ព័ត៍មានទាន់​ហេតុការណ៏
Search

លោក វេ​ង សាខុន ៖ ឆ្នាំ​២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន ១០,៨​លាន​តោន ហើយ​បានធ្វើ​ការនាំចេញ​អង្ករ ៦២៦​ពាន់​តោន រួម​នឹង​ផលិតផល​កសិកម្ម មួយចំនួន ទៀត​

​ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន ថ្លែង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន ១០,៨​លាន​តោន ហើយ​បាន​ធ្វើ ការនាំចេញ​អង្ករ ៦២៦​ពាន់​តោន ចេកអំបូង​លឿង​ជាង​១​ម៉ឺន​តោន ស្វាយ កែ​រមៀត​ប្រមាណ​ជាង ១​ម៉ឺន​តោន ហើយ​ថ្មីៗ​នេះ​កម្ពុជា​បាន​នាំចេញ​បន្លែស្រស់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង ៣៣​តោន​ និង​ជំរុញ​ការនាំចេញ លើកកម្ពស់​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។

លោក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ​ធ្វើឡើង​នៅក្នុង វេទិកាសាធារណៈ​ដ៏​សំខាន់​មួយ​ស្តីពី​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ ទី​២៦ ខែកុម្ភៈ ឆ្នាំ ២០ ១៩ នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដោយមាន​ការ ចូលរួម ពី តំណាង​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លោក លោកស្រី លោក​ឧកញ៉ា លោក លោកស្រី នាង​កញ្ញា តំណាង​ក្រុមហ៊ុន​ឯកជន ដៃគូ​អភិវឌ្ឍ សមាជិក សមាជិកា​ប្រមាណ​៤០០​នាក់​។

​ក្រសួង​បាន​ឲ្យ​ដឹង​ថា វេទិកា​នា​ពេល​នេះ​មាន​គោលបំណង​ដើម្បី​បង្កើត ឱកាស​ឲ្យ​សមាជិក សមាជិកា​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយគ្នា​ដើម្បី​ពិភាក្សា ផ្លាស់ប្តូរ ឬ​ចែករំលែក​បទពិសោធន៍ ត្រួតពិនិត្យ តាមដាន​អំពី​វឌ្ឍនភាព កាលានុវត្តភាព បញ្ហា​ប្រឈម​នានា​ដែល​បាននឹងកំពុង​ជួបប្រទះ​ក្នុង​ការ​អនុវត្ត​ការងារ​វិស័យ​កសិកម្ម​កន្លងមក និង​នៅ​ចុងបញ្ចប់​នៃ​វេទិកា​សមាជិក​អាច​យក​បទពិសោធន៍​ល្អ យន្តការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ជា​ប្រព័ន្ធ ជា​របៀប តាម​លក្ខណៈ​បច្ចេកទេស និង​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ ច្បាស់លាស់​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​។

​បន្ទាប់ពី​លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អាន​សុន្ទរកថា​ស្វាគមន៍​រួចមក លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ជូន​អង្គ​វេទិកា​ជ្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់ វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព ព្រោះ​វិស័យនេះ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ធានា​សមធម៌ ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ពិសេស​ផ្ដល់នូវ​ប្រភព​ស្បៀងអាហារ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម​ចម្បង​សម្រាប់​ការអភិវឌ្ឍ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម និង​ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់ ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម​ចូលទៅក្នុង​ទីផ្សារ​ជាតិ និង​អន្ដរជាតិ​។ ក្នុង​នោះ​មាន​អនុ​វិស័យ​សំខាន់ៗ​មួយចំនួន​ដែល​លោក រដ្ឋមន្ត្រី​បាន​រំលេច​ឲ្យ​អង្គ​វេទិកា​ចាប់អារម្មណ៍​គឺ​ទី​១- អនុ​វិស័យ​ផលិតកម្ម​កសិកម្ម (​ដំណាំ​ស្រូវ ដំណាំ​ក​សិ​-​ឧស្សាហកម្ម បន្លែ និង​ឈើ​ហូប​ផ្លែ​។​ល​។​) ទី​២- អនុវិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ទី​៣- អនុវិស័យ​ជលផល ទី​៤- អនុវិស័យ​ព្រៃឈើ និង​ទី​៥- អនុវិស័យ​កៅស៊ូ​។

ជា​ការ​ពិត អនុ​វិស័យ​ទាំងអស់​នេះ​បាន​នឹងកំពុង ធ្វើការ​វិវឌ្ឍន៍​រីកចម្រើន​ជា​បន្ត​បន្ទាប់ពី​ប្រទេស​ផលិត​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​សេចក្តី​ត្រូវការ​ក្នុងស្រុក ទៅជា​ប្រទេស​ផលិត​ស្បៀង​សម្រាប់ធ្វើ​ការនាំចេញ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន ១០,៨​លាន​តោន ហើយ​បានធ្វើ​ការនាំចេញ​អង្ករ ៦២៦​ពាន់​តោន ចេកអំបូង​លឿង​ជាង ១​ម៉ឺន​តោន ស្វាយ​កែ​រមៀត​ប្រមាណ​ជាង ១​ម៉ឺន​តោន ហើយ​ថ្មីៗ​នេះ​កម្ពុជា​បាន​នាំចេញ​បន្លែស្រស់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង ៣៣​តោន ដែល​នេះ​ជា​មោទនភាព​នៃ​ការសម្រេចបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​របស់​ក្រសួង​ក្នុងការ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ជំរុញ​ការនាំចេញ លើកកម្ពស់​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។

ដោយឡែក ការអនុវត្ត​ផលិតកម្ម​កសិកម្ម​ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​ការប្រើ​សត្វពាហនៈ មក​ការប្រើ​គ្រឿងយន្ត​កសិកម្ម​វិញ ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក និង​ផ្ទះ​សំណាញ់​ក្នុង​ផលិតកម្ម​បន្លែ ហើយ​ប្រជាកសិករ​បានក្លាយ​ជាក​សិ​ពាណិជ្ជករ សហគមន៍​កសិកម្ម​កំពុង​ក្លាយជា​កម្លាំង​ចលករ​មួយ​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅក្នុង​សេដ្ឋកិច្ច​សង្គម​ជនបទ​កម្ពុជា មាន​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បាននិងកំពុង​ផ្ដល់​សេវាកម្ម​បច្ចេកទេស​ថ្មីៗ និង​ជំនាញ​ទីផ្សារ​ដល់​អ្នក​ផលិត​យ៉ាងសកម្ម រីឯ​វិធាន​ការពង្រីក និង​ទំនើបកម្ម​សហគ្រាស​កសិកម្ម​ធុន​តូច និង​មធ្យម​ក៏​ត្រូវបាន​លើកកម្ពស់ ក្រុមហ៊ុន​ឯកជន​បាន​ខិតខំ​កែច្នៃ​កសិផល​។

ក្រសួង​បាននិងកំពុង​បន្ត​ផ្សព្វផ្សាយ​ពូជ​ដំណាំ​មាន​ផលិតភាព​ខ្ពស់ ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ព្រមទាំង​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ការអនុវត្ត​កសិកម្ម​ល្អ (GAP) ការអនុវត្ត​ចិញ្ចឹមសត្វ​ល្អ ការ​បង្កាត់​ពូជ​សិប្បនិម្មិត ការអនុវត្ត​វារីវប្បកម្ម​ល្អ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ដែលជា​ធាតុ​ចូល​ប្រកបដោយ​សក្ដានុពល​សម្រាប់​លើកកម្ពស់​ការនាំចេញ​។

ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី​ក៏បាន​លើកយក​បញ្ហា​ដែល​វិស័យ​នេះ កំពុង​ជួបប្រទះ​ដូចជា​៖ ផលិតភាព​នៅ​មាន​កម្រិត​ទាប​ទាំង​បរិមាណ និង​គុណភាព ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិផល​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ យន្តការ​សម្រួល​ការនាំ​ចេញ​នៅ​មិនទាន់​មាន​ភាព​ប្រទាក់ក្រឡា ការ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ទៅដល់​កសិករ និង​សហគមន៍​ដែល​នៅ​ឆ្ងាយ​នៅ​មាន​កម្រិត កង្វះ​យន្តការ​ផ្សារភ្ជាប់​ទីផ្សារ​ជាមួយនឹង​ផែន​ការ​ដាំដុះ​និង​ប្រមូល​ផល ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​នៅ​មិនទាន់​រឹងមាំ កង្វះ​យន្តការ​ផ្តល់ព័ត៌មាន​ទី​ផ្សារ កង្វះ​ផែន​ការដាំដុះ ការកំណត់​តំបន់​ដាំ​ដុះ​ឲ្យ​ត្រូវ​តាម​សក្តានុពល​ដី កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​អគ្គិសនី ប្រព័ន្ធ​ស្រោចស្រព​នៅ​ពុំ​ទាន់​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ ការដាំដុះ​នៅមាន​ការពឹង​ពាក់​លើទឹក​ភ្លៀង​។​ល​។ ភ្ជាប់​ជាមួយ​បញ្ហា​ទាំងអស់នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្រសួង​បាននឹងកំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នេះ​ជា​បន្តបន្ទាប់ ជំហានៗ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ សហគមន៍ វិស័យ​ឯកជន ហើយ​លោក​ស្នើសុំ​ភាគី​គ្រប់​ពាក់ព័ន្ធ​បន្ត​សហការ​ឲ្យ​បាន​ពេញលេញ ចូលរួម​រិះរក​វិធានការ ឬ​មធ្យោបាយ គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ឡើង​ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114