ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​២០១៩​នេះ

​ភ្នំពេញ ​៖ ​ដោយមាន​ការបារម្ភ​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ អាច​នឹង​មានការ​ផ្ទុះឡើង​នូវ​ជំងឺគ្រុនឈាម​នោះ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រូវ​ចូលរួម​វិធានការ​ការពារ​ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​ជំងឺ​នេះ​។

ថ្លែង​នៅក្នុង​កម្មវិធី​បិទ​សន្និបាត បូកសរុប​ការងារ​របស់ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ អង្គរ អេ​រ៉ា ក្រុង​សៀមរាប​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានស្នើ​សុំ​ដ៏​ទទូច​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ផ្ទុះឡើង នូវ​ជំងឺគ្រុនឈាម ក្នុង​ឆ្នាំ​២០១៩​នេះ​។

ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ដែល​ធ្វើការ​ងារ​លើ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ត្រូវ​អប់រំ​សុខភាព​ដល់​ប្រជាជន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា​ឲ្យ​បាន ដូចជា សំបក​កង់ឡាន​-​ម៉ូតូ (​ត្រូវដាក់​ក្រោម​ដំបូល ឬ​ចាក់ដី​បំពេញ ឬ​ដាក់​ប្រេងម៉ាស៊ីន​ប្រើ​រួច ឬ​គរ​ត្រួត​លើ​គ្នា​គ្រប​ស្បៃ​មុង​) សំបក​កំប៉ុង សម្ភារ​ដក់​ទឹក កុំ​បាញ់ថ្នាំ​មូស​ច្រើនពេក​ព្រោះ​អាច​ជំរុញ ឲ្យ​មាន ភាព​ស៊ាំ​ថ្នាំ​លើ​ពពួកសត្វ​មូស ដែល​នឹង​បង្ក​ផលវិបាក​យ៉ាងច្រើន ក្នុងការ​សម្លាប់​មូស​ខ្លា ឲ្យ​មាន​ប្រសិទ្ធភាព​នាពេល​អនាគត​។ ដូច្នេះ វិធានការ​បាញ់ថ្នាំ​មូស​គេ​ទុក​អនុវត្ត នៅពេល​មានការ​រាតត្បាត​ប៉ុណ្ណោះ​។

លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា វិធានការណ៍​ដ៏​ល្អ​នោះ គឺ​ការអនុវត្ត​អនាម័យ​ស្អាត សម្អាត​លំនៅឋាន លុបបំបាត់​ជម្រក​មូស​ខ្លា បំបាត់​ដង្កូវទឹក​ដោយ​ប្រើ​ថ្នាំ​អា​បែ​ត ឬ​លាង​សម្អាត​ពាង​អាងយ៉ាង​តិច​មួយដង​ក្នុង​មួយ​សប្តាហ៍ ឬ​ចិញ្ចឹម​ត្រី​ប្រាំពីរ​ពណ៌ បង្ការ​ការ​ខាំ​ចម្លង​របស់​សត្វ​មូស​ដោយ​សម្រាន្ត​ក្នុង​មុង ស្លៀក​ខោអាវ​វែងៗ កុំ​អង្គុយលេង​នៅ​កន្លែង​ងងឹតៗ និង​ត្រូវ​រួសរាន់​បញ្ជូន​អ្នកជំងឺ​គ្រុនក្តៅ​ខ្លាំង​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ឲ្យ​បាន​ទាន់ពេលវេលា​។ ហើយ​ទាំងនេះ គឺ​បុគ្គល​គ្រប់រូប គឺជា​អ្នក​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​បានល្អ​ប្រសើរ​បំផុត ជាង​គ្រូពេទ្យ​ទៅទៀត​។

លើស​ពី​នោះ លោកស្រី បាន​បន្ថែម​ថា​ « បុគ្គល​គ្រប់រូប គឺជា​អ្នក​ថែទាំ​សុខភាព​របស់ខ្លួន​បានល្អ​ប្រសើរ​បំផុត ជាជាង​ការ​រង់ចាំ​គ្រូពេទ្យ​ទៅ​ផ្តល់​ការថែទាំ​សុខភាព មានន័យថា បើ​ទោះជា​គ្រូពេទ្យ​ពូកែ​យ៉ាងណាក៏ដោយ តែបើ​បុគ្គល​មិន​អនុវត្ត​វិធានការណ៍​ការពារ និង​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​ទេនោះ ជំងឺ​នឹង​ញាំញី​លើ​បុគ្គល​នោះ​»​។

គួរ​បញ្ជាក់​ថា អង្គសន្និបាត​របស់ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ ក៏បាន​បង្ហាញ​នូវ​ផែនការ និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការបន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​កម្មវិធី​ជាតិ​ទាំងបី ដោយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ត្រូវ​សម្រេច​នូវ​គោលដៅ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ និង​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ Plasmodium falciparum ឲ្យ​បាន​នៅ​ឆ្នាំ ២០២០​។

សម្រាប់​កម្មវិធី​ប្រយុទ្ធ​នឹង​គ្រុនឈាម ត្រូវ​ធានា​ឲ្យ​អត្រា​ស្លាប់​នៅ​ទាប​ជាង ០.២% និង​កាត់បន្ថយ​អត្រា​ឈឺ​ឲ្យ​បាន​ទាប​ជាង ៨០% នៃ​ស​ន្ទ​សន៍​ប្រាំ​ឆ្នាំ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៩​។ ចំណែកឯ​កម្មវិធី​ដង្កូវ​ព្រូន ត្រូវ​បន្ត​ធានា​ឲ្យ​បាន​នូវ​អត្រា​គ្រប​ដណ្តប់​ថ្នាំ​ទម្លាក់​ព្រូន ដល់​ប្រជាជន​គោលដៅ​ឲ្យ​បាន​ច្រើនជាង​៩០% ក្នុង​ឆ្នាំ ២០១៩​ផងដែរ​៕