ព័ត៍មានទាន់​ហេតុការណ៏
Search

​លំហូរ​មនុស្ស​ចាកចេញ​ពី​តំបន់​ចុងក្រោយ​របស់​ក្រុម IS បានដាក់​សម្ពាធ​លើ​កងកម្លាំង​ស៊ី​រី​

​កងកម្លាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​កំពុងតែ​តស៊ូ​ដើម្បី​ទប់​ទល់នឹង​លំហូរ​នៃ​ជនបរទេស​ដែល​ចាក​ចេញពី​ការដួលរលំ​នៃ​រដ្ឋ Caliphate របស់​ក្រុម​រដ្ឋ​ឥស្លាម​ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​សម្រាប់​ពលរដ្ឋ​របស់​ពួកគេ​។​

​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​បាន​ជម្លៀស​មនុស្ស​ប្រុស ស្រី​និង​កុមារ​ជិត​៥,០០០​នាក់​ចេញពី​តំបន់​កាន់កាប់​ដោយ​ពួក​ជី​ហាដ​និយម​កាលពី​ថ្ងៃ​ពុធ​ហើយ​កងកម្លាំង​នេះ​កំពុង​ខិត​កាន់តែ​កៀក​ទៅនឹង​ការដណ្តើម​ទឹកដី​ចុងក្រោយ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម IS មកវិញ​។​
​មន្ត្រី​ការបរទេស​ឃើ​ដលោក Abdel Karim Omar បាន​ប្រាប់ AFP ថា “​ចំនួន​អ្នក​ប្រយុទ្ធ​បរទេស​និង​សាច់ញាតិ​របស់​ពួកគេ​ដែល​យើង​កំពុង​កាន់កាប់​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​”​។ លោក​បន្តថា “​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចុប្បន្ន​របស់​យើង​មិនអាច​ដោះស្រាយ​លំហូរ​ដ៏​ធំ​បែបនេះ​បានទេ​”​។​

​ជនជាតិ​ឃើ​ដ​ស៊ី​រី​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​បណ្តា​ប្រទេស​បរទេស​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​របស់​ពួកគេ​ប៉ុន្តែ​ប្រទេស​ភាគច្រើន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាត​ឲ្យ​ជន​ជី​ហាដ​និយម​រឹងរូស​និង​សាច់ញាតិ​របស់​ពួកគេ​ត្រលប់មក​ផ្ទះ​វិញ​ដោយសារតែ​បញ្ហា​សន្តិសុខ​។​

​អ្នកនាំពាក្យ SDF លោក Mustefa Bali បាន​និយាយ​នៅលើ​គេហទំព័រ Twitter កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា “​ខណៈដែល​ជនបរទេស​រាប់ពាន់នាក់​បាន​រត់គេច​ចេញពីរ​ដ្ឋ Caliphate ដែល​ដួលរលំ​របស់​ក្រុម IS នោះ បន្ទុក​ដែល​ធ្ងន់​រួចទៅហើយ​សម្រាប់​ពួកយើង​ក្នុងការ​ដោះស្រាយ​វា​គឺ​កាន់តែ​ធ្ងន់​ទៅៗ​”​។​

​លោក​បន្តថា “​រឿងនេះ​នឹង​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​កំពុង​រង់ចាំ​យើង​រហូត​ទាល់តែ​រដ្ឋាភិបាល​ចាត់វិធានការ​និង​បំពេញ​ទំនួល​ខុសត្រូវ​របស់ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ​របស់​ពួកគេ​”​។​
​យោងតាម SDF បាន​ឲ្យ​ដឹងថា គ្មាន​ការជម្លៀស​ត្រូវបាន​គេ​រាយការណ៍​ទេ​កាលពី​ថ្ងៃ​សៅរ៍​ប៉ុន្តែ​មនុស្ស​ពីរ​ក្រុម​ដែល​បាន​ចាកចេញ​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក្រ​គឺ​រួមមាន​ជនជាតិ​អឺរ៉ុប អ៊ីរ៉ាក់​និង​ជនជាតិ​នៃ​ប្រទេស​អតីត​ប្រទេស​សូ​វៀត​។​

​យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលជា​ក្រុម​ឃ្លាំមើល​សង្គ្រាម​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រហែល​៤៦,០០០​នាក់​រួមទាំង​ជនបរទេស​ជាច្រើន​ផងដែរ​បាន​ចាក​ចេញពី​ទឹកដី​ដែល​កំពុង​ថយចុះ​របស់​ក្រុម IS ចាប់តាំងពី​ដើមខែ​ធ្នូ​មក​៕ AFP