ព័ត៍មានទាន់​ហេតុការណ៏
Search

មូលហេតុ​ បងប្អូន​បង្កើត​២នាក់​ សម្លាប់​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ ​ត្រូវ​បាន​ទម្លាយ

បន្ទាយមានជ័យ​ ៖​ សំណុំរឿង​ករណី​ឃាតកម្ម​សម្លាប់​ដុត​នឹង​កង់​រថយន្ត​ ត្រូវ​បាន​កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បំបែក​បាន​​ហើយ​ ការពិត​ផ្ដើម​ចេញពី​រឿង​ប្អូនថ្លៃ​លួច​សហាយស្មន់​ជាមួយ​ជនរងគ្រោះ ​ជា​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ ក្លាយ​ជា​កំហឹង ​កាប់សម្លាប់​បុរស​ជា​សហាយ​ មិនបាន​ប៉ុន្មាន​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ទាំងពីរ​នាក់​បងប្អូន។

ការ​បំបែកសំណុំរឿង​នេះ ​ធ្វើឡើង​ក្រោម​ការដឹកនាំ​ស្រាវជ្រាវ​ដោយ​ លោក​ឧត្ដមសេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ និង​បញ្ជា​ចុះ​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ទោ អាត់ ខែម ស្នងការ​ នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ចន្លោះ​ពី​ម៉ោង​១០​ដល់​១២​ថ្ងៃត្រង់​ មាន​ករណី​ឃាតកម្ម​គិតទុក​ជាមុន នៅ​ចំណុច ព្រៃ​អា​ព្រហ្ម ​ក្នុង​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍ ក្នុង​ភូមិ​ថ្ម​រមៀល​ ឃុំ​បន្ទាយឆ្មារ ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​លើ​បុរស​ម្នាក់​ ឈ្មោះ​ ហាន សុ​ថុ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អ​ពិល​ចាស់ ឃុំ​បន្ទាយ​អំពិល ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​មានជ័យ​ ដែលមាន​មុខរបរ​ជា​អ្នក​បើក​រោង​ម៉ាស៊ីន​កិនស្រូវ ​និង​បើកឡាន​យក​ស្រូវ​តាម​ផ្ទះ​ទៅ​កិន​ ​ហើយ​សាកសព​ ក្រោយមក ​ត្រូវ​ជន​សង្ស័យ​យក​ទៅ​ដុត​ជាមួយ​កង់ឡាន​បំបាត់ដាន។

ក្រោម​ការដឹកនាំ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ ជា​បងប្អូន​បង្កើត ​១-​ឈ្មោះ ស៊ួ​ត សុភាក់ ហៅ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ និង​០២-​ឈ្មោះ ស៊ួ​ត សុផាត ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មក​សាកសួរ។

ក្រោយពី​ឃាត់ខ្លួន​ជន​សង្ស័យ​ ឈ្មោះ ស៊ួ​ត សុផាត បាន​សារភាព​ថា ​ខ្លួន​គឺជា​ជនដៃដល់​ក្នុងករណី​ឃាតកម្ម​លើ ​ឈ្មោះ ហាន សុ​ថុ​ន ជា​ម្ចាស់​រោង​ម៉ាស៊ីន​ខាងលើ​ ដោយ​កាប់​នឹង​កាំបិតបុ័ងតោ​ ព្រោះ​តាម​ទាន់​ជនរងគ្រោះ​លួច​សហាយ​ស្មន់ ​រួមរ័ក​ជាមួយ​ប្រពន្ធ​ប្អូនប្រុស​របស់​ខ្លួន ​នៅ​ព្រៃ​ក្នុង​ភូមិ។

បន្ទាប់មក​ ក៏​ទៅ​ហៅ​ប្អូនប្រុស​បង្កើត​ ឈ្មោះ ភ​ក្ត្រ័ ជា​ប្តី​របស់​នារី​ជា​សហាយ​ជនរងគ្រោះ​ឲ្យ​ជួយ​ដុត​សាកសព​ចោល​ ដើម្បី​បំផ្លាញ​ភស្តុតាង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114