ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ទណ្ឌិត​ ទើប​ចេញពី​ពន្ធនាគារ ​មិន​រាងចាល​ នៅ​លួច​ម៉ូតូ​ ត្រូវ​អស់លក្ខណ៍

កំពង់ចាម ៖ អតីត​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​ថ្មីៗ​ នៅ​តែ​មិន​រាងចាល​ ហើយ​បាន​លួច​ម៉ូតូ​របស់​ជនរងគ្រោះ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង​ទៀត។

ប៉ូលិស​បាន​បន្ត​ថា ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​២៨​នាទី ស្ថិតនៅ​ចំណុច ភូមិ​អូរ​ធ្នង់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ឈ្មោះ ឆេង ហ៊​ល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជន​ជាតិខ្មែរ មាន​ទី​លំនៅ​ភូមិ​អូរ​ធ្នង់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

ចំណែក​ជនសង្ស័យ​មាន​ចំនួន​០២​នាក់​ ១.​ឈ្មោះ ទូច នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ ២.​ឈ្មោះ ហោ សុជាតិ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម​។

ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​២០​កុម្ភៈ វេលា​ម៉ោង​០២​និង​២៨​នាទី​ទៀបភ្លឺ​ ឈ្មោះ ឆេង ហ៊​ល កំពុងតែ​ភ្ញាក់​ពី​ដំណេក ​ក៏​បានឃើញ​ជនសង្ស័យ​ម្នាក់​ មាឌ​ធំ កម្ពស់​ប្រហែល​១៦០​សង់ទីម៉ែត្រ បាន​ដើរចូល​ក្នុង​បន្ទប់​ជាប់​ឃ្លាំង​ដាក់​ឥវ៉ាន់​របស់​ខ្លួន (​បន្ទប់​ចំហទ្វារ​ចោល)។ ពេលនោះ​ខ្លួន​ទាន់ ​ក៏បាន​ដេញ​ ហើយ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​នោះ រត់ឡើង​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​វ៉េវ ឆ្លាម ពណ៌​ខ្មៅ ជិះ​ចេញ​ទៅ​ទិស​ខាងត្បូង​។ ភ្លាម​នោះ​ខ្លួន និង កូនប្រុស ឈ្មោះ ​ហុង ណា​រ៉ា អាយុ​៣០​ឆ្នាំ បាន​បើក​ឡាន​ដេញ​តាម​បណ្ដើរ​ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​បណ្ដើរ។

ប៉ូលិស​បាន​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​សមត្ថកិច្ច​យើង​បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ​ ធ្វើការស្រាវជ្រាវ រកមុខ​សញ្ញា​សង្ស័យ។​ ភ្លាមនោះ ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ ​ឈ្មោះ ទូច នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម រួម​ទាំង​ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ ឆ្លាម ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង យ​ក​មក​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​មាន​គ្នា​ចំនួន​០២​នាក់ ម្នាក់ទៀត ​ឈ្មោះ ហោ សុជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​-​ជាមួយ​ខ្លួន​ ដែល​ជា​អ្នក​ចូល​ផ្ទះ​ ឈ្មោះ ឆេង ហ៊​ល បាន​រត់គេចខ្លួន​។

ភ្លាមនោះ​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម បាន​បើក​កិច្ចប្រតិបត្តិការ​​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ ​ឈ្មោះ ហោ សុជាតិ រហូតដល់​វេលា​ម៉ោង​១១​និង​៣០​នាទី សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ ហោ សុជាតិ យកមក​ធ្វើការ​សួរនាំ​បំពេញ​សំណុំរឿង​តាម​នីតិវិធី។ ​​កន្លង​មក​ ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​០២​លើក ករណី​លួច ចំនួន​០១​លើក ករណី​បំផ្លិចបំផ្លាញ​ចំនួន​០១​ករណី៕