ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ៖ អាជ្ញាធរ ​ត្រូវ​ធ្វើ​បុណ្យ ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បម្រើ និង​ខិត​ខំ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់ ដោយ​មិន​ទុក​គាត់​ចោល​

​កណ្តាល ​៖ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​ពិធី​សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា ក្នុង​វត្ត​អង្គ​សិរី នៅ​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

មាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​សមិទ្ធផល​នៅ​វត្ត​អង្គ​សិរី​ដែល​កើតឡើង​ដោយ​ការខិតខំ​ចលនា​កៀរគរ​ពី​សំណាក់​ព្រះចៅ​អធិការ​គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ និង​បាន​រួមគ្នា​កសាង​សមិទ្ធផល​ជាច្រើន ហើយ​ការ​រីកចម្រើន​បែបនេះ​ទៅបាន ដោយសារ​ប្រទេស​មាន​សុខសន្តិភាព មានការ​រីកចម្រើន វិស័យ​សាសនា និង​មាន​ការ​ចូលរួម​ចែករំលែក​ពី​សំណាក់​ពុទ្ធបរិស័ទ សប្បុរសជន ដើម្បី​កសាង​សមិទ្ធផល​នៅទីនេះ ​ក៏ដូចជា​សមិទ្ធផល​ជាច្រើន​នៅ​ទូទាំងប្រទេស​។

លោក​បន្តថា ការរស់នៅ​ក្នុងសង្គម​មួយ បើ​គ្មាន​សាសនា​អប់រំ​ផ្លូវចិត្ត សីលធម៌ គុណធម៌ ការ​កសាង​អំពើ​ល្អ​នោះ​ទេ យើង​មិនមាន​សេចក្តីសុខ​នោះ​ទេ ហើយ​មាន​ការ​កាប់ចាក់​គ្នា​មិន​ឈប់​។ សាសនា បាន​ដើរតួ​សំខាន់​ណាស់​សម្រាប់​អប់រំ​សីលធម៌ គុណធម៌ អប់រំ​ណែនាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ក្នុង​សង្គម ហើយ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ​ដែលមាន​ដឹកនាំ​ដោយ​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​វិស័យ​សាសនា​ដោយ​ផ្អែកលើ​ការ​ធ្វើ​បុណ្យ ការ​ធ្វើ​អំពើ​ល្អជា​មួយ​ប្រជាពល​រដ្ឋ​ធ្វើ​ឲ្យ​ប្រទេស​រីកចម្រើន​ទៅមុខ​។​

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា សមិទ្ធផល​ដែល​មាន​ថ្ងៃនេះ គឺជា​សមិទ្ធផល​បន្ថែម​រយៈ​ពេល​៤០​ឆ្នាំ​ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។ សូម​ថ្លែងអំណរគុណ​ព្រះចៅ​អធិការ​គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​ចែករំលែក​កសាង​សមិទ្ធផល និង​សូម​អរគុណ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ជួយ​សម្រួល​នៅក្នុង​ការកសាង​សមិទ្ធផល​ទាំងអស់នេះ​។

លោក​បញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល បាន​ខិតខំ​ណាស់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ ត្រូវធ្វើ​បុណ្យ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​ពួកគាត់​ចោល​នោះទេ ហើយ​ត្រូវខិតខំ​ដោះស្រាយ​ជូន​ពួកគាត់​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​គោលនយោបាយ​នៅក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធ​ផល​ផ្សេងៗ​ដើម្បី​ផលប្រយោជន៍​រួម​។​

ជាមួយគ្នា​នោះដែរ លោក​បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់​រមៀត និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កណ្ដាលស្ទឹង ដែល​បាន​បោះឆ្នោត​គាំទ្រ ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​បាន​ផ្តល់​ឱកាស និង​លើកទឹកចិត្ត​ដល់​អ្នក​ខិតខំ​ធ្វើ​ពិតប្រាកដ ដើម្បី​ថែរក្សា​សុខ​សន្តិភាព និង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន​ត​ទៅមុខទៀត​។ នេះហើយ​ការធ្វើ​បុណ្យ ការធ្វើ​អំពើ​ល្អ​ទៅវិញទៅមក ដែល​រាជ​រដ្ឋា​ភិបាល​បានធ្វើ​អំពើ​ល្អ​បម្រើ​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​បាន​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នកធ្វើ​ពិតប្រាកដ​។​

តាម​លោក ហ៊ុន ម៉ា​ណែ​ត ការ​ប្ដេជ្ញា​ចិត្ត​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គឺ​បម្រើ​ប្រជាពលរដ្ឋ និង​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ សូម​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​ចុះ​អំពើ​ល្អ​នៅតែ​ឈ្នះ​អស់​មារ​សត្រូវ ហើយ​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព មានការ​រីកចម្រើន​ទៅមុខ​។ សូម​ប្រជាពលរដ្ឋ​ បន្ត​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​នៅ​ក្នុង​ការការពារ​ប្រជាជន ការពារ​ផលប្រយោជន៍​ជាតិ ហើយ​យើង​រួមគ្នា​កសាង​ប្រទេស​ទៅមុខ​បន្ត​ទៀត​។

សម្ដេច​តេ​ជោ លោក​ហត់​ណាស់ ប៉ុន្តែ​កម្លាំងចិត្ត​របស់​លោក​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច លោក​បាន​ខិតខំ​ធ្វើការ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ខិតខំ​លើក​កិត្តិយស​ជាតិ​គ្រប់​ទីកន្លែង ខិតខំ​កៀរគរ​អ្នកវិនិយោគ​មក​វិនិយោគ​នៅក្នុង​ប្រទេស ​ដើម្បី​បង្កើត​ឱកាស​ការងារ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ ដោះស្រាយ​បម្រើ​ប្រជាពលរដ្ឋ ហើយ​លោក​តែងតែ​គិតគូរ​យកចិត្តទុកដាក់ និង​មាន​កម្លាំងចិត្ត​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​ដោយ​មិន​រត់ចោល​ប្រជាពលរដ្ឋ​ដូច​អ្នកនយោបាយ​ខ្លះ​នោះទេ​។​

លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា អ្នកនយោបាយ​ខ្មែរ​មួយចំនួន គួរតែ​លើក​កិត្តិយស​ជាតិ​នៅក្រៅ​ប្រទេស ប្រសើរ​ជាង​បន្តុះបង្អាប់​ជាតិ​ឯង​។ បើ​ខ្មែរ​មិន​ជួយ​លើក​ជាតិខ្មែរ គ្មាន​នរណា​លើក​យើង​ទេ​។
រួមគ្នា​ធ្វើអំពើ​ល្អ ព្រោះ​ការធ្វើ​អំពើ​ល្អ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។

សូម​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សេចក្តី​សុខ​សុខ​សប្បាយ និង​ការ​រីកចម្រើន​របស់​ប្រទេសជាតិ កុំ​ធ្វើតាម​ការ​ញុះញង់​តាម​កលល្បិច​របស់​អ្នកនយោបាយ​មួយ​ចំនួន ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​។ សូម​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើការ និង​កសាង​អនាគត​កូនចៅ​យើង​ជំនាន់​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114