ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ហាម​ប្រជាពលរដ្ឋ​បរិភោគ​សាច់ជ្រូក​ឈឺ​ឬ​ងាប់​ដែល​ពុំ​ដឹង​មូលហេតុ​ឡើយ

ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់​ជ្រូក​ឈឺ​ ឬ​ ងាប់​ដែល​ពុំ​ដឹង​មូលហេតុ​ឡើយ​ព្រោះ​អាច​ចម្លងជំងឺ​ឆ្លង​ផ្សេងៗ​បាន។

នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​លោក​វេជ្ជបណ្ឌិត​លី​សូ​វ៉ាន់​អ្នកនាំពាក្យ​ក្រ​សួង​សុខាភិបាល​និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឲ្យ​ដឹងថា​ កន្លងមក​ថ្មីៗ​នេះ មានការ​រា​ត្បា​ត​ជំងឺ​ថ្មី​មួយ ដែលមាន​ការឆ្លង​ខ្លាំង​ទាំង​នៅលើ​សត្វ​ជ្រូកស្រុក និង​ជ្រូកព្រៃ ដែល​ហៅថា​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក នៅ​ប្រទេស​មួយ​ចំនួនធំ​នៅ​ប្រទេស​អាហ្វ្រិក និង​បាន​ចម្លង​មក​ប្រទេស​ចិន និង​មក​ប្រទេស​វៀតណាម​ផ្នែក​ខាង​ជើង។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ ជំងឺ​នេះ​មានការ​ឆ្លង​ខ្លាំង​ទៅលើ​សត្វ​ជ្រូក ​ដែល​បណ្តាល​ឲ្យ​ឈឺ​និង​ងាប់​ច្រើន​ក្តី តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។ តែ​ទោះ​យ៉ាងណាក៏ដោយ​លោក​បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​បរិភោគ​សាច់ជ្រូក​ឈឺ​ឬ​ងាប់​ដែល​ពុំ​ដឹង​មូលហេតុ​ឡើយ ​ព្រោះ​អាច​ចម្លង​ជំងឺឆ្លង​ផ្សេងៗ។

ចំ​ណែក​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ជ្រូក​តាម​ច្រកព្រំដែន​វៀតណាម បន្ទាប់ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេសជិតខាង​កម្ពុ​ជា​មួយ​នេះ​។

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​វេ​ប​សាយ​ក្នុងស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម អគ្គនាយកដ្ឋាន​បាន​សហការ​ជាមួយ​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក ដើម្បី​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ក្នុងស្រុក ខណៈ​បញ្ជា​ទៅកាន់​មន្ត្រី​ត្រួតពិនិត្យ​ទៅលើ​ជ្រូក​នាំចូល​ពី​ប្រទេស​នេះ​ផងដែរ​។

លោក​បន្ថែម​ថា បច្ចុប្បន្ន ក្រៅពី​ទាមទារ​លិខិតបញ្ជាក់​សុខភាព​សត្វ​នាំចូល​ពី​ប្រទេស​វៀតណាម​ហើយ​នោះ មន្ត្រី​នៅ​តាម​ព្រំដែន​នឹង​ពិនិត្យ​ទៅលើ​សត្វ​ដែល​នាំចូល​នោះ​បន្ថែម​ផង​ដែរ​ដូចជា​មើល​លើ​ស្ថានភាព​ជាក់ស្ដែង តើ​សត្វ​ហ្នឹង​ដង្ហក់ ​ឬ ​អត់​ព្រោះថា​ធម្មតា ជំងឺ​ហ្នឹង​វា​ក្ដៅ​ធ្វើ​ឲ្យ​សត្វ​ក្ដៅ ដង្ហក់ និង​មាន​រោគសញ្ញា​ពណ៌​ស្វាយ​នៅ​ពោះ និង​ធ្វើតេស្ដ​ឈាម​យក​មក​ពិសោធ​នៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​។

លោក​បន្ថែម​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ជា​ជំងឺ​ថ្មី​ដែល​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ ដោយ​វា​ចម្លង​តាមរយៈ​ការ​ទំ​លើ​សំលៀកបំពាក់​របស់​មនុស្ស និង​សាច់សត្វ​ជ្រូក ហើយ​ប្រសិនជា​វា​ឆ្លង​ដល់​កសិដ្ឋាន​ណា​ហើយ ជ្រូក​ក្នុង​កសិដ្ឋាន​នោះ​នឹង​ឆ្លង​ងាប់​ស្ទើរតែ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ខាតបង់​ជា​ខ្លាំង​។

លោក តាន់ ផាន់​ណា​រ៉ា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា​នាំចូល​ជ្រូក​ចន្លោះ​ពី ១៥០០ ដល់ ២០០០​ក្បាល​ពី​ប្រទេស​វៀតណាម​។

គួរ​បញ្ជាក់​ថា ​ក្រោយ​ផ្ទុះ​ជំងឺ​នេះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម ហៅ​កាត់​ថា FAO បាន​ព្រមាន​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កើតឡើង​នៅ​ចិន អាច​រីក​រាលដាល​ដល់​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​។ អង្គការ​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មេរោគ​នេះ​ធន់​ខ្លាំង ហើយ​អាច​រស់នៅ​បាន​យូរ ពោលគឺ​វា​អាច​ស៊ាំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ត្រជាក់​ខ្លាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិតផល​សាច់ជ្រូក​ក្រៀម​ផងដែរ​។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​ផ្ទុះ​ខ្លាំង​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០​នៅ​អឺរ៉ុប និង​អាមេរិក​។ ដោយសារ​តែ​មាន​ប្រវត្តិ​នៃ​ការ​ផ្ទុះ និង​ការ​សាយភាយ​នៅ​តំបន់​ផ្សេងៗ​គ្នា​បែបនេះ ទើប​អង្គការ​ស្បៀងអាហារ និង​កសិកម្ម យល់ថា ជំងឺ​នេះ​អាច​រីក​រាលដាល​ដល់​ប្រទេសជិតខាង ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ឧបទ្វីប​កូរ៉េ ព្រោះ​ប្រទេស​ក្នុង​តំបន់​ទាំងនេះ​មាន​តម្រូវការ​សាច់ជ្រូក​ខ្ពស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114