ព័ត៍មានទាន់​ហេតុការណ៏
Search

កងកម្លាំង​ស៊ី​រី​រង​ការវាយប្រហារ​ពី​ក្រុម IS ខណៈ​ព្យាយាម​រំដោះ​ជន​ស៊ីវិល​ចុងក្រោយ​

ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ដ៏​សាហាវ​មួយ​ដែល​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​បាន​វាយប្រហារ​ទៅលើ​កងកម្លាំង​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈពេល​ពួកគេ​ព្យាយាម​ចរចា​លើ​ការរំដោះ​ជន​ស៊ីវិល​ដែល​ជាប់​នៅក្នុង​ទឹកដី​ចុងក្រោយ​របស់​ក្រុម​ជី​ហាដ​និយម​មួយ​នេះ​។​

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) កំពុងធ្វើការ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​ដែល​នៅ​សេសសល់​ក្នុង​ទីតាំង​ចុងក្រោយ​ដូច្នេះ​ពួកគេ​អាច​បញ្ចប់​រដ្ឋ Caliphate របស់​ក្រុម IS បាន​តាមរយៈ​ការវាយលុក​ឬ​កិច្ចព្រមព្រៀង​ចុះចាញ់​មួយ​។​

ពួក​ជី​ហាដ​បាន​វាយលុក​ផ្នែក​ធំៗ​នៃ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៤​។​
​អ្នកនាំពាក្យ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដែល​កំពុង​ប្រយុទ្ធ​ក្រុម IS បាន​និយាយថា កងកម្លាំង​អន្ដរជាតិ​បាន​បន្ត​គាំទ្រ SDF នៅពេល​ពួកគេ​ចរចារ​ឲ្យ​រំដោះ​ជន​ស៊ីវិល​ស្លូតត្រង់​និង​ប្រគល់​អ្នក​ប្រយុទ្ធ​របស់​ពួកគេ​មកវិញ​។​

​ក្រុម​ដែល​គាំទ្រ​ដោយ​អាមេរិក​និង​ក្រុម​សង្កេតការណ៍​មួយ​បាន​និយាយថា ខណៈដែល SDF បាន​វាយប្រហារ​អ្នក​ប្រយុទ្ធ​ក្រុម IS ចុងក្រោយ​នោះ គ្រាប់បែក​ក្នុង​រថយន្ត​មួយ​បានសម្លាប់​កម្មករ​ប្រេង​ចំនួន​១៤​នាក់​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​ចំនួន​ប្រាំមួយ​នាក់​នៅក្បែរ​អណ្តូងប្រេង Omar ដែល​ខ្លួន​ប្រើ​ជា​មូលដ្ឋាន​សំខាន់​របស់ខ្លួន​ក្នុង​តំបន់​។​

​ក្រុម IS បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​តាម​កម្មវិធី Telegram ដោយ​និយាយថា យុទ្ធជន​របស់ខ្លួន​បាន​បង្កៃ​និង​បំផ្ទុះ​រថយន្ត​ដែល​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​។​
​អ្នកនាំពាក្យ SDF លោក Adnan Afrin បាន​និយាយថា ការផ្ទុះ​នៅក្នុង​ភូមិ Shheel ដែលមាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ទីក្រុង Baghouz គឺជា​ឧទាហរណ៍​មួយទៀត​នៃ​ក្រុម IS ដែល​វាយប្រហារ​ទៅលើ​ក្រុម​អ្នក​ប្រយុទ្ធ​របស់ខ្លួន​នៅ​ពីក្រោយ​សមរភូមិ​ជួរមុខ​៕ AFP


TAG