ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​បុរស​ម្នាក់ ដេក​ស្លាប់​នៅ​វាលស្រែ ខាងត្បូង​ភូមិ​ត្រពាំង​ត្រស់​

កំពង់ចាម ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ដោយសារ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ ​ដេកស្លាប់​នៅ​កណ្តាល​វាលស្រែ​ ដោយ​មិនដឹង​មូលហេតុ​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ វេលា​ម៉ោង០៥​និង​២០​នាទី មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​រាយការណ៍​ថា​ បាន​ប្រទះឃើញ​សាកសព​មនុស្ស​ប្រុស​ម្នា​ក់ មាន​វ័យ​ប្រហែល​៤០​ឆ្នាំ​ ដេក​ស្លាប់​នៅ​ចំណុច​វាលស្រែ​ខាងត្បូង​ ភូមិ​ត្រពាំង​ត្រស់ ឃុំ​ក្រឡា​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ដោយ​មាន​កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ,​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រឡា គ្រូពេទ្យ​,​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី ម៉ឹង សាវឿន នាយ​ផ្នែក​ នៃ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ខេត្ត​កំពង់ចាម ចាត់វិធានការ​បន្ទាន់​ចុះ​ដល់​កន្លែងកើតហេតុ​ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​តាម​ការស្រាវជ្រាវ​ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​សព​ជនរងគ្រោះ​ ឈ្មោះ ជា សុថា​រិ​ន​ ហៅ​ចេក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម។​

តាម​ការបំភ្លឺ​ពី​ក្មួយប្រុស​របស់​សព​ ម្នាក់ ឈ្មោះ ឈឿន វ៉ាន់ថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម តាមរយៈ​ទូរស័ព្ទ បាន​ឲ្យ​ដឹង​ថា ឈ្មោះ ជា សុថា​រិ​ន ហៅ​ចេក មាន​ជំងឺ​សរសៃ​ប្រសាទ។​

បន្ទាប់មក​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​លើ​សាកសព ឃើញ​ថា ​​នៅ​លើ​សាកសព ផ្នែក​ក្បាល ផ្នែក​ក ផ្នែក​ដងខ្លួន ​និង​ផ្នែក​អវយវៈ ដៃ ជើង ពុំ​មាន​ស្លាកស្នាម​អ្វី​ទាំងអស់។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​បានឃើញ​សកម្មភាព​របស់​ជនរ​ង​គ្រោះ​មុនពេល​ស្លាប់​ គឺ​បាន​ដើរ​តាមផ្លូវ​ចុះឡើងៗ​ កាត់​មក​តាម​ខាងក្រោយ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​ក្រឡា ស្រុក​កំពង់សៀម តាំងពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​១៧និង​២០​នាទី ស្រាប់តែ​ឃើញ​ដេក​ស្លាប់​តែម្តង​។​

ប៉ូលិស​បាន​បញ្ជាក់​ថា ​តាម​ការ​សន្និដ្ឋាន​របស់​គណៈកម្មការ​ពិនិត្យ​លើ​សព គឺ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​សំពាធ​ឈាម​ឡើង​ខ្ពស់ (​ខ្យល់គរ​) ពិតប្រាកដ​មែន ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។​

ក្រោយពី​ពិនិត្យ​សព​រួច​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​បងប្អូន​ក្រុមគ្រួសារ ​នៃ​សព​មក​ទទួលយក​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114