ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦​កុម្ភៈ​ កើតឡើង​១៨​លើក​ ស្លាប់​៦​នាក់​ និង​របួសធ្ងន់​ស្រាល​២៨​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៨​លើក ( យប់១១​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៦​នាក់ ( ប្រុស ) រងរបួស​ធ្ងន់១៧​នាក់ ( ស្រី៥​នាក់ ) និង​រងរបួស​ស្រាល១១​នាក់ ( ស្រី២​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១៨​នាក់ ( យប់៨​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៨​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៣១​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន១២​គ្រឿង រថយន្ត​ធុន​តូច ចំនួន៩​គ្រឿង រថយន្ត​ធុន​ធំ ចំនួន៨​គ្រឿង យាន​ផ្សេងៗ ចំនួន២​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន៤​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៨​លើក ( ស្លាប់៤​នាក់ ) , មិន​គោរព​សិទ្ធិ៤​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ២​លើក , ប្រជែង​គ្រោះថ្នាក់១​លើក ,បត់​គ្រោះថ្នាក់ ១​លើក , ស្រវឹង១​លើក ( ស្លាប់ ១​នាក់ ) និង ងងុយដេក១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៨​លើក ផ្លូវ​ខេត្ត ចំនួន៩​លើក និង​ផ្លូវលំ ចំនួន១​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៤​លើក រថយន្ត​ធុន​តូច ចំនួន៦​លើក រថយន្ត​ធុន​ធំ ចំនួន៧​លើក និង​យាន​ផ្សេងៗ ចំនួន១​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ២​លើក ស្លាប់១​នាក់ របួស៣​នាក់ ខេត្តកំពង់ស្ពឺ២​លើក ស្លាប់១​នាក់ របួស២​នាក់ ខេត្ត​កំពត ២​លើក ស្លាប់១​នាក់ ខេត្ត​ព្រៃវែង ៣​លើក ស្លាប់ ២​នាក់ របួស ៣​នាក់ និង​ខេត្ត​ព្រះសីហនុ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ។​

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា រយៈពេល​២៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​៣៣៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៥៦​នាក់ របួស​សរុប​៥២៧​នាក់ ក្នុងនោះ​របួសធ្ងន់​៣៣២​នាក់ និង​របួសស្រាល​១៩៥​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114