ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ចុះ​កិច្ចសន្យា​ផ្តល់​ថវិកា​ជាង​៤០០​ពាន់​ដុល្លារ សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក​ក្នុង​ខេត្ត​តាកែវ

ភ្នំពេញ​ ៖ ក្នុងនាម​រាជ​រដ្ឋាភិបាល​ជប៉ុន​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​សា​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ​នា​រសៀល​ថ្ងៃទី ២១ ខែ​កុម្ភៈ​​ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ថវិកា​ជាង ៤០០ ពាន់​ដុល្លារ​អាមេរិក ជូន​ដល់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន World Vision Japan សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក​នៅ​ក្នុង​ខេត្តតាកែវ។

ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​សា​ហ៊ី​សា ថ្លែងថា គម្រោង​ជំនួយ​ ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ សម្រាប់​អង្គការ​World Vision Japan នឹង​ធ្វើ​ការ​បណ្តុះបណ្តាល​បុគ្គលិក​របស់​មណ្ឌល​សុខភាព និង​ផ្តល់​ការអប់រំ​អំពី​សុខភាព​ដល់​អ្នក​ម្តាយ​នៅក្នុង​តំបន់ បង្កើត​នូវ​ហឹប​សុខភាព និង​អាហារូបត្ថម្ភ​សហគមន៍ ដើម្បីឱ្យ​គ្រួសារ​ក្រីក្រ​អាច​ទទួលបាន​សេវា​សុខាភិបាល និង​កែលម្អ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅតាម​មណ្ឌល​សុខភាព។ តាមរយៈ​គម្រោង​នេះ​លោក​ទូត​រំពឹង​ថា ចំណេះដឹង​ត្រឹមត្រូវ​អំពី​សុខភាព​ នឹង​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​ស្ថានភាព​សុខភាព​មាតា និង​កុមារ​នឹង​ត្រូវ​បាន​កែលម្អ ហើយ​ទទួល​បាន​ទឹក​ប្រកបដោយ​សុវត្ថិភាព​ ​ត្រូវ​បាន​លើកកម្ពស់​ផងដែរ។

ជាមួយ​នេះ​ដែរ​លោក ម៉ាត់​ស៊ូ​អុ​កា តា​គូ​យ៉ា ប្រធាន​គម្រោង​អង្គការ World Vision Japan ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ​ដែរ​ក្នុងនាម​តំណាង​ឱ្យ​អង្គការ​ទស្សនៈ​ពិភពលោក​ជប៉ុន បាន​ថ្លែង អំណរ គុណ​ដល់​រដ្ឋាភិបាល​ជ​ប៉ុន​ជាថ្មី​ម្តង​ទៀត​សម្រាប់​ការ​គាំទ្រ​ដល់​គម្រោង​នេះ​រហូតមកដល់​ឆ្នាំ​ទី​បី ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការ​សហការ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​គីរីវង់ និង​កោះ​អណ្តែត ហើយ​យើង​នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​រួមចំណែក ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​គុណភាព និង​ទទួល​បាន​សេវា​សុខភាព បូករួម​ទាំង​ការកាត់បន្ថយ​កង្វះ​​​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​ក្នុង​ខេត្ត​តាកែវ​រហូតដល់​ចប់​គម្រោង។

សូម​បញ្ជាក់​ថា កម្មវិធី​ជំនួយ ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង ៣៥​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​១១៥ ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុងប្រទេស​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114