ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម​ ​បញ្ជា​គ្រប់​ខេត្ត/ក្រុង​ ឲ្យ​រឹតបន្តឹង​ការ​នាំ​ចូល​ជ្រូក ​ពី​ប្រទេស​វៀត​ណាម

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​បញ្ជា​ឲ្យ​ប្រធាន​ពេទ្យសត្វ នៅ​តាម​បណ្ដា​ខេត្ត ក្រុង​ នៃ​ទូទាំង​កម្ពុជា​ទាំងអស់ មានការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទៅលើ​ការ​នាំ​សត្វ​ជ្រូក និង​សាច់ក្រក​ សាច់​ជ្រូក ពី​ប្រទេស​វៀតណាម​ដែល​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា។

ការ​រឹតបន្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​សត្វ​ជ្រូក​ក្នុង​កសិដ្ឋាន​៣​កន្លែង​នៅក្នុង​ខេត្ត​ហុង​អៀន​(Hung Yen) និង​ខេត្ត​ថា​យ​ប៊ិ​ញ​( Thai Binh) ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ មាន​កើត​ជំងឺ​ប៉េ​ស​អាហ្វ្រិក ដែល​ជា​ប្រភេទ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ។

លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់ថា ​នាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ ក៏បាន​កោះ​ប្រជុំ​ភ្លាម​ដែរ​ដើម្បី​រក​មធ្យោបាយ​ទប់ទល់​នឹង​ជំងឺ​ជ្រូក​នេះ​ មិន​ឲ្យ​ចូល​មក​កម្ពុជា​បានទេ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ។

ជាមួយ​គ្នា​នេះ លោក​បាន​ផ្ញើ​សារ ជាបន្ទាន់​ទៅកាន់​មន្ទីរ​កសិកម្ម នៅ​គ្រប់ ខេត្ត​- ទូទាំង​ប្រទេស​រួច​ហើយ ឲ្យពិនិត្យ​យ៉ាង​ហ្មត់ចត់ ទៅលើ​លិខិត​នាំចូល​សត្វ​ជ្រូក​ទាំងឡាយ​ពី​ប្រទេស​វៀតណាម ដែល បញ្ជាក់​ពី​សុខភាព​សត្វ ហើយ​ឲ្យ​ពិនិត្យមើល​ឲ្យ​ច្បាស់​ទៅលើ​សត្វ​ជ្រូក​ទាំងឡាយ ដែល​នាំចូល​ទាំង​នោះ ថា​តើ​មាន​រោគសញ្ញា​ នៃ​ជំងឺ​ឆ្លង​ដែរ​ឬក៏​អត់ នៅ​មុនពេល​អនុញ្ញាត​ឲ្យ​​ចូលមក​កម្ពុជា​។

បច្ចុប្បន្ននេះ​ កម្ពុជា​ នៅ​មិនទាន់មាន​ជ្រូក​កើត​ជំងឺ​ឆ្លង​ប្រភេទ​ប៉េ​ស​អាហ្វ្រិក​នៅឡើយ​ទេ ហើយ​ជំងឺ​ជ្រូក​នៅ​វៀតណាម​នោះ ក៏​មិន​ជះឥទ្ធិពល​ដល់​កម្ពុជា​ឡើយ ព្រោះតែ​ទីក្រុង​ហាណូយ នៃ​វៀតណាម​ខាង​ជើង គឺ​នៅ​ឆ្ងាយ​ពី​កម្ពុជា​ប្រមាណ​ជាង​១៥០០​គីឡូម៉ែត្រ​ឯណោះ។

ជំងឺ​ប៉េ​ស​លើស​ត្វ​ជ្រូក​អាហ្វ្រិក ដែល​កំពុង​កើត​នៅ​ប្រទេស​វៀតណាម​ខាងជើង​នេះ គឺជា​ប្រភេទ​ជំងឺ​ឆ្លង ប៉ុន្តែ​វា​មិនអាច​ចម្លង​ពី​សត្វ​មក​ប៉ះពាល់​ដល់​មនុស្ស​បានទេ​ គឺ​វា​អាច​ឆ្លង​ពី​សត្វ​ ទៅ​សត្វ​ដទៃ​ទៀត ប្រសិនបើ​មិនមាន​វិធានការ​ការពារ​ទេ​នោះ វា​អាច​នឹង​ធ្វើឲ្យ​យើង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​បើ​គ្មាន​ការ​ការពារ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114