ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ពី​វិនាទី​នេះ​តទៅ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការ​តែ​បដិវត្តន៍​បច្ចេកវិទ្យា (Technology Revolution) តែមួយគត់​ប៉ុណ្ណោះ​

​បកស្រាយ​ដោយ ៖ លោក ​ម៉ិច សុខន SOKHAN MECH អ្នកឯកទេស​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​អ៊ែ​រ៉ូ​ខាំ aerocom អាល្លឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ជា​សមាជិក​សកម្ម​ ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ​បច្ចេកទេស​ និង​នវានុវត្តន៍​ ជានា​យក​ក្រុមហ៊ុន​សុខ​កា​ណ្ឌី​កា​ហ្គ្រី​ន Sokhandyka Green Co.,Ltd និង​ជា​អ្នកបង្កើត​បច្ចេកវិទ្យា​ត្រល់​ខេ​ម​ប្រា​ង ​ប្រាសាទអង្គរវត្ត​របស់​យើង​បានបង្ហាញ​ស្នាដៃ​ជា​បដិវត្តន៍​បច្ចេកវិទ្យា​ផ្នែក​កំពូល​វិស្វកម្ម ​ក្នុង​យុគសម័យ​បុរាណកាល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​រួចមកហើយ​។ ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ដូនតា យើង​នេះ​ បាន​បន្សល់ទុក​រហូតមក​ដល់​បច្ចុប្បន្ន​បញ្ជាក់​យ៉ាងច្បាស់​ថា​ ដូនតា​របស់​យើង​កាលពី​បុរាណ​កាលនោះ គឺជា​អ្នក​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​ផ្នែក​វិស្វកម្ម​កំពូល ​លើ​លោក​យ៉ាង​ពិត​ប្រាកដ​។​

អតីតកាល​សង្គ្រាម សង្គ្រាម សង្គ្រាម​រ៉ាំរ៉ៃ​ក្នុងភូមិ​សាស្ត្រ​ នៃ​ទឹកដី​សុវណ្ណ​ភូមិ​ដែល​យើង​កំពុង​រីករាយ​សព្វថ្ងៃ បាន​បន្សល់ទុក​ស្លាកស្នាម​ភាព​វេទនា​សោកសៅ ស្លាប់​ព្រាត់ប្រាស បែកបាក់ ពិការភាព​ការសម្លាប់​រង្គាល​បំផ្លិចបំផ្លាញ​គ្មាន​សល់ អត់បាយ​ហូប​…​ជា​ព្រឹត្តិការណ៍​ចងចាំ​មិនអាច​បំភ្លេចបាន​ដែល​ខ្មែរ​គ្រប់រូប​ តែងតែ​បួងសួង​ជាមួយ​សារ​ជូនពរ​តាមបែប​សាសនា នានា ​ជា​រៀងរាល់ថ្ងៃ​ មិន​ឲ្យ​សោកនាដកម្ម​ព្រៃផ្សៃ​ទាំងនេះ ​ត្រឡប់​មកជា​លើក​ទី​២​ជាដាច់ខាត​។

ជាមួយ​សន្តិភាព​ពិតប្រាកដ​នាពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​ឲ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ទាំងគ្រប់​ផ្នែក​របស់​ពិភពលោក​ ដើម្បី​ចូលរួម​ដំណើរការ​ស្តោះ​ទៅមុខ​គ្រប់​វិនាទី​។ សម័យ​អាវខ្មៅ​វាលពិឃាត ​ជាមួយនឹង​ឃ្លាង​ចងចាំ​មានផ្ទះ​ អត់​មនុស្ស​នៅមាន​ផ្លូវ​អត់​មនុស្ស​ដើរ​ដែល​កម្ពុជា​កម្សត់​របស់​យើង​ ធ្លាប់​ជួប​ជាមួយ​អំពី​ប្រល័យពូជសាសន៍​យ៉ាង​ឃោរឃៅ​អមនុស្សធម៌​ជាទីបំផុត​ជា​មេរៀន​។

ខ្ញុំបាទ ​សូម​អធ្យាស្រ័យ​ជាមុន​ថា ​រាល់​អត្ថបទ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ រូបខ្ញុំ​តែង​តែ​រំលឹក​ប្រយោគ​ទាំងនេះ​ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្អូនៗ​ ដែលជា​វីរ​ធនធាន​យុវជន​ទាំងអស់​គិត​ពិចារណា​ឲ្យ​បាន​ច្បាស់​ថា ​មានតែ​សន្តិភាព​ទេ ទើប​មានការ​អភិវឌ្ឍន៍​ទាំងគ្រប់​វិស័យ​បាន​។

នៅលើ​ពិភពលោក​នេះ​គ្មាន​មហាសេដ្ឋី​អ្នកវិនិយោគ​ណា​ ល្ងង់​យកលុយ​ជាមួយ​ចំណាយ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ទៅ​បោះចោល​ និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​នោះទេ​។

សូម​ចូលរួម​រីករាយ​ជាមួយនឹង​សម្រស់​ធម្មជាតិ​ទេពអប្សរ​ នៅក្នុង​ភូមិសាស្ត្រ​ លើទឹក​ដី​ដ៏​បវរ​របស់​យើង​វិញ​។ ក្រមុំ​ជើង​ល្មៀត​ ជា​ពាក្យ​មួយ​ដែល​ខ្ញុំ​បាន ឮ ​ពេលដែល​ខ្ញុំ​បាន​ទៅ​បំពេញការងារ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​មួយ​តាម​ដង​ទន្លេ​មេគង្គ ​លើ​នា​ឆ្នាំ​១៩៩៦​។

ក្រមុំ​ជើង​ល្មៀត​ ជា​ពាក្យ​មួយ​ដែល​បង្ហាញ​ពី​រូប​សម្រស់​ស្រស់​បវរ​របស់​យុវតី​នៅ​ទីនោះ​ មាន​ស្បែក​លឿង​-​ស​ស្រស់ថ្លា ផាសុកភាព​ពី​កំណើត​ធម្មជាតិ​ ពិតជា​ក្តី​ស្រមៃ​របស់​យុវជន​សម្រាប់​គូ​អនាគត​។

ជាមួយនឹង​បដិវត្តន៍​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​ស្មា​ត​ហ្វូ​ន​ទំនើបៗ​នៅក្នុង​ដៃ ​និង​បណ្តាញ​ឌីជីថល​គ្រប់​កន្លែង​បាន​ចែកចាយ​ផ្សព្វផ្សាយ​ចំណេះដឹង ព័ត៌មាន វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ទាំង​ផ្នែក​សុខភាព​សម្ផស្ស សន្តិសុខ ការ​អភិវឌ្ឍ​ជាដើម ​ដល់​ឧ​ត្ត​ម​យុវតី​-​យុវជន​ ទទួលបាន​ទាន់​ពេល​វេលា​ រៀបចំខ្លួន​បាន​យ៉ាង​ល្អ​ស្រស់ស្អាត​ស្ទើរតែ​ដូចៗ គ្នា​គ្រប់​ទីកន្លែង​ស្រស់ស្រាយ​ សប្បាយ ​លើ​ជីវិត​សម័យ​ទំនើប​ក្នុង​ដៃ​ជំនាញ​ប្រមាញ់​រូបភាព​ស៊ែ​ល​ហ្វី​បង្ហោះ​តាម​បណ្ដាញ​សង្គម​នានា ជា​ពិសេស​ហ្វេ​ស​ប៊ុ​ក​ជាដើម​…​មើលទៅ​រីករាយ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ ដូច​ទេពអប្សរ​ និង​បុរស​ជិះ​សេះ​ស ជួប​ស្នេហ៍​ក្នុង​រឿងព្រេង​មនោសញ្ចេតនា​នានា​ពិតប្រាកដ​មែន​។

ភាពសំបូរ​បែប​ នៃ​ជីវិត​រីករាយ​កក់ក្ដៅ​ក្នុង​ដែនដី​សន្តិភាព គឺ​យ៉ាង​ដូច្នេះ​មិនត្រូវ​បដិសេធ​ឡើយ​។ ស្មា​ត​ហ្វូ​ន​ទំនើប នៅក្នុង​ដៃ​បស់​ប្អូនៗ​ នឹង​ចាប់ផ្តើម​មមាញឹក​នៅពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់​ខាង​មុខ​នេះ​។​ ពាក្យ​ជោគជ័យ​ សុខ​ភាពល្អ​ សម្រស់​ស្រស់ស្អាត អាយុ​យឺនយូរ​ និង​អភិវឌ្ឍន៍ អត្ថន័យ​ពេញ​និយម​ក្នុង​សារ​ជូនពរ​។ មាន​សន្តិភាព​ ទើប​មានការ​អភិវឌ្ឍ​យើង​បាន​ឮ​គ្រប់ពេលវេលា​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ អភិវឌ្ឍ អភិវឌ្ឍន៍ អភិវឌ្ឍន៍ ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ​ចំ​ពេល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ក្នុង​ពិភពលោក​កំពុងតែ​រីកចម្រើន​រួចទៅហើយ​។

ចំណែក​តួនាទី​របស់​យុវជន ​មិន​ត្រឹមតែ​ចូលរួម​ការពារ​សន្តិភាព​ប៉ុណ្ណោះ​ទេ ការចូលរួម​ឱកាស​កសាង​សមត្ថភាព​ជាមួយ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពិតជា​ភារកិច្ច​ និង​កាតព្វកិច្ច​មិនអាច​ខ្វះ​បាន​របស់​យុវជន​ លើ​វាសនា​អនាគត​យូរអង្វែង ​គាំទ្រ​សម្ទុះ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ការសិក្សា​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជា​ឧត្ដម​ធនធាន ជំនាញ​ដែល​ត្រូវតែមាន​ក្នុង​ខ្លួន​ពិតប្រាកដ​ដើម្បី​គ្រប់គ្រង​ខ្សែ​ចង្វាក់​ផលិតកម្ម​ដែល​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​គ្រប់គ្រង​ដោយ​ភាព​វៃឆ្លាត​ នៃ​ខួរក្បាល​សិប្បនិមិត្ត (AI-Artificial Intelligent) ដែល​បង្ហាញ​ពី​ទំនើបកម្ម​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក្នុង​ពិភពលោក​។ អេកូ​-​នា​នុ​វត្ដ​ន៍ (Eco-Innovations) ត្រូវបាន​អ្នកស្រាវជ្រាវ និង​អ្នកវិទ្យាសាស្ដ្រ បញ្ចូល​បន្ថែម​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដើម្បី​ឲ្យ​មាន​និរន្តរភាព និង​ការទទួលខុសត្រូវ​បរិស្ថាន​សង្គម​កម្រិត​ខ្ពស់បំផុត​។ សារ​អប់រំ​ក្នុង​ទិវា​សិទ្ធិ​នារី​៨​មីនា រៀងរាល់​ឆ្នាំ គួរតែ​លើក​កម្ពស់​ផ្សព្វផ្សាយ​ធនធាន​របស់​យុវតី ​និង​ស្ត្រី ចូលរួម​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពិត​រឿង​សាទរ​សម្រាប់​ទស្សនៈ​យ៉េន​ឌ័​រ និង​ការអភិវឌ្ឍ​ក្នុង​គោលនយោបាយ​ជាតិ​នារី​រតនៈ​ជាដើម​។

អ្នកសេដ្ឋកិច្ច​ តែងតែ​ផ្ដល់​អនុសាសន៍​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​កម្រិត​ខ្ពស់​ក្នុង​អន្តរ​វិស័យ​ដល់​យុវជន​ជំនាន់​ក្រោយ ​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ចូលរួម​កាត់បន្ថយ​ថ្លៃដើម​ផលិត​និង​ពេលវេលា​តិច​ជាមួយ​បរិមាណ​ផលិត​បាន​ច្រើន​តាម​តម្រូវការ​ទីផ្សារ​។

ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ទូលំទូលាយ​ក្រោម​ម្លប់​ នៃ​សន្ដិភាព ភាព​សំបូរ​បែប​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ​នាពេលនេះ ​គឺជា​ប្រភព​ នៃ​ចំណេះដឹង​សម្រាប់​ប្អូនៗ​អាន​បន្ថែម នឹង​ទទួលបាន​គំនិត​ថ្មី​ដើម្បី​ពង្រឹង​ទំហំ​ នៃ​ការសិក្សា​ជំនាញ​ឲ្យ​បាន​ទូលំទូលាយ​។ ភូមិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ពិត​ជា​មាន​តម្រូវការ​ពិសេស ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អេកូ​-​នវានុវត្តន៍ សមស្រប​ជាមួយ​តម្លៃ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​ដល់​ធនធាន​អ្នក​អាស្រ័យ​ផល និង​បរិយាកាស ភូមិសាស្ត្រ ទើប​មាន​និរន្តរភាព​ដល់​គុណភាព​បច្ចេកវិទ្យា​ជា​វិជ្ជមាន​ដែល​ជា​លទ្ធផល​ក្នុង​ការ​បង្កើត​ថ្មី​នេះ ជួយ​ដល់​សហគមន៍ និង​សង្គម​ពិតៗ​។ ដោយ​ខ្ញុំបាទ​ មាន​បទ​ពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​នេះ​ហើយ ​ជាមួយនឹង​សមត្ថភាព​អ្នកចូលរួម​ប្រើប្រាស់​តម្រូវ​ឲ្យ​មានការ​ណែនាំ​រយៈពេល​វែង ទើប​ខ្ញុំបាទ ម៉ិ​ច សុខន បាន​បង្កើត បច្ចេកវិទ្យា ត្រល់​ខេ​ម នេះ​ឡើង​ ដែលមាន​តម្លៃ​ទាប​បំផុត​ងាយស្រួល​ប្រើ សន្សំ​ថាមពល​ខ្ពស់ សាមញ្ញ ប្រើ​វត្ថុ​ធនធាន​ក្នុងស្រុក ជាមួយនឹង​ដំណើរការ​គ្រប់​វិនាទី​តាំងពី​ពេល​ព្រះ​ទិនករ​រះ​រហូតដល់​ព្រះ​ទិនករ​អស្ដង្គត និង​ព្រះ​ទិនករ​បច្ចេក​រស្មី​ឡើងវិញ​ដោយ​បម្រើ​សេវា​កម្ម​ជូន ​លោកស្រី លោកប្រុស យ៉ាងសកម្ម រួចទៅហើយ​ ដែល​កំពុង​ជួយ​សម្រួល​ការងារ​ក្នុង​មន្ទីរពេទ្យ​ធំ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​នានា​។

ក្រោយពី​ទទួល​បាន​ការ​សិក្សាអប់រំ រួច​យុវជន​ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ​បន្ដ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា បច្ចេកទេស និង ​នវានុវត្តន៍​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឆ្លើយតប​នឹង​សភាព​ការណ៍​តម្រូវការ​របស់​ពិភពលោក​នូវ​បដិវត្តន៍​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ទី​៤​នេះ ​ជូន​ដល់​អ្នក​ជុំវិញ​ និង​សមាជិក​គ្រួសារ​ជ្រាប​។

ព័ត៌មាន​តាម​ប្រព័ន្ធ ផ្សព្វផ្សាយ​ឯកជន​ស្របច្បាប់ ​និង​រដ្ឋ ពិតជា​ប្រភព​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​សម្រាប់​ប្អូនៗ​ចូលរួម​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​របស់​កម្ពុ​ជា​ស្ដោះ​ទៅ​ផ្នែក​បច្ចេកវិទ្យា បច្ចេកទេស និង​នវានុវត្តន៍​។ ការទទួលយក​ឱកាស​ទស្សនកិច្ច​សិក្សា ទៅកាន់​ទីតាំង​ដែលមាន​កំពូល​បច្ចេកវិទ្យា បច្ចេកទេស និង​នវានុវត្តន៍ គឺជា​ចម្លើយ​ពិតជា​វិជ្ជមាន​បំផុត​សម្រាប់​ប្អូនៗ​។ តាម​ដំណឹង​មិន​ផ្លូវការ នា​ពេល​នេះ​មាន​ក្រសួង​ភាគច្រើន​បាន​បង្កើត​វិទ្យាស្ថាន នាយកដ្ឋាន ឬ​ការិយាល័យ​តាំង​បង្ហាញ ផ្នែក​បច្ចេកវិទ្យា បច្ចេកទេស និង​នវានុវត្តន៍ តាម​ជំនាញ​រៀងៗ​ខ្លួន ថែមទាំង​បើក​ស្វាគមន៍​ដល់​ប្អូនៗ​ដែល​មាន​បំណង​ចូលរួម​បង្កើន​សមត្ថភាព ឬ​ផ្ដើម​អាជីវកម្ម ទៀតផង​។

បដិវត្តន៍​បច្ចេកវិទ្យា ​ក្នុង​ការ​គ្រប់គ្រង​បម្រែបម្រួល​អាកាសធាតុ​លើ​ពិភពលោក​នាពេលនេះ​ អាចធ្វើ​អ្នក​ជំនាញ​នៅក្នុង​ប្រទេស​នានា​ ដឹង​មុន​រយៈពេល​វែង​ និង​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀមខ្លួន​ជាមុន​ការពារ​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដោយ​បម្រែបម្រួល​នេះ ដោយ​បង្កើន​នូវ​ភាព​ធន់​កម្រិត​ខ្ពស់​ជាពិសេស​ផ្នែក​កសិកម្ម សុខភាព​ប្រជាជន​ជាមួយ​ចំណាត់​ការ​ដោះស្រាយ​ទាន់​ពេល​វេលា​។ សុខភាព​រឹងមាំ គឺជា​ទ្រព្យ​ មិនអាច​គណនា​បាន​របស់​មនុស្ស​គ្រប់រូប ​និង​នាំ​ឲ្យ​ប្រភព​ធនធាន​បញ្ញា​ផ្នែក​បច្ចេកវិទ្យា បច្ចេកទេស និង​នវានុវត្តន៍ យូរអង្វែង​។ ជា​ទម្លាប់​ល្អ​មួយ​ដែល​ប្អូនៗ​ស្វែងយល់​អាហារ​ដែលមាន​គុណភាព ជាតិ​កាឡូរី​ខ្ពស់​ភេសជ្ជៈ​ផ្អែម ថាមពល គ្រឿង​ស្រវឹង​តម្រូវ​ឲ្យ​ប្អូនៗ​ទទួលទាន​តាម​ការកំណត់​។ ស្វែងរក​ឱកាស​ទទួលទាន​រសជាតិ​អាហារ​ផ្សេងៗ​ជុំវិញ​ពិភព​លោក​ពិតជា​មាន​ឧត្ដមភាព​សម្រាប់​ចូលរួមចំណែក​ការ​អភិវឌ្ឍ​ទាំង​រាងកាយ ​និង​បញ្ញា​ស្មារតី​។

ជាពិសេស​តាមដាន​ពិនិត្យ​សុខភាព និង​ហាត់ប្រាណ​ជាប្រចាំ​។ ឃ្លា​មួយ​ដែល​យើង​ធ្លាប់​ឮ បើ​ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំណី ពិតជា​ត្រឹមត្រូវ​ណាស់​នាពេលនេះ​។​

សូម​ចងចាំ​ថា ពេលដែល​អ្នកមាន​ជំងឺ​ឈឺចាប់ អ្នក​ដែល​ឈឺចាប់​បំផុត​ គឺជា​រូបយើង គ្មាន​អ្នកណា​មក​ទទួល​ឈឺចាប់​ជំនួយ​យើង​បានទេ​។ ជាមួយ​សន្ដិភាព ការចាប់​ផ្ដើមកសាង​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ទើប​ព្រះរាជាណាចក្រ​កម្ពុជា យើង​មានការ​អភិវឌ្ឍ​ជឿន​លឿន​ជា​រៀង​រហូត​បាន​។ តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ នៃ​សន្តិភាព​ត្រូវតែ​ការពារ​ដោយ​ច្បាប់ ​និង​កុំ​ឲ្យ​​ក្រុម​ជន​ក្រៅច្បាប់​មក​តថ្លៃ​បំផ្លាញ​ឲ្យ​សោះ​។ ដោយ​រីករាយ​ជាមួយ​សន្តិភាព​នាពេលនេះ វីរជន​របស់​យើង​មានឱកាស​បែងចែក​ពេល​វេលា​ដ៏​មានតម្លៃ​មួយ​ភាគ​មក​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ ​ដើម្បី​ជា​ម្លប់​ការពារ​សន្ដិភាព​ឲ្យ​បាន​គង់វង្ស​ជានិរន្តរ៍​ដល់​មហា​ធនធាន​យុវជន​ជំនាន់​ក្រោយ​។

ការ​ទទួលបាន​សន្តិភាព​ពេញ​បរិបូរណ៍ ​ជា​ឱកាស​តែមួយគត់​ជំរុញ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដល់​ប្អូនៗ​ដែលជា​យុវជន​មាន​ជំនាញ​ខ្ពស់​បាន​។

ដូច្នេះ ​ចាប់ពី​វិនាទី​នេះ​តទៅ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការ​តែ​បដិវត្តន៍​បច្ចេកវិទ្យា (Technology Revolution) តែមួយគត់​ប៉ុណ្ណោះ​៕
​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114