ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​កីឡាករ​គុន​ខ្មែរ​៤​នាក់ ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​គុន​ខ្មែរ​ ឆ្នាំ​២០១៩

អតីត​កីឡាករ​គុន​ខ្មែរ​៤​នាក់ គឺ​ លោក អេ ភូ​ថង លោក ​ឡុង សាល​វ័​ន្ត លោក​ សេន ប៊ុន​ថេ​ន និង លោក ឡៅ ស៊ី​ណាត បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើសជាតិ​ប្រចាំ ឆ្នាំ​២០១៩ បន្ទាប់ពី​ការ​ជ្រើសរើស ដោយ​ការបោះឆ្នោត​នោះ​។​

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ និង​ជ្រើសរើស​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ឈុត​តូច​(​ថ្នាល់​សម្រាប់​ឆ្នាំ​២០២៣) និង គ្រូ​បង្វឹក​ប្រចាំ​ឆ្នាំ​២០១៩ ដោយមាន​ការ​អញ្ជើញ​ពី​លោក​ឧត្ដមសេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង សមាជិក​ប្រតិបត្តិ ព្រមទាំង​តំណាង​ក្លិប​ជាង​៣០​នោះ។​

លោក តែម ម៉ឺន​បាន​មានប្រសាសន៍ថា សម្រាប់​ការជ្រើសរើស​គ្រូបង្វឹក​ជម្រើសជាតិ ឈុត​ធំ ឈុត​តូច​(​ថ្នាល​សម្រាប់​ឆ្នាំ​២០២៣) គណៈកម្មការ​ធ្វើតាម​ច្បាប់​របស់​សហព័ន្ធ ដោយ​ឲ្យ​មាន​បេក្ខជន​ឈរ​តាម​ការស្ម័គ្រចិត្ត ក្នុងនោះ​មាន​ចំនួន​៥​នាក់ ក្រោយពី​ធ្វើការ​បោះឆ្នោត​រើស​បាន​២​នាក់ ​គឺ លោក អេ ភូ​ថង និង ​លោក ​ឡុង សាល​វ័​ន្ត ក្លាយ​ជា​គ្រូបង្វឹក​ដដែល​។

ចំណែក​ឈុត​តូច (​ថ្នាល់​សម្រាប់​ឆ្នាំ​២០២៣) មិន​ខុសពី​ឈុត​ធំ​ឡើយ ក៏​រើស​បាន​២​នាក់​ដែរ គឺ​លោក​សេន ប៊ុន​ថេ​ន និង​លោក ឡៅ ស៊ី​ណាត ហើយ​លោកគ្រូ​៤​នាក់​បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រែង​ប្រឹង​ឲ្យ​អស់​ចិត្ត​ក្នុង​ហ្វឹកហាត់​កូនសិស្ស ឲ្យ​ដណ្តើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​សហព័ន្ធ ជាពិសេស​ប្រទេស​កម្ពុជា​ទាំងមូល​តែម្តង​។​

ដោយឡែក ក្រុម​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​ឈុត​ធំ គណៈកម្មការ​ជ្រើសរើស​តាម​ការប្រកួត​កីឡា SEA Games លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ដែល​បានកំណត់​ប្រភេទ​ទម្ងន់ គឺ​កីឡាករ ឃុន ឌី​ម៉ា កីឡាករ ឡៅ ច​ន្ត្រា កីឡាករ ហ៊ឹម សេរី កីឡាករ ជា ចំរើន កីឡាករ​តា​ញ់ មករា កីឡាករ ហ៊ឹម គឹម​រៀង កីឡាករ​ ផល សោ​ភ័​ណ្ឌ និង កីឡាករ ឈុត សេរី​វ៉ាន់​ថង។

រីឯ​ឈុត​តូច​(​ថ្នាល​សម្រាប់​ឆ្នាំ​២០២៣) រួមមាន​កីឡាករ សូត្រ វាសនា កីឡាករ រិ​ន ដេវីត កីឡាករ​អេ អាំ​ម៉ា​រី​ន កីឡាករ យិ​ប ឌុ​ក កីឡាករ សិច សុ​ភី កីឡាករ រុន សាវ និង​កីឡាករ សែត ពិសិដ្ឋ៕​