ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ នី​ឡា ៖​ ភាព​បរាជ័យ​ជាច្រើន​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ មិនបាន​ធ្វើឲ្យ​ខ្ញុំ​ខ្លាច​នោះទេ !

​ភ្នំពេញ ​៖ ​ដូចដែល​មហាជន​ធ្លាប់​បានដឹង​គ្រប់គ្នា​ហើយ​ ថា​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស កញ្ញា វ៉ាន់ នី​ឡា កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​ នាង​បាន​រង​នូវ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​អាម៉ាស់​ស្ទើរតែ​មិន​ហ៊ាន​ចេញមុខ​ប្រឈម​នឹង​ទស្សនិកជន​នោះឡើយ​។​ ប៉ុន្តែ​ក្រោយពី​មានការ​លើកទឹកចិត្ត​ពី​មហាជន​ ទើប​ធ្វើ​ឲ្យ​តារា​រូបនេះ​អាច​ជម្នះ​បាន​នូវ​បញ្ហា​ទាំងនេះ​។​

គេ​ចាំបាន​ថា​ កាលនោះ ​ដោយសារតែ​ការបរាជ័យ​ស្នេហា ​រហូត​មានការ​ទម្លាយ​នូវ​រូបថត​អាក្រាត​ដែលជា​ភាព​អាម៉ាស់​មួយ​របស់ ​កញ្ញា វ៉ាន់ នី​ឡា នោះ ​ទើបបានជា​ធ្វើ​ឲ្យ​នាង​ស្វែងរក​ផ្លូវច្បាប់​ ដើម្បី​ជួយ​ទាមទារ​ផ្តល់​យុត្តិធម៌ ​និង​ផ្ដន្ទាទោស​ជនល្មើស​ ដែល​បាន​ប្រព្រឹត្ត​ ពោលគឺ​អតីត​គូស្នេហ៍ ​ដែល​ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​។​

យ៉ាងណាមិញ​ បើតាម​ការកត់សម្គាល់​គិត​រហូត​មកទល់ពេលនេះ​ ចំពោះ​រឿងរ៉ាវ​ នៃ​ក្តីក្តាំ​របស់​អតីត​តារាចម្រៀង​ស្រី ​កញ្ញា សុខ ចិន្តា​ ហៅ វ៉ាន់ នី​ឡា ជាមួយនឹង​អតីត​គូស្នេហ៍ ​លោក គុយ សិទ្ធិស័ក្ដិ ហាក់​គ្មានអ្វី​ជា​លទ្ធផល​នោះទេ ខណៈ​រូបនាង និង ​លោក សុខ ជំនោរ ដែល​ត្រូវជា​បងប្រុស​បង្កើត​ជារឿយៗ​ នៅតែ​បន្ត​ប្រកាស​ចង់បាន​យុត្តិធម៌។​

ដោយឡែក ​បើ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​បង្ហោះ​សារ​លើកទឹកចិត្ត​ខ្លួនឯង​ និង​ដើម្បី​បង្ហាញ​ពី​ភាព​រឹងមាំ​ឲ្យ​មហាជន​បានឃើញ​ ​ខណៈដែល​រឿងរ៉ាវ​មួយចំនួន​ នាង​តែង​ជួប​បរាជ័យ​ក្នុង​ជីវិត​នោះ​ កញ្ញា វ៉ាន់ នី​ឡា បាន​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តាក្រាម​របស់ខ្លួន​បែបនេះ​ថា ​ភាពបរាជ័យ​ជាច្រើន​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ មិនបាន​ធ្វើឲ្យ​ខ្ញុំ​ខ្លាច​នោះទេ ប៉ុន្តែ​វា​បាន​បង្រៀន​ឲ្យ​ខ្ញុំ​ចេះ​ប្រយ័ត្ន​។​

ជាមួយគ្នា​ នៃ​ការលើកឡើង​របស់​តារាចម្រៀង​វ័យក្មេង​ កញ្ញា វ៉ាន់ នី​ឡា ខាងលើនេះ​ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​មួយចំនួនធំ​បាន​លើក​សរសើរ​លើ​ការ​តាំង​ចិត្ត​របស់ វ៉ាន់ នី​ឡា ដែល​នាង​មាន​ភាព​រឹងមាំ​ មិន​ទន់ជ្រាយ ​ក្រោយពេល​ជួប​វិបត្តិ​បរាជ័យ​លើផ្លូវ​ជីវិត​។ ​ម្យ៉ាងទៀត ​ក៏មាន​មហាជន​ជា​ច្រើន​បាន​ផ្តល់នូវ​កម្លាំងចិត្ត​ឲ្យ វ៉ាន់ នី​ឡា ខំប្រឹង​តស៊ូ​ឡើង​ ដើម្បី​ភាព​ជោគជ័យ​នៅពេល​អនាគត​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114