ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​នី​ហ្សេ​រី​យ៉ា​រៀបចំ​សម្រាប់​ការបោះឆ្នោត​ដែល​ពន្យារពេល

ប្រទេស​នី​ហ្សេ​រី​យ៉ា ​បានធ្វើ​ការប៉ុនប៉ង​ជា​លើក​ទី​ពីរ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ​និង​សភា​នៅ​ចុង​សប្តាហ៍​នេះ ​បន្ទាប់ពី​ការ​ពន្យារពេល​ចុងក្រោយ​បំផុត ​ដែល​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ខឹងសម្បា ​និង​ដុត​កម្តៅ​នយោបាយ។

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឯករាជ្យ (INEC) នឹង​ព្យាយាម​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ធំ​បំផុត​នៅ​ទ្វីបអាហ្វ្រិក​ដែល​ក្នុងនោះ​លោក​ប្រធានាធិបតី Muhammadu Buhari កំពុង​ស្វែងរក​អាណត្តិ​៤​ឆ្នាំ​ជា​លើក​ទី​ពីរ​។​

អ្នកប្រកួតប្រជែង​ជាមួយ​គាត់​នៅក្នុង​អ្វីដែល​គេ​រំពឹងថា​នឹង​ក្លាយជា​ការប្រឡងប្រណាំង​យ៉ាង​ជិតស្និទ្ធ​នោះ​គឺ​លោក Atiku Abubakar ដែលជា​អតីត​អនុ​ប្រធានាធិបតី​។​

ប្រធាន INEC លោក Mahmood Yakubu បាន​ប្រឈម​នឹង​ការអំពាវនាវ​ឲ្យ​លាលែង​ពី​តំណែង​ចាប់តាំងពី​លោក​បានប្រកាស​ពី​ការពន្យារពេល​មួយ​សប្តាហ៍​មុន​ការបោះឆ្នោត​នឹងត្រូវ​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​មុន​។​

ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក គាត់​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​ស្ងៀមស្ងាត់​ដោយ​ទទូចថា ស្ថាប័ន​មួយ​នេះ​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ខាង​ដឹកជញ្ជូន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការផ្ទេរ​សម្ភារៈ​បោះឆ្នោត​។​

លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង Abuja កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ខ្ញុំ​ចង់​ធានា​ដល់​អ្នក​ថា ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​។ នឹងមិន​មានការ​ពន្យារពេល​ទៀត​ទេ”។

ទោះបីជា​យ៉ាងណាក៏ដោយ នឹង​មានការ​ផ្តោតអារម្មណ៍​ទៅលើ​ស្ថានីយ៍បោះឆ្នោត​ជិត​១២០,០០០​កន្លែង​នៅពេល​ពួកគេ​បើក​នៅ​ម៉ោង​៧​ព្រឹក​ដើម្បី​ពិនិត្យ​មើលថា​តើ​ប្រអប់​សន្លឹកឆ្នោត ក្រដាស​និង​សន្លឹក​លទ្ធផល​ត្រូវបាន​គេ​ប្រគល់​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​ដែរឬទេ។

អ្នកឯកទេស IT បានធ្វើការ​គ្រប់ពេលវេលា​ដើម្បី​កំណត់​រចនាសម្ព័ន្ធ​ម៉ាស៊ីន​ចំនួន​១៨០,០០០​គ្រឿង​ដែល​ចាំបាច់​ដើម្បី​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ​និង​អនុញ្ញាត​ឲ្យ​ប្រជាជន​បោះឆ្នោត។

គួរ​បញ្ជាក់ថា មាន​អ្នកបោះឆ្នោត​ត្រឹមតែ​ជាង​៨៤​លាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​នៅ​ឆ្នាំនេះ​បើទោះបីជា INEC បាន​និយាយថា មនុស្ស​១១.២​លាន​នាក់ (១៣,៧​ភាគរយ​) មិន​បានទទួល​ប័ណ្ណបោះឆ្នោត​ជា​អចិន្ត្រៃយ៍​របស់​ពួកគេ​ក៏ដោយ។

ក្នុងការ​បោះឆ្នោត​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៥ មាន​អ្នកបោះឆ្នោត​ដែល​ចុះបញ្ជី​ចំនួន​៦៧.៤​លាន​នាក់​។ លោក Buhari នៃ​គណបក្ស All Progressives Congress (APC) បានឈ្នះ​ចំនួន​១៥.៤​លាន​សន្លឹក​ក្នុងចំណោម​សន្លឹកឆ្នោត​ដែល​យកជាការ​ចំនួន​២៨.៥​លាន​សន្លឹក៕ AFP