ព័ត៍មានទាន់​ហេតុការណ៏
Search

សង្គ្រាម​ជំនួយ ​៖ អាមេរិក​និង​រុស្ស៊ី​ប្រកួតប្រជែង​គ្នា​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

រដ្ឋអំណាច​របស់លោក Trump បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី Nicolas Maduro ថា​កំពុង​បង្អត់អាហារ​ដល់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយ​ការ​រាំងខ្ទប់​ជំនួយ​មនុស្សធម៌​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក​ជាច្រើន​តោន​ ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​។​

នៅ​ប្រទេស​រុស្ស៊ី​ឯណោះ​វិញ វិមាន​ក្រឹម​ឡាំង​មើលឃើញ​ផែនការ​របស់​ក្រុមប្រឆាំង​ក្នុងការ​នាំយក​ជំនួយ​ឆ្លងកាត់​ព្រំដែន​ថា​ជា​លេស​មួយ​សម្រាប់​ការបញ្ជា​ឲ្យ​មាន​អន្តរាគមន៍​យោធា​របស់​អាមេរិក​។​

ខណៈ​ភាព​តានតឹង​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​កើនឡើង​មុន​ថ្ងៃ​សៅរ៍​ជុំវិញ​ជំនួយ​មនុស្សធម៌​នោះ ភាគី​ទាំងសងខាង​កំពុង​ជីក​កកាយ​ដើម្បី​បង្ហាញ​ពី​វិបត្ដិ​របស់​ប្រជាជាតិ​អាមេរិក​ខាងត្បូង​មួយ​នេះ​ដែល​បាន​ក្លាយជា​បន្ទាត់​ចុងក្រោយ​បំផុត​ក្នុង​សមរភូមិ​មួយ​សម្រាប់​ឥទ្ធិពល​សកលលោក​ដោយ​អតីត​គូសត្រូវ​សង្គ្រាមត្រជាក់​ទាំងពីរ​។​

មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido កាលពី​ខែ​មុន​បានប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​ដែល​ការអះអាង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ជាច្រើន​ទៀត​ដែល​បញ្ជាក់ថា ការជាប់ឆ្នោត​ជាថ្មី​របស់លោក Maduro កាលពី​ឆ្នាំមុន​គឺជា​ការ​ក្លែងបន្លំ​ដោយសារតែ​បេក្ខជន​គណបក្សប្រឆាំង​ជាច្រើន​ត្រូវបាន​រារាំង​ពី​ការ​ឈរឈ្មោះ​។​

ប្រទេស​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ស្និ​ទ្ធិ​ស្នាល​ជា​យូរ​មកហើយ​របស់លោក Maduro បាន​រក្សា​ជំហរ​រឹងមាំ​នៅ​ពីក្រោយ​មេដឹកនាំ​សង្គមនិយម​រូបនេះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ការដឹកជញ្ជូន​ថ្នាំពេទ្យ​និង​គ្រឿង​វេជ្ជសាស្ត្រ​របស់​រុស្ស៊ី​បាន​ទៅដល់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​នេះ​មិនបាន​បញ្ជាក់​ពី​ទំហំ​នៃ​ការដឹកជញ្ជូន​ឬ​និយាយ​អំពី​អ្វីដែល​ត្រូវបាន​ដឹក​នោះទេ​ថ្វីបើ​ពួកគេ​បានលើកឡើង​ពី​ប្រភព​ការទូត​ដែល​និយាយថា ការដឹកជញ្ជូន​នោះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​សុខភាព​ពិភពលោក​ក៏ដោយ​។​

ប៉ុន្មាន​ម៉ោង​មុន​នោះ លោក Maduro បាន​និយាយថា ឱសថ​និង​ជំនួយ​ដទៃទៀត​ចំនួន​៣០០​តោន​កំពុងធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​។​

លោក Carlos Romero សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Central University of Venezuela បាន​និយាយថា ការគាំទ្រ​របស់​រុស្ស៊ី​ចំពោះ​លោក Maduro គឺមាន​លក្ខណៈ​ជា​និមិត្តរូប​ជាង​ផលវិបាក​នៅពេល​ប្រៀបធៀប​ទៅនឹង​សម្ពាធ​ដ៏​ខ្លាំងក្លា​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​កំពុង​អនុវត្ត​ដោយ​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​និយាយថា មហាអំណាច​ពិភពលោក​ទាំងពីរ​នេះ​កំពុងស្ថិត​លើផ្លូវ​នៃ​ការប៉ះទង្គិច​គ្នា​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការចរចា​បន្ធូរបន្ថយ​ភាព​តានតឹង​។​

លោក Romero បាន​និយាយថា “​ជោគវាសនា​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក​ខាងក្រៅ​។ វា​ហាក់ដូចជា​រថភ្លើង​ពីរ​គ្រឿង​ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​មកទល់​មុខ​គ្នា​នៅលើ​ផ្លូវ​តែមួយ​និង​រាល់ថ្ងៃ​ហើយ​បង្កើនល្បឿន​”​។​

វិមាន​ក្រឹម​ឡាំង​បាន​ប្រៀបធៀប​បញ្ហា​នេះ​ទៅនឹង​ចលនា​ចលាចល​ដ៏​សាហាវព្រៃផ្សៃ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​២០១៣​ដែល​បាន​ទម្លាក់​ប្រធានាធិបតី​រុស្ស៊ី​និយម​ចេញពី​តំណែង​។​

លោកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រសិនបើ​អ្នករៀបចំ​ជា​ចង់​ផ្តល់ជំនួយ​សប្បុរសធម៌​ដល់​ជន​ដែល​ត្រូវការ​ជា​ចាំបាច់​មែន​នោះ ហេតុអ្វី​បានជា​មិន​ប្រើប្រាស់​ភ្នាក់ងារ UN ដែលមាន​បទពិសោធន៍​ច្រើន​និង​មានតម្លៃ​ក្នុងការ​អនុវត្ត​ប្រតិបត្តិ​ការ​បែបនេះ​ទៅ​? ”​។​

ទន្ទឹម​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការរិះគន់​យ៉ាងខ្លាំង​ក្លា​អំពី​គោលនយោបាយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​លើ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការអំពាវនាវ​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​សប្តាហ៍​នេះ​ឲ្យ​យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បោះបង់​ការគាំទ្រ​លើ​លោក Maduro គឺ​តំណាង​ឲ្យ​ការរំលោភច្បាប់​អន្តរជាតិ​យ៉ាងច្បាស់​ក្រឡែត​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114