ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ​មកពី​គ្រប់ទិសទី ​ដែល​ត្រូវ​ឆ្កែ​ខាំ​ បាន​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ ​នៅ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ

ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​ជាង​១​សប្ដាហ៍​នេះ​ ឃើញថា ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុស​/ស្រី​មកពី​គ្រប់ទិសទី​ស្ទើរតែ​គ្រប់​ខេត្ត​/ក្រុង​ បាន​សម្រុក​មក​កាន់​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ ដើម្បី​នាំ​កូនចៅ ​ឬ​ខ្លួន​គាត់​ផ្ទាល់​ដែល​ត្រូវបាន​សត្វ​ឆ្កែ​ ឬ​សត្វ​ផ្សេងទៀត​ខាំ​ ឬ​ខ្វាច​ ឬ​លិឍ ​បណ្តាល​ឲ្យ​របួស ​ក្រែង​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ដើម្បី​ទទួលបាន​ថ្នាំ​បង្ការ​ ចៀស​ឲ្យ​ផុតពី​ជំងឺ​ដ៏​កាច់​សហាវ​នេះ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ ​នៅ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ នៅ​ជិត​មន្ទីរពេទ្យ​កាល់ម៉ែត​ ចំហៀង​ខាងត្បូង​ បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ ឃើញថា​មាន​ប្រជាពលរដ្ឋ​ប្រុស/​ស្រី ​ក្មេង​ ចាស់​ រាប់រយ​នាក់​ បានមក​តម្រង់​ជួរ​ចាប់​លេខរៀង ​ដើម្បី​នាំ​កូនចៅ​គាត់ ​ឬ​ខ្លួន​គាត់​ផ្ទាល់​តែម្ដង ​ដើម្បី​ទទួលបាន​ការចាក់​ថ្នាំ​ ឬ​ថ្នាំ​បង្ការ នៃ​ការព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ ដែល​ពួកគាត់​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​សត្វ​ឆ្កែ​របស់គាត់​ចិញ្ចឹម ​ឬ​សត្វ​ឆ្កែ​អ្នកជិតខាង​ខាំ ​ឬ​ក្រញៅ​ ឬ​លិឍ​ចំ​កន្លែង​ដែលមាន​ដំបៅ​ ឬ​ខាំ​ បណ្តាល​ឲ្យ​របួស​នោះ។

ខណៈដែល​ឈរ​តម្រង់​ជួរ​ជាច្រើន​ស្ទើរតែ​ពេញ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដែល​មិនតិចជាង​២​ទៅ​៣​រយ​នាក់​នោះទេ ​ពួកគាត់​ទាំងនោះ​បាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​ពួកគាត់​បាន​មើល​នូវ​បណ្តាញ​សង្គម​Facebook ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ត្រូវបាន​គេ​បង្ហោះ​ និង​ស៊ែ​រតៗ​គ្នា​ពី​ក្មេងស្រី​ម្នាក់​ និង​ស្ត្រី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ទៀត​ ត្រូវបាន​ស្លាប់​ដោយសារតែ​ត្រូវ​សត្វ​ឆ្កែ​ខាំ​ និង​ឆ្មា​ខ្វាច​ បណ្តាល​ឲ្យ​ពួកគាត់​បាន​ស្លាប់​ក្នុង​ករណី​ផ្សេង​ពីរ​គ្នា​នោះ ​ចឹ​ង​ហើយ ​ទន្ទឹមនឹង​គាត់​ ក៏ដូចជា​កូនចៅ​គាត់ ​ត្រូវបាន​សត្វ​ឆ្កែ​ខាំ​ ឬ​ខ្វាច​នឹង​ចំ​កន្លែង​ដែល​គាត់​ដំបៅ​នោះ ​គាត់​ក៏បាន​កូនចៅ​គាត់​ដែល​មកពី​បណ្តា​ខេត្ត​នានា​ ដែលមាន​បញ្ហា​ដូច្នេះ​ក៏បាន​សម្រុក​មកកាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​រាជធានី​ភ្នំពេញ​នេះ ​ដើម្បី​ទទួលបាន​ការចាក់​ថ្នាំ​បង្ការ​ ក៏​ដូចជា​ថ្នាំ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​ ដើម្បី​បញ្ចៀស​ពី​ជំងឺ​ដ៏​កាច​នេះ​ផងដែរ​។​

ប្រជាពលរដ្ឋ​ខ្លះទៀត​បាន​និយាយថា​ ពួកគាត់​ខ្លះ​ត្រូវ​ចំណាយ​ពេលដេក​១​យប់ ​ឬ​២​យប់​ផង​ដែរ​ដោយសារតែ​ការចាប់​លេខ​រៀង​មិនបាន​ ព្រោះតែ​អ្នក​ដែល​មកចាក់​ថ្នាំ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នេះ​ មាន​ចំនួន​ច្រើន​កុះករ​ខ្លាំងពេក​។ ​តែបើ​ទោះបី​ត្រូវ​ប្រើពេល​យូរ​ថ្ងៃ​ក៏ដោយ​ ក៏​ពួកគាត់​ត្រូវតែ​តស៊ូ​ដែរ​ ដើម្បី​ទទួលបាន​ការចាក់​ថ្នាំ​របស់​គ្រូពេទ្យ ​ហើយ​ទើប​ត្រឡប់​នឹងមក​វិញ​​តាម​ការកំណត់​ចាក់​ថ្នាំ​បន្តទៀត​របស់​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ដែល​តម្រូវ​ឲ្យ​មក​ចាក់​ថ្នាំ​រហូត​៣ ​ទៅ​៤​ដង ​ទើប​បញ្ចប់ ​នៃ​ការ​ចាក់​ថ្នាំ​នោះ​។

លោក​ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​​កុម្ភៈ​ឲ្យ​ដឹង​ថា​ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ជាមុន​នេះ​គឺជា​ការ​ល្អប្រសើរ​ណាស់​ព្រោះថា​អាច​កាត់បន្ថយ​ហានិភ័យ​ធ្ងន់ធ្ងរ​ពេល​ឆ្កែ​ខាំ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់​ចំនួន​ដែល​គ្រូពេទ្យ​បានកំណត់​ទើប​ការ​ការពារ​មាន​ប្រសិទ្ធភាព​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បាន​បន្តថា ​«​ការ​ប្រៀបដូចជា​ការចាក់​ថ្នាំ​បង្ការ​ទៅលើ​កុមារ​ជំងឺ​១១​មុខ​អីចឹង​ដែរ​កាលណា​ចាក់​គ្រប់​ចំនួន​ទៅ​ កុមារ​អាច​ការពារ​ជំងឺ​ទាំងនោះ​បាន ​ជៀស​ផុតពី​ការឆ្លង​ជំងឺ​ផ្សេងៗ​ដែល​អាច​ការពារ​បាន​ដោយ​វ៉ាក់សាំង​»​។​

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ធ្លាប់​ បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​មាន​សត្វ​ឆ្កែ​និង​ឆ្មា​ខាំ ត្រូវតែ​ប្រញាប់​ប្រញាល់​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ​ចំណែក​អ្នក​រស់នៅ​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ប៉ៃលិន​,​បន្ទាយមានជ័យ​,​សៀមរាប​និង​ពោធិ៍សាត់​ពេល​មាន​សត្វ​ខាំ​ត្រូវ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​និង​ថវិកា​ធ្វើដំណើរ​មកចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​នៅ​ប៉ាស្ទ័រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ដូច​កាល​មុន​ទៀត​ទេ​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា​ ការចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​បាន​ទាន់ពេលវេលា​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ព្រោះ​យើង​មិន​អាច​ដឹង​មុន​ថា ​សត្វ​ដែល​ខាំ​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ឬ​យ៉ាងណា​នោះឡើយ​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា ​មេរោគ​ជំងឺ​ឆ្កែឆ្កួត ចម្លង​ទៅ​មនុស្ស​តាមរយៈ​​ទឹកមាត់​ពេល​សត្វ​ទាំងនោះ​ខាំ​លើ​មនុស្ស​។ ​ជំងឺ​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ទេ​ មនុស្ស​អាច​ស្លាប់​មួយរយ​ភាគរយ​ពេល​មេរោគ​ឆ្លង​ចូល​ទៅដល់​ខួរក្បាល​។​ ប៉ុន្តែ​មាន​ថ្នាំ​ចាក់​បង្ការ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៅពេល​យើង​ចាក់​ក្រោយពី​សត្វ​ខាំ​ភ្លាមៗ​។​

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា​ ពេល​ឆ្កែ​ខាំ​ត្រូវ​លាង និង ដុស​សម្អាត​របួស​ភ្លាមៗ​ជាមួយ​សាប៊ូ និង ទឹក​រយៈពេល ១៥ នាទី​។ ប្រសិនបើ​គ្មាន​សាប៊ូ ត្រូវ​លាង​សម្អាត​ជាមួយ​ទឹក​ដែលជា​វិធី​ព្យាបាល​បឋម​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត។ របួស​គួរតែ​សម្អាត​ឲ្យ​បាន​ម៉ត់ចត់​ជាមួយ​អាល់កុល អេតាណុល បេ​តា​ឌី​ន។ ហាម​កុំ​ដាក់​អ្វី​លើ​របួស​ដូចជា​ម្ទេស ទឹក​ផ្លែឈើ​ជាដើម​។ ​កុំ​បិទ​របួស​ជាមួយ​ក្រណាត់ និង ឬ​បង់​រុំ​និង​កុំ​ដេរ​របួស។ បន្ទាប់មក​ត្រូវ​​បញ្ជូន​អ្នកជំងឺ​ទៅ​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​សម្រាប់​ការព្យាបាល​និង​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត។

លោក​បញ្ជាក់ថា ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺ​នៅតែ​បន្តធ្វើ​តេស្ត​រក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​លើ​វត្ថុ​វិភាគ​ខួរក្បាល​សត្វ​ឆ្កែ​ដែល​ទទួលបាន​ពី​តាម​បណ្តា​ខេត្ត​នានា​។​ លទ្ធផល​បាន​បង្ហាញថា​មាន​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ជា​បន្តបន្ទាប់​ដោយសារ​អ្នក​ចិញ្ចឹមសត្វ​ឆ្កែ​ភាគច្រើន​នៅ​កម្ពុជា​គឺ​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ទេ។

ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺ​បណ្តាលមកពី​វីរុស​ដែល​អាច​បង្ការ​បាន ប៉ុន្តែ​កាច​សាហាវ​ដែល​បាន និង​កំពុង​សម្លាប់​មនុស្ស​ពី ៣៥០០០ ទៅ ៥០០០០ នាក់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។​

រយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ៤០% នៃ​ជនរងគ្រោះ​ពី​ជំងឺ​នេះ គឺ​ក្មេង​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ច្រើនជាង​១៥​លាន​នាក់​ទូទាំង​ពិភពលោក​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ក្រោយពេល​សត្វ​ខាំ​។​

តាម​ការបញ្ជាក់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ឲ្យ​ដឹងថា ​ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយ​សត្វ​ខាំ​ដែល​ភាគច្រើន​សត្វ​ឆ្កែ​និង​ឆ្មា​ចំនួន​២៦០៦៦​នាក់​ដែល​ចំនួន​នេះ​មានការ​កើនឡើង​លើសពី​ឆ្នាំ​២០១៧​ដែលមាន​ត្រឹមតែ​២២៤២១​នាក់​ប៉ុណ្ណោះ​។​

តាម​ការ​គណនា​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ​២០០៧​បាន​បង្ហាញថា​កម្ពុ​ជាមាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​នាក់​ក្នុង​មួយឆ្នាំៗ៕​

គួរបញ្ជាក់​ផងដែរ​ថា​ ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​ដែល​សម្រុក​មកចាក់​ថ្នាំ​បង្ការ ​ឬ​ចាក់​ថ្នាំ​ជំងឺ​ឆ្កែឆ្កួត​នោះដែរ​ ភាគច្រើន​គឺ​សុទ្ធតែ​អ្នក​ដែល​ត្រូវ​ឆ្កែ​ខាំ​ ឬ​ខ្វាច​ថ្មីៗ​ស្ទើរ​ទាំងអស់​។​

ជាមួយគ្នា​នោះដែរ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក៏​ជូនដំណឹង​ពីការ​បង្ការ ​និង​ចាក់​ថ្នាំ​ជំងឺ​ឆ្កែឆ្កួត​នេះ​ផងដែរ​
១- ជំងឺ​ឆ្កែឆ្កួត​ជា​អ្វី​?
ជំងឺ​ឆ្កែឆ្កួត​ គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ​ដែល​បង្ក​រោគ​ដោយ​វីរុស​ឆ្កែឆ្កួត​។
• ជាទូទៅ ជំងឺ​ឆ្កែឆ្កួត​ឆ្លង​រាលដាល​ក្នុង​អំបូរ​សត្វ​ផ្សេងៗ ហើយក៏​អាច​ចម្លង​មក​មនុស្ស​បាន​ដែរ​ តាម​រយៈ​សត្វ​ដែលមាន​ផ្ទុកមេរោគ​ឆ្កែឆ្កួត​ខាំ​។
•នៅក្នុង​ដំណាក់កាល​ដំបូង ​នៃ​ការឆ្លង​គេ​មិនឃើញ​មាន​ស្តែងចេញ​នូវ​រោគសញ្ញា​អ្វី​ឡើយ​។ លុះ​ច្រើន​សប្ដាហ៍ ឬ ច្រើន​ខែ​ បន្ទាប់ពី​សត្វ​ដែល មាន​ផ្ទុក​មេរោគ​ឆ្កែឆ្កួត​ខាំ​នោះ ទើប​គេ​ឃើញ​មាន​ស្តែង​ចេញ​នូវ​រោគសញ្ញា​ឈឺចាប់ អស់កម្លាំង ឈឺក្បាល គ្រុនក្ដៅ និង​មាន​អារម្មណ៍​រញីរញ័រ​។

បន្ទាប់មក ជំងឺ​នេះ​ ស្តែង​ចេញ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ដូចជា ការ​ប្រកាច់ វង្វេងវង្វាន់ ខ្លាច​ទឹក ខ្លាច​ខ្យល់ និង​ភាព​ខ្វិន​កម្រើក​លែង​បាន​។ ជំងឺ​លើ​មនុស្ស​ជានិច្ចកាល​តែងតែ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​។

ជា​ញឹកញាប់ សត្វ​ឆ្កែ​ជា​ប្រភព​ដែល​ចម្លង​ជំងឺ​នេះ ​មក​មនុស្ស ក៏ប៉ុន្តែ អំបូរ​សត្វ​មួយ​ចំនួន​ដូចជា ឆ្មា ស្វា ប្រចៀវ សំពោច ចចក ​ និង ថនិកសត្វ​ផ្សេងទៀត ​ក៏​អាច​ចម្លង​ជំងឺ​នេះ​មក​មនុស្ស​បាន​ដែរ។
២-តើ​អ្វី​ទៅជា​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​? វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ ត្រូវបាន​ណែនាំ​ឲ្យ​ផ្ដល់​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ និង​ជនរងគ្រោះ​ដោយ​សត្វ​ដែល សង្ស័យ​ថា ​មាន​មេ​រោគ​ឆ្កែឆ្កួត​ខាំ​។ វ៉ាក់សាំង​នេះ ​ត្រូវបាន​ផលិត​ឡើង​ពី​វីរុស​ឆ្កែឆ្កួត​ ដែល​ត្រូវបាន​គេ​សម្លាប់​ឲ្យ​ងាប់​ហើយ វា​មិនអាច​បង្ក​ជា​ជំងឺ​ឆ្កែឆ្កួត​បាន​ឡើយ​។
៣-តើ​អ្នកណាខ្លះ​គួរ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​? ហើយ​គួរ​ធ្វើ​នៅពេលណា​? ការ​ផ្តល់​វ៉ាក់​សាំង​បង្ការ​មុន​មាន​សត្វ​ខាំ​ត្រូវ​បាន​ណែនាំ​សម្រាប់ ​៖
•អ្នក​ដែល​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​មេរោគ​នេះ​ដូចជា ពេទ្យសត្វ អ្នក​ថែទាំ​សត្វ និង​អ្នកដើរ​រុក​ព្រៃ ឬ​បុគ្គលិក​មន្ទីរ​ពិសោធន៍​ដែល​ប្រឈម​នឹង​មេរោគ​នេះ។​
•អ្នក​ដែល​ត្រូវធ្វើ​ដំណើរ​ទៅកាន់​តំបន់​ដែល​កើត​ជំងឺ​នេះ​ញឹកញាប់ ហើយ​អាច​នឹងមាន​ការប៉ះពាល់​ជា​មួយ​នឹង​សត្វ​ដែល​ផ្ទុក​មេរោគ​នេះ។​

*កាលវិភាគ​ផ្តល់​វ៉ាក់សាំង​បង្ការ​មុន​មាន​សត្វ​ខាំ​ គឺ ​៖ ថ្ងៃ​ដំបូង – ៧​ថ្ងៃ​ក្រោយមក – ២៨​ថ្ងៃ​ក្រោយមក ក្រុមមនុស្ស​ដែលមាន​ការ​ប្រឈម​នឹង​ជំងឺ​នេះ​ត្រូវ​នៅ​បន្ត​ទទួល​ដូ​ស​ទី ៤ (១​ឆ្នាំ​បន្ទាប់ពី​ដូ​ស​ទី​១) និង ការ​រំលឹក​រៀងរាល់​៥​ឆ្នាំ​ម្តង​ត្រូវបាន​គេ អនុវត្ត​។ • កាលវិភាគ​ផ្តល់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​ក្រោយ​សត្វ​ខាំ​គឺ​៖ ថ្ងៃ​ដំបូង – ថ្ងៃទី​៣ – ថ្ងៃទី​៧ – ថ្ងៃទី​១៤ – ថ្ងៃទី​២៨ អ្នក​ដែល​ធ្លាប់​ទទួល​វ៉ាក់សាំង​នេះ​ពីមុន​បាន​ត្រឹមត្រូវ​រួចហើយនោះ ត្រូវ​ទទួល​វ៉ាក់សាំង​បន្ថែម​២​ដូ​ស​ទៀត ក្នុងករណី​ដែលមាន​សត្វ​ខាំ​ទៀត ដោយ​១​ដូ​សត្រូវ​ទទួល​ភ្លាមៗ រួច​១ ដូ​ស​បន្ទាប់ នៅ ៣ ថ្ងៃក្រោយ​។

៤- ពិភាក្សា​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​… • អ្នក​ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាមួយនឹង​វ៉ាក់សាំង​ប្រភេទ​នេះ​ពីមុន ឬ​ធ្លាប់​ប្រតិកម្ម​ជាមួយ​សមាសធាតុ​ផ្សេងទៀត​ដែលមាន​នៅក្នុង វ៉ាក់សាំង​នេះ • អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ បើសិនជា​អ្នក​ត្រូវបាន​សត្វ​ខាំ អ្នក​ត្រូវតែ​ទទួល​វ៉ាក់សាំង​បង្ការ​ជាដាច់ខាត ទោះបីជា​អ្នក​កំពុងមាន​ជំងឺ​អ្វី​ក៏ដោយ​។

៥- ផលវិបាក​ដែល​អាច​កើតមាន​ក្រោយ​ចាក់​វ៉ាក់សាំង ដូច​ឱសថ​ផ្សេងៗ​ទៀត​ដែរ វាក់​សាំង​អាច​បណ្តាលឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ដូចជា​ប្រតិកម្ម​អា​លែ​ក​ស៊ី​ជាដើម​។ ប៉ុន្តែ​លទ្ធភាព​ដែល​វ៉ាក់សាំង​នេះ​អាច​បណ្តាលឲ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​មាន​តិចតួច​បំផុត​។ ផលវិបាក ដែល​អាច​កើតឡើង​រួមមាន​៖
• ឈឺ ឬ ហើម​ត្រង់​កន្លែង​ចាក់ • គ្រុនក្តៅ ឈឺក្បាល ឈឺ​សាច់ដុំ • ឡើង​កន្ទួល​ក្រហម​លើ​ស្បែក និង​ចង្អោរ • ប្រតិកម្ម​ធ្ងន់ធ្ងរ (​កម្រ​មាន​ណាស់​) ប្រសិនបើ​មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ សូម​ជូនដំណឹង​ដល់​គ្រូ​ពេទ្យ​ជាបន្ទាន់៕