ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប​ ៖ កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩

ភ្នំពេញ ​៖ លោក ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប បាន​ឲ្យ​ដឹង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការ​បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា ការបិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត​ក្រុមប្រឹក្សា ចាប់​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​/​ខ​ប​) ហើយ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៩​។​

ថ្លែង​ទៅកាន់​អង្គប្រជុំ លោក ហ៊ែ​ល សារ៉ាត់ បាន​លើកឡើងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​អំពី​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ ទីតាំង​ការិយាល័យ​បោះឆ្នោត ក្នុង​គោលដៅ​រៀបចំ​បញ្ជី​បោះឆ្នោត សម្រាប់​ការិយាល័យ​បោះឆ្នោត ក្នុង​ក្រុង ស្រុក ខណ្ឌ នីមួយៗ​។ តាម​លោក ហ៊ែ​ល សារ៉ាត់ មានការ​ងារ​ពីរ ដែល គ​.​ជ​.​ប ត្រូវ​រៀបចំ​ចាត់ចែង​ក្នុងការ​ត្រៀម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ដែល​ការងារ​នោះ​រួមមាន ទី​១. ការងារ​បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត ក្នុង​គោលដៅ​រៀបចំ​បញ្ជី​បោះឆ្នោត ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ គ​ធ​/​ខ​ប និង​នៅ​សាលប្រជុំ​ឃុំ សង្កាត់ ទូទាំងប្រទេស និង​មានការ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប ផងដែរ​។ ទី​២. ដោយសារ​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​អសកល គឺ​មានតែ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ដែល​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ដូច្នេះ​ការ​ចុះឈ្មោះ​បោះឆ្នោត គឺត្រូវធ្វើ​នៅ​សាលាឃុំ សង្កាត់ តាមរបៀប​ស្រង់​ឈ្មោះ​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​ឋានានុក្រម​មក គ​.​ជ​.​ប​។

កាលបរិច្ឆេទ នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៩​។ លោក ហ៊ែ​ល សារ៉ាត់ អះអាងថា នៅក្នុង​រយៈពេល​នៃ​ការចុះឈ្មោះ​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ ចែកជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ គឺ​ដំណាក់កាល​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅតាម​សាលាឃុំ សង្កាត់ ដែលមាន​រយៈពេល​១៥​ថ្ងៃ ដោយ​មិន​រាប់បញ្ចូល​ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់សម្រាក កំណត់ដោយ​រាជរដ្ឋាភិបាល​ឡើយ​។ ដំណាក់កាល​ទី​២ បញ្ជូន​បញ្ជី​ឈ្មោះ ដែល​បានរៀបចំ​រួច​ពី​ឃុំ សង្កាត់ តាម​ឋានានុក្រម ដែលមាន​រយៈពេល​៧​ថ្ងៃ​។

ដោយឡែក​អ្នក​ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន គឺ​ទី​១, ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​នៃ​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ និង​មិនចាំបាច់​បង្ហាញខ្លួន​ចំពោះមុខ​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី​ទទួល​ព័ត៌មាន​អ្វី​នោះឡើយ​។

ទាក់ទង​បញ្ជី​បោះឆ្នោត លោក ហ៊ែ​ល សារ៉ាត់ បាន​បញ្ជាក់ថា បញ្ជី​បោះឆ្នោត ដែល​ត្រូវ​បាន​ស្រង់​បញ្ចូល​ឈ្មោះ​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​រួចហើយ ត្រូវ​ចុះហត្ថលេខា​ដោយ​មេឃុំ ចៅសង្កាត់ ហើយ​ត្រូវ​បោះត្រា​រដ្ឋបាល​ឃុំ សង្កាត់ រួច​បញ្ជូន​ទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​បន្តទៅ​រដ្ឋបាល​រាជធានី ខេត្ត​ពាក់ព័ន្ធ​។ អភិបាល​នៃ​គណៈ​អភិបាល ក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល រាជធានី ខេត្ត មាន​ភារកិច្ច​ចុះ​ពិនិត្យ និង​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ឯកភាព​លើ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​នៃ​ឃុំ សង្កាត់​ទាំងអស់ ដែល​ស្ថិត​ក្នុង​ក្រុង ស្រុក ខណ្ឌ នៃ​រាជធានី ខេត្ត​ពាក់ព័ន្ធ ក្នុងករណី​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​នៃ​ឃុំ សង្កាត់ នីមួយៗ​មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ​។

​នៅក្នុង​ដំណើរការ​ខាងលើ​នេះ គ​ធ​/​ខ​ប ត្រូវ​សម្របសម្រួល និង​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ការ​ចុះទៅ​ទទួលយក​ដោយ​ផ្ទាល់ និង​ការចាត់ចែង​បញ្ជូន​បញ្ជី​ឈ្មោះ និង​របាយការណ៍​រប​ស់​ឃុំ សង្កាត់ ទាំងអស់ ដែល​ស្ថិតក្នុង​រាជធានី ខេត្ត ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ឯកភាព​លើ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​នៃ​ឃុំ សង្កាត់​ទាំងអស់ ដែល​ស្ថិត​ក្នុង​រាជធានី ខេត្ត ទាំងអស់ សម្រាប់​បញ្ជូន​ទៅ គ​.​ជ​.​ប ឲ្យ​បាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី គ​.​ជ​.​ប រៀបចំ​ធ្វើជា​បញ្ជី​បោះឆ្នោត​ដំបូង​។ ដោយឡែក​នីតិវិធី​ក្នុង​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ការ​ប្ដឹងតវ៉ា ការប្ដឹង​ជំទាស់ គ​.​ជ​.​ប នឹង​ជម្រាបជូន​នៅពេល​ក្រោយ​ទៀត​។

​នៅក្នុង​ដំណាក់កាល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នេះ​ផងដែរ គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ ស្តីពី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​ចូលរួម​ពិនិត្យមើល​ដំណើរការ​នេះ ដោយ​ត្រូវដាក់​ពាក្យសុំ​ទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​/​ខ​ប​) ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ ហើយ​នីតិវិធី​ផ្សេងៗ​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114