ព័ត៍មានទាន់​ហេតុការណ៏
Search

ចូល​​​​​ភ្ជង់​ប្លន់​នារី ខារ៉ាអូខេ​៣​នាក់​បាន​សម្រេច​​ មិន​រំខាន​ដល់​លោក​អធិការ ខណ្ឌ​ទួលគោក​ថ្មី

ភ្នំពេញ​ ៖ ​កាបូប​លុយ​ និង​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​​ជនរងគ្រោះ​ដែល​គេ​ស្គាល់​ថា​ជា​នារី​បម្រើ​ការងារ​នៅក្នុង​ខារ៉ាអូខេ ចូលទៅ ផាត់មុខ​តុបតែង​ខ្លួន​នៅក្នុង​ហាង​កែ​សម្ផស្ស​មួយកន្លែង​ ហើយ​ត្រូវបាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ចូល​ទៅ​ភ្ជង់​ប្លន់​យក​បាត់​ដោយ​សុវត្ថិភាព​នោះ ដោយ​មិន​រំខាន​ដល់​លោក​អធិការ​ខណ្ឌ​ទួលគោក​ដែល​ទើបនឹង​ឡើង​ថ្មី នោះឡើយ។

អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាង​លើ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ហាង​កែ​សម្ផស្ស យីហោ ( កន្និកា ស្រី​តូច អ៊ុតសក់​)​ជាប់​នឹង​ខារ៉ាអូខេ ប៊េ​ស ស្តារ តាម​បណ្តោយ​ផ្លូវ​៥៩៨ កែង​ផ្លូវ​៣១៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ មាន​ភ្ញៀវ​នារីៗ​បានមក​អ៊ុតសក់​ផាត់មុខ​ក្នុង​ហាង​របស់ខ្លួន។ បន្ទាប់មក​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សង់​ប៊ិច​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បាន​ឌុប​គ្នា​មក​ធ្វើ​​​ជា​ទិញ​ទឹក​ហូប ដោយ​ម្នាក់​អង្គុយ​លើ​ម៉ូតូ និង​ម្នាក់ទៀត​ដើរ​ចូលមកក្នុង​ហាង ហើយ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម និង​ប្លន់​ទៅលើ​ជនរងគ្រោះ​ទី​១ ​​ឈ្មោះ ស្រី​ពៅ យកបាន​កាបូបស្ពាយ​១​និង​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លិ​ស​១​គ្រឿង​​ រួច​បន្ត​ទៅ​នារី​រងគ្រោះ​ទី​២ មាន​ឈ្មោះ អ៊ឹង ច័ន្ទដារ៉ា​លីន យក​បាន​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​១​គ្រឿង និង​លុយ​ជិត​៣០​ដុល្លារ ហើយ​បន្ត​ទៅ​នារី​ទី​៣​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ​យក​បាន​កាបូបស្ពាយ​១។ ជនរងគ្រោះ​ទាំង​បី​នាក់​មានមុខ​ជា​របរ​នារី​បម្រើ​ការ​នៅ​ខារ៉ាអូខេ ប៊េ​ស ស្តារ។ ចំណែក​ជនសង្ស័យ​ក្រោយពី​បានធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​ហើយ ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព។ បន្ទាប់មក​ជនរងគ្រោះ​ឈ្មោះ ស្រី ពៅ និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ភ័យ​ស្លន់ស្លោ​ពេក​ បាន​នាំគ្នា​ចេញពី​កន្លែងកើតហេតុ​បាត់។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹម​ចុះមក​ពិនិត្យមើល​ហេតុការណ៍​ភ្ជង់​ប្លន់​បានសម្រេច និង​នាំ​នារី​រងគ្រោះ​ម្នាក់ ឈ្មោះ អ៊ឹង ច​ន្ទ័​ដា​រ៉ា​លីន មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹងកក់​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ តាម​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់។

គួររំលឹកថា លោក សុខ ហេង ដែលជា​អធិការ​ខណ្ឌទួលគោក​ទើប​ឡើង​ថ្មីៗ ក្នុងអំឡុងពេល​នៃ​ការចូល​កាន់តំណែង​នេះ​មាន​ករណី​ចោរ គាស់​យកលុយ​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំនួន​៤០​ម៉ឺន​ដុល្លារ នៅក្នុង​ផ្សារ​សាមគ្គី កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ផ្សារ​សាមគ្គី ផ្លូវ​ម៉ៅ​សេង​ទុង ក្រុមទី​១៧ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក។​ម្ចាស់​ហាង​ឈ្មោះ ជា ធឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​១៤ ផ្លូវ​២៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក។ សម្ភារៈ​បាត់បង់ៈ​គ្រឿងអលង្ការ​ បាត់​សរុប​ជា​លុយ​អស់​ចំនួន​៤០​ម៉ឺន​ដុល្លារ​។ សម្ភារៈ​ដក​ហូ​តៈ​កន្ត្រៃ​កាត់​ដែក​១,​មេសោ​សូឡិច​កាត់​ដាច់​១៕
  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114