ព័ត៍មានទាន់​ហេតុការណ៏
Search

គ​.​ជ​.​ប​បានសម្រេច​ជា​ផ្លូវការ​លើ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កា​ត់គ​.​ជ​.​ប បានសម្រេច​ជា​ផ្លូវការ​លើ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ការសម្រេច​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ទទួលបាន​អនុសាសន៍ ពី​ស្ថាប័ន​ចំនួន​១០ និង​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ ២០១៩​នេះ អគ្គលេខាធិការដ្ឋាន​គ​.​ជ​.​ប បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​អនុសាសន៍ ទាំងនោះ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីកា​រគ​.​ជ​.​ប ដែលមាន​ការចូលរួម​ពី​សំណាក់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​តំណាង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​៥ គណបក្សនយោបាយ​ចំនួន​៤ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ពីរ​អង្គភាព​សារព័ត៌មាន​ចំនួន​៨ រួមទាំង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៣១​នាក់ សរុប​អ្នកចូលរួម​ចំនួន ៦៣​នាក់​។

ទាក់ទង​បញ្ហា​នេះ លោក​ទេព នីថា អគ្គលេខាធិការ​គជប បាន​ថ្លែងថា បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ផ្លូវការ​នេះ នឹង​ត្រូវបាន​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់​គជប​នៅក្នុងពេល​ឆាប់ៗ​នេះ​។ លោក​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៩ នេះ យោងតាម​ច្បាប់បោះឆ្នោត និង​តាម​ការចាំបាច់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​ភារកិច្ច​សំខាន់ៗ ចំនួន​៣ ព្រម​គ្នា​។ ការងារ​សំខាន់ៗ ទាំង​៣ នោះ​រួមមានៈ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ និង​ការប្រឡងប្រជែង​ជ្រើសរើស​សមាជិក​លេខាធិកា​រដ្ឋា​ន​នៃ​រាជធានី ខេត្ត​។

តាម​លោក ទេព នីថា ការងារ​ទាំង​៣ ខាងលើនេះ ត្រូវបាន គ​.​ជ​.​ប ត្រៀម​ទាំង​ក្របខណ្ឌ​ច្បាប់ និង​ផែន​ការដែល​ត្រូវធ្វើ​ព្រម​គ្នា​តាំងពី​ចុងឆ្នាំ​២០១៨​។ ការងារ​នេះ​ចាប់ផ្តើម​ពី​ខែកុម្ភៈ ហើយ​ត្រូវ​បញ្ចប់​ជា​បន្តបន្ទាប់​ទៅតាម​ប្រតិទិន​កំណត់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114