ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្មក់​ចូល​បង្ក្រាប​ថ្នាំញៀន​នៅ​មជ្ឈមណ្ឌល​កំសាន្ដ​រ៉ុ​ក ​ចាប់ខ្លួន​មនុស្ស​ប្រមាណ​៣១៥​នាក់​ និង​ថ្នាំញៀន ជិត​៥០​គីឡូក្រាម​

ភ្នំពេញ ៖ លោក ស ថេត មេ​ប៉ូលិស​ក្រុងភ្នំពេញ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​កម្លាំង​ជាច្រើន​នាក់ ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​ឃាត់​មនុស្ស​រាប់រយ​នាក់ ​និង​ដកហូត​ថ្នាំ​ញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​បង្ក្រាប​នោះ ​មានការ​សម្របសម្រួល​ដោយ ​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី ភ្នំពេញ ដឹកនាំ ដោយ​ លោក ស ថេត អគ្គស្នងការ នគរបាល​ជាតិ និង​ជា ស្នង​ការ នគរបាល រាជធានី​ភ្នំពេញ លោក សុង លី ​ជា​ស្នងការ​រង លោក ប៊ុន សត្យា ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ចំនួន​៣១៥​នាក់ ​រួម​ទាំង​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​គ្រប់​ប្រភេទ​តាម​បន្ទប់​នីមួយៗ​មាន ​ទាំង​ថ្នាំ​គ្រាប់ ​និង​កញ្ចប់​ម្សៅ​ជាច្រើន​កញ្ចប់ ហើយ​មនុស្ស​ទាំងប្រុស​និង​ស្រី​ជាច្រើន​នាក់ ​រួមទាំង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​តាមច្បាប់។​

លោក ស ថេត អគ្គស្នងការ នគរបាល​ជាតិ និង​ជា​ស្នងការ នគរបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ​នេះ​ថា កាលពី​យប់​ថ្ងៃទី​២២​កុម្ភៈ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចម្រុះ ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ដោយ​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿង​ញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម។

គួរ​រំលឹក​ថា នេះ​មិនមែន​លើក​ទី​១​នោះ​ទេ ដែល​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ​ត្រូវ​បាន​សមត្ថកិច្ច ចូល​ទៅ​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់​ ដូចជា កាលពី​វេលា​ម៉ោង​២និង​២០​នាទី រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ទី​៦​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​/ស្រី​ចំនួន​៤​នាក់ នៅក្នុង​បន្ទប់​១០៨ ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​នោះ ចំណោម​៤​នាក់​មាន​ម្នាក់​ជា​អតីត ពិធីករ ទូរទស្សន៍ លោក ហែម បូរិទ្ធ ហៅ​ឡាយ​អិន និង​ដកហូត​បាន​ថ្នាំញៀន​ជាង​១​គីឡូក្រាម។

កន្លងមក លោក គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក៏​ធ្លាប់​បាន​សន្យា​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ មិន​អនុញ្ញាត​ឲ្យ​មាន​ការផលិត ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​អាជីវកម្ម របស់ខ្លួន​។

ក្នុងករណី​លោក​មិន​អនុវត្ត​តាម សុខចិត្ត​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បិទ​អាជីវកម្ម និង សុខចិត្ត​ទទួល​ខុស​ត្រូវ​តាមច្បាប់ ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​បច្ចុប្បន្ន មណ្ឌល​កំសាន្ត Rock ក៏​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើ​ការ​បិទ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន៕​