ព័ត៍មានទាន់​ហេតុការណ៏
Search

ចូល​លុយ​គ្នា​ទិញ​ម៉ូតូ​ទុក​ជិះ​ធ្វើ​សកម្មភាព​ឆក់​ តែ​សំណាងអាក្រក់​ជាប់​ខ្នោះ​សមត្ថកិច្ច​

​ភ្នំពេញ ៖ វា​ជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ ព្រោះ​គេ​ធ្លាប់តែ​ឃើញ​ចូល​លុយ​គ្នា​រកស៊ី​ស្របច្បាប់​ចម្លែក​តែ​ជនសង្ស័យ​ពីរ​នាក់​នេះ ​ចូល​លុយ​គ្នា​ទិញ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​ តែ​ទី​បំផុត​ជាប់​ខ្នោះ​របស់​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ដដែល​។​

យោង​តាម​ប្រភព​ពី ​លោក​អនុសេនីយ៍ឯក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា​ កាលពី​ព្រលប់ ​ថ្ងៃទី​២៣​កុម្ភៈ ​មាន​ករណី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ ឈ្មោះ ​សុខ ឌួង អាយុ​២៦​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម៉ា​កា​ឡូត​៥​ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។​

លោកនាយ​ប៉ុស្តិ៍​បន្ត​ទៀត​ថា ​នៅ​ព្រលប់​ថ្ងៃទី​២៣​កុម្ភៈ​នេះ ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​ត្រឡប់​មកពី​ផ្សារ​ស្ទឹងមានជ័យ​មក​ផ្ទះជួល​។ ​លុះ​មកដល់​ជិត​ផ្ទះជួល​ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​តាកែវ​១O ៤២ ៤៨​ បានមក​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​នារី​រងគ្រោះ ​រួច​បើក​គេច​ទៅ​សង្កាត់​អូរ​បែកក្អម​ តែ​ត្រូវបាន​ជនរងគ្រោះ​ឲ្យ​ម៉ូតូឌុប​ជិះ​ដេញតាម ​រួច​បុក​ពី​ក្រោយ ​បណ្តាល​ឲ្យ​ដួល​ និង​ក្របួច​បាន ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ ចាត់ការ​តាម​នីតិ​វិធី​។​

ជនសង្ស័យ​ទី​១-​ឈ្មោះ ​គង់ សារិន ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​តា​ព្រឹម ​ឃុំ​សំបួរ​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ និង​ម្នាក់ទៀត​ ឈ្មោះ​ វន សៀត ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ចា​ជ្រុំ​ ឃុំ​ក្តឿង​រាយ​ ស្រុក​កញ្ជ្រៀច​ ខេត្ត​ព្រៃវែង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114