ព័ត៍មានទាន់​ហេតុការណ៏
Search

នាំគ្នា​ជិះ​ម៉ូតូ​ស្វែងរក​លួច​ម៉ូតូ​គេ ចៃដន្យ​ម្ចាស់​ម៉ូតូ​ទាន់​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់ និង​រឹបអូស​បាន​ទាំង​ម៉ូតូ​ចោរ​បាន​១​គ្រឿង​ទៀត​ផង ជូន​ប៉ូលិស

ភ្នំពេញ​ ៖ ចោរលួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់ខ្លួន​ប្រគល់ ឲ្យ​នគរបាល​មូលដ្ឋាន​ចាត់ការ​តាមច្បាប់ កាលពី​ថ្ងៃទី​២៤ ខែ​កុ​ម្ភៈ ឆ្នាំ២០១៩​នៅ​ម៉ោង​៩​កន្លះ​យប់​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន​ខាងលើ ឈ្មោះ សៅ ជីវ៉ា ហៅ​ស្នា អាយុ​២៣ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ច្បាស់លាស់​ស្នាក់នៅ​ចល័ត​តាម​ផ្ទះជួល​ក្នុង រាជធានី​ភ្នំពេញ​។

លោក អ៊ឹម លឹម​អេ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ផ្សារដែក​មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្រ​ឡា សង្កាត់​ក្រាំងធ្នង់ បាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​របស់គាត់​ម៉ាក​ឌូ​ក​(Duke) ពាក់​ស្លាក​លេខ ភ្នំពេញ​1CN-1717 ​ចេញពី​កន្លែងធ្វើការ​សំដៅ​មក​ជួប​បងប្អូន​ស្នាក់នៅ​ផ្ទះ​ជួល​ចំណុចកើតហេតុ​ខាង​លើ ដើម្បី​ផឹកស៊ី ដោយ​បាន​ចត​ម៉ូតូ​ទុក​មុខផ្ទះ​ដាក់​សោរ​ត្រឹមត្រូវ​។ ក្រោយមក​នៅ​វេលា​ម៉ោង​ប្រហែល​៩​កន្លះ​យប់​ ក៏​ស្រាប់តែ​ឃើញ​បក្ខ​ពួក​ក្រុម​ជនជាប់ចោទ​ខាង​លើ​ឌុប​គ្នា​មក​ឈប់​នៅមុខ​ផ្ទះ ដោយ​បក្ខ​ពួកគេ​ម្នាក់​អង្គុយ​នៅលើ​ម៉ូតូ ឯ​ម្នាក់ទៀត​មក​បណ្តើរ​ម៉ូតូ​របស់​ចេញ​ទៅបាន​ប្រហែល​១០​ម៉ែត្រ គាត់​ឃើញ​ក៏​ស្រែក​ចោរៗ​ ហើយ​នាំគ្នា​ដេញ​ចាប់​បាន​ម្នាក់ឯង​ម្នាក់ទៀត​រត់​គេច​ខ្លួន​បាត់​ដោយ​ផ្តួល​ម៉ូតូ​ដែល​គេ​ជិះ​ធ្វើ​សកម្មភាព​នោះ​ចោល​នៅ​កន្លែង​កើតហេតុ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី និ​ច (Nex) ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​1HE-9082។

ជនសង្ស័យ​ឈ្មោះ​សៅ ជីវ៉ា បាន​សារភាព​ថា ​នៅពេល​ធ្វើ​សកម្មភាព​លួច​នោះ​មាន​គ្នា​ពីរ​នាក់​ម្នាក់ទៀត​ដែល​គេច​ខ្លួន​បាត់​នោះ​ឈ្មោះ ឡា អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​និង​ទីលំនៅ​មិន​ច្បាស់លាស់​។ ពួកគេ​ជិះ​ម៉ូតូ​ដើរ​ស្វែងរក​លួច​ម៉ូតូ​គេ លុះ​ពេល​ដល់​កន្លែង​កើតហេតុ​ឃើញ​ម៉ូតូ​នៅ​ខាងក្រៅ​ផ្ទះ​ស្ងាត់​ទំនង​ក៏​ឈប់ បាន​ឲ្យ​ឈ្មោះ​ឡា ជា​អ្នកដើរ​ចូល​ទៅ​លួច​ ឯ​ខ្លួន​អង្គុយ​ចាំ​នៅលើ​ម៉ូតូ តែ​ពេល​ឈ្មោះ ឡា កាច់​សោ​ម៉ូតូ​បាន​ហើយ​ កំពុង​អូស​បណ្តើរ​ចេញ​មក​បាន​បន្តិច​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​​ចោរៗ​និង​ដេញ​ចាប់​បាន​តែម្តង​ យក​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114