ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ កុំ​បរិភោគ​ត្រី​ក្រពត ៣​ប្រភេទ ដែលមាន​ជាតិពុល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់

ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​ បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ត្រី​ក្រពត​ព្រោះ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ​ខណៈ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥​នាក់​បាន​ស្លាប់​ក្នុងចំណោម​៤០​នាក់​ចាប់ពី​ឆ្នាំ​២០១៧​រហូត​ក​ដល់​ថ្ងៃទី​១៩ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩​កន្លងទៅនេះ ​ដោយសារ​ការបរិភោគ​ត្រី​ក្រពត​នេះ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​អំពី​ការ​បង្ការ​សុខភាព​បណ្ដាល​មកពី​ការ​ពុល​ដោយ​ការ​បរិភោគ​ត្រី​ក្រពត​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ​ បាន​ឲ្យ​ដឹង​ថា​ក្នុងចំណោម​អ្នករងគ្រោះ​៤០​នាក់​នោះ​កើតឡើង​នៅ​ខេត្ត​ក្រចេះ​ចំនួន​២​លើក​នៅ​ឆ្នាំ​២០១៧ ខេត្ត​កោះកុង​១​លើក​នៅ​ឆ្នាំ​២០១៨ ខេត្ត​សៀមរាប​១​លើក​នៅ​ឆ្នាំ​២០១៨​ និង​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣​លើក​ឆ្នាំ​២០១៧ ​និង​១​លើក​ទើប​កើត​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ទៅ​លើ​គ្រួសារ​មួយ​ឈឺ​៥​នាក់​ក្នុង​នោះ​ស្លាប់​ម្នាក់។

ក្នុង​ប្រទេស​កម្ពុ​ជា​មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុង​នោះ​មាន ៣​ប្រភេទ​មាន​ជាតិពុល​, តាម​ការស្រាវជ្រាវ បាន​រកឃើញថា ត្រី​ក្រពត​ដែលមាន​ជាតិពុល​នោះ រួមមាន​៖ Tetraodon cochinchinensis, Monotrete leiurus និង​Tetraodon fluviatilis ត្រី​ក្រពត​ទាំងនេះ ពេល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។

ត្រី​ក្រពត​ដែលមាន​សារធាតុពុល​ទាំង​៣​ប្រភេទ​ខាងលើនេះ មាន​ជាតិពុល​ខ្ពស់បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែលជា​ធម្មតា​កើតឡើង​នៅក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។​ ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង​ និង​ស្ពែម ​របស់​វា ​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់។

សម្រាប់​រោគសញ្ញា​នៃ​ការ​ពុល​ត្រី​ក្រពត​​នេះ ​នឹង​លេចចេញ​ក្នុង​រយៈពេល ២០​នាទី ទៅ​២​ម៉ោង បន្ទាប់ពី​បាន​បរិភោគ​ត្រី​បែបនេះ រោគសញ្ញា រួមមាន រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ បន្ទាប់មក​មាន​អាការៈ ឈឺក្បាល វិលមុខ រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ ពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ការពុល​ចំណីអាហារ ពិសេស​ការរួម​គ្នា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ចំណីអាហារ​ល្អ គ្រប់ៗ​គ្នា ចាប់តាំងពី​អ្នក​បរិភោគ​រហូត ដល់​អ្នកបម្រើ​អាហារ ដើរតួនាទី​សំខាន់ ក្នុងការ​លើកកម្ពស់ សុវត្ថិភាព​ចំណីអាហារ ចាប់តាំងពី​ការរៀបចំ ចំណីអាហារ របៀប​ទុកដាក់ និង​ពេល​ចម្អិន​អាហារ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ដើម្បី​ជៀសវាង​បាន​នូវ​បញ្ហា​សុខភាព ដែល​អាចធ្វើ ឲ្យ​បាត់បង់​ជីវិត​បាន និង​ដើម្បី​ចៀស​ផុតពី​ការពុល​ត្រី​ក្រពត​ដូច​ករណី​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ​​កុំ​បរិភោគ​ត្រី​ក្រពត​ដែលមាន​ជាតិពុល ដោយសារ​វា​មាន​ជាតិពុល​នៅក្នុង​ខ្លួន​វា ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​នេះ មិនអាច​កំចាត់​ចោល​បានទេ ទោះបីជា​បាន​ចំអិន ឬ​ដាក់​ឲ្យ​កក​ក៏ដោយ​។​

លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​បាន​ប្រាប់​វិទ្យុ​អន្តរជាតិ​មួយ​ថា នេះ ជា​លើក​ទី​បី​ហើយ​ខេត្ត​បន្ទាយមានជ័យ​មាន​ករណី​ពុល​ត្រី​ក្រពត​នេះ​ ដោយសារ​ទេ​ពលរដ្ឋ​នៅក្នុង​ខេត្ត ដែល​ប្រកបមុខរបរ​នេសាទ ច្រើន​យក​ត្រី​ក្រពត​ដែល​នេសាទ​បាន ទៅ​បរិភោគ​ដោយ​មិនបាន​ស្គាល់​ពី​ប្រភេទ​ត្រី​ក្រពត​ច្បាស់លាស់។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​ការបរិភោគ​ត្រី​ក្រពត​នេះ ​វា​ជា​ទម្លាប់​របស់​អ្នកនេសាទ​ដែល​តែងតែ​ហូប​ត្រី​ក្រពត​នេះ​តាំងពីដើម​មក​មិនមាន​ដែលមាន​បញ្ហា​អ្វី​ឡើយ​។​

លោក វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ឱ្យដឹង​បន្ថែមថា កន្លងមក​មន្ត្រី​សុខាភិបាល​ខេត្ត តែង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ ឱ្យបាន​យល់ដឹង និង​បញ្ឈប់​ការបរិភោគ​ត្រី​ក្រពត​ជា​បន្តទៀត ដើម្បី​ចៀសវាង​ការពុល​រហូតដល់​បាត់បង់​អាយុជីវិត​។​

លោក​វេជ្ជបណ្ឌិត​ក៏​ស្នើ​ដល់​ពលរដ្ឋ ដែល​បាន​បរិភោគ​ត្រី​ក្រពត​ហើយ មាន​អាកា​រៈ ស្ពឹក​មាត់ ថប់ដង្ហើម និង​ញ័រ​ដៃ ញ័រ​ជើង ត្រូវ​ប្រញាប់​ស្វែងរក​សេវា​ព្យាបាល​ជាបន្ទាន់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114