្តែង​នាពេល​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទប់ស្កាត់​និង​បញ្ចៀស​បាន​យ៉ាង​ជោគជ័យ​នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​នៅ​កម្ពុជា​ដែល​អាច​បង្ក​អោយ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​និង​បង្កើត​សោកនាដកម្ម​ដ៏​ខ្មៅ​ងងឹត​មក​លើ​ប្រជាជាតិ​ខ្មែរ​ដូច​ពី​អតីតកាល​បញ្ចប់​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​រក្សា​ការពារ​បាន​នូវ ស្ថិរភាព​នយោបាយ​ស្ថិរភាព​សង្គម​ឯករាជ្យ​អធិបតេយ្យភាព​ជាតិ​និរន្តរភាព​នៃ​ស្ថាប័ន​ជាតិ ការអនុវត្ត​ច្បាប់ និង​ការ​ការពារ​បាន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដោយ​ឱកាស​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាច​ធ្វើ​ដំណើរ​ទៅមុខ​ជា​ធម្មតា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​និង​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​អតិផរណា​ទាប​និង​អត្រា​ប្ដូរ​ប្រាក់​មាន​ស្ថិរភាព​បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​នៅ​ទូទាំង​ប្រទេស​ទាំង​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯកជន​កាន់តែ​មានឱកាស​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ព្រមទាំង​បាន​បង្កើន​ប្រាក់ចំណូល​បាន​កាន់តែ​ប្រសើរ។

ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង​និង​ប្រធាន​phnom penh precast plants ក៏បាន​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ដែល​បម្រើ​ក្នុង​ក្រុមហ៊ុន​នេះ​ចំនួន​៣០​នាក់​ផងដែរ ខណៈ​ដែល​ពួកគាត់​បាន​បំពេញការងារ​រយៈពេល​៥​ឆ្នាំ ពោលគឺ​បម្រើការ​ងារ​ចាប់​តាំង​ពី​កកើត​ក្រុមហ៊ុន​តែម្តង៕