ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង សោ​ភ័​ណ្ឌ និង​មឿង សុខ​ហ៊ុ​ច ជួប​កីឡាករ​ថៃ​នៅ​សង្វៀន​ខេត្តបាត់ដំបង​

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​គឺ​រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​មកពី​ក្លិប​ម្កុដ​រាជ សីហ៍ និង​មឿង សុខ​ហ៊ុ​ច អ្នក​ប្រដាល់​នៃ​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ពោធិ​សែន​ជ័យ ជួប​កីឡាករ​ថៃ​ស៊ី​ង​មុន្នី ស​.​ស៊ី​ស៊ុម​ភុង និង​កីឡាករ​ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ នៅលើ​សង្វៀន​នា​ខេត្តបាត់ដំបង នា​ថ្ងៃ​សៅរ៍​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។

កីឡាករ​រឿង សោ​ភ័​ណ្ឌ ជួប​ជាមួយ​កីឡាករ​ថៃ​ស៊ី​ង​មុន្នី ស​.​ស៊ី​ស៊ុម​ភុង ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក តែ​កីឡាករ​ថៃ​ម្នាក់នេះ​គេ​ជា​កីឡាករ​ចាស់វស្សា​ដែល​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជាច្រើន​នៅ​ប្រទេស​ថៃ ហើយ​កីឡាករ​ស៊ី​ង​មុន្នី ស​.​ស៊ី​ស៊ុម​ភុង គេ​ចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត គ្រាន់តែ​អន់​ខាង​កម្លាំង​ស៊ុ​ហ្វ​បន្តិច​ប៉ុ​ណ្ណោះ​។​

ចំណែក​កីឡាករ​រឿង សោ​ភ័​ណ្ឌ ប​ច្ចុ​ប្បន្ន​គេ​ធ្វើ​បានល្អ​ទាំង​ការប្រកួត​ថ្នាក់ជាតិ​និង​អន្តរជាតិ ហើយក៍​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ និង​ពាន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន​ផងដែរ​។ រឿង សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដា​ល់លេង​ស្នៀត​កណ្តាប់ដៃ និង​កែង រីឯ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់គេ ក៏​ល្អ​ហើយ​ខ្លាំង​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រឿង សោ​ភ័​ណ្ឌ ក៏មាន​ចំណុចខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់​គេ​មាន​កម្ពស់​រាង​ទាប​បន្តិច ដៃខ្លី​ជើង​ខ្លី​វាយ​មិនសូវ​ដល់​គូប្រកួត ហើយ​បើ​ដៃគូ​ម្ខាង​គេ​មាន​កម្ពស់​ខ្ពស់​ជាង​នោះ​ច្បាស់​ជា​យ៉ាប់​របស់គេ​មិន​ខាន តែ​គេ​មាន​កម្លាំង​ពលំ​ពេញ​៥​ទឹក​មិន​ពិបាក​ឡើយ​។ ចាំមើល​រឿង សោ​ភ័​ណ្ឌ ក្នុង​ការជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ស៊ី​ង​មុន្នី ស​.​ស៊ី​ស៊ុម​ភុង នរណា​ជា​អ្នកឈ្នះ​?​។​

ដោយឡែក​កីឡាករ​មឿង សុខ​ហ៊ុយ ត្រូវ​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ថៃ​ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គី​ឡូ​ក្រាម អ្នក​ទាំង​២​នាក់​នេះ​មិនដែល​ជួបគ្នា​ទេ​នៅលើ​សង្វៀន​នេះ​នាពេល​កន្លងមក​។ មួយរយៈ​ចុងក្រោយ​នេះ​មឿង សុខ ហ៊ុ​ច​ត្រូវបាន​គេ​មើលឃើញថា ដើរ​លុកលុយ​រករឿង​តាម​បណ្តា​សង្វៀន​ទូ​រទស្ស​ន៍​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និង​កីឡាករ​អន្តរជាតិ​ជាច្រើន​នាក់​ដែល​មាន​លទ្ធផល​គួរ​ឲ្យ​សរសើរ ជាមួយ​ផ្តួល​គូប្រកួត​ជា​បន្ត​បន្ទាប់មក​នោះ​។

មឿង សុខ​ហ៊ុ​ច គេ​មាន​កាយសម្បទា​រឹងមាំ ព្រមទាំង​មាន​ស្នៀត​កែង និង​ជង្គង់ ដែល​ធ្វើ​ឲ្យ​គូរ​ប្រកួត​របស់ខ្លួន ពិបាក​ទប់ទល់ និង​ជា​ស្នៀត​សម្រាប់​ផ្ដួល​គូរ​ប្រកួត​ដ៏​អ​ស្ចារ្យ​ទៀតផង​។ ការ​វាយ​ចេញ​របស់​សុខ​ហ៊ុ​ច ធ្ងន់​ហើយ​រហ័ស ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់គេ​ខ្លាំងណាស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃ​តែម្តង​។ ប៉ុន្តែ​យ៉ាងណា មឿង សុខ​ហ៊ុ​ច ក៏​មាន​ចំណុចខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់​វាយ​ចេញ​ហើយ​មិនសូវ​ការពារ​វិញ​នោះទេ​ដែល​ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​ឆាប់​ដឹង​ពី​ចំណុចខ្សោយ​ទាំងនេះ​។ ចាំមើល​មឿង សុខ​ហ៊ុ​ច ជា​អ្នកឈ្នះ ឬ​កីឡាករ​ថៃ​ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114