ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២១​កុម្ភៈ​ កើតឡើង​១០​លើក ​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ស្រាល​២៨​នាក់​

ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១០​លើក ( យប់​៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ១៣​នាក់ ( ស្រី៧​នាក់ ) និង​រងរបួស​ស្រាល១៥​នាក់ ( ស្រី៧​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១៦​នាក់ ( យប់៩​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៦​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន៥​គ្រឿង រថយន្ត​ធុន​ធំ ចំនួន១​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៧​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៦​លើក ( ស្លាប់៣​នាក់ ) , មិន​គោរព​សិទ្ធិ ៣​លើក ( ស្លាប់១​នាក់ ) , និង ប្រជែង​គ្រោះថ្នាក់១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន២​លើក និង​ផ្លូវ​ខេត្ត ចំនួន៨​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៨​លើក និង​រថយន្ត​ធុន​តូច ចំនួន២​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ៣​លើក ស្លាប់១​នាក់ របួស១៥​នាក់ ខេត្តកំពង់ស្ពឺ១​លើក ស្លាប់១​នាក់ ខេត្តតាកែវ១​លើក ស្លាប់១​នាក់ របួស ២​នាក់ និង​ខេត្តកណ្តាល ១​លើក ស្លាប់ ១​នាក់ របួស២​នាក់។​

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា រយៈពេល​២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង២៧៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់១២៦​នាក់ របួស​សរុប៣៩៩​នាក់ ក្នុងនោះ​របួសធ្ងន់២៦៣​នាក់ និង​របួសស្រាល១៣៦​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114