ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​ តារា​ចម្រៀង យិន ស្រី​ពៅ ​ដែល​ត្រូវ​លោក​ផ្កាយ​៣​​​ទះកំផ្លៀង ​ទទួល​សំណង​ជំងឺ​ចិត្ត​៨​ពាន់​ដុល្លារ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ស្រី​ប្រចាំ​ភោជនីយដ្ឋាន​បឹង​មាស យិន ស្រី​ពៅ ទីបំផុត​យុត្តិធម៌ ​ត្រូវបាន​ផ្តល់​ជូន​ហើយ​ ខណៈដែល​នាង​ទទួលបាន​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន​៨​ពាន់​ដុល្លារ ​ពី​លោក​មន្ត្រី​ទាហាន​ពាក់​ផ្កាយ​៣​ ដែល​បាន​ប្រើ​ហិង្សា​ទះ​៣​កំផ្លៀង​ ព្រោះតែ​នាង​ឆ្លើយ​បដិសេធ​​មិន​ព្រម​ទៅ​ដេក​ជាមួយ​ គ្រា​ដែល​មន្ត្រី​ទំនើង​រូបនេះ ​ចូលទៅ​ផឹកស៊ី​នៅ​ហាង​បឹង​មាស​ខាងលើ។

បើ​យោង​តាម​ការ​បញ្ជាក់​របស់ លោក ហង ឡុង ដែល​ត្រូវជា​ស្វាមី​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​គឺ​អ្នកនាង ច​ន ច័ន្ទ​ល័​ក្ខិ​ណា បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា ​តារា​ចម្រៀង​ស្រី​ ដែល​រង​អំពើ​ហិង្សា​ដោយ​ការ​ទះកំផ្លៀង​ពី​មន្ត្រី​ទាហាន​ផ្កាយ​៣​នោះ​ ពេលនេះ​នាង​ទទួល​បាន​យុត្តិធម៌​ហើយ​ ក្រោយពេល​ជន​បង្ក​ចូល​សម្រុះសម្រួល​ដោយ​ព្រម​សង​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន​៨​ពាក់​ដុល្លារ។

លោក ហេង ឡុង បាន​លើក​ឡើង​ថា ​យុត្តិធម៌​ត្រូវតែ​មាន​សូម​អបអរសាទរ​តារា​ចម្រៀង យិន ស្រី​ពៅ ដែល​ត្រូវ​បាន​ទះកំផ្លៀង​ដោយ​មន្ត្រី​ទាហាន​ផ្កាយ​៣ មួយ​រូប​កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ នៅ​ភោជនីយដ្ឋាន​បឹង​មាស។ ករណី​នេះ ​ត្រូវ​បាន​សម្របសម្រួល​សង​ជំងឺ​ចិត្ត​៨​ពាន់​ដុល្លារ​ អរគុណ​សម្រាប់​ការចែក​ចាយ​ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន។

សូម​រម្លឹក​ថា ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ ថ្ងៃទី​២៧​កុម្ភៈ ​ស្ថិតនៅ​ចំណុច​ភោជនីយដ្ឋាន​បឹង​មាស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ បាន​កើត​ឡើង ​ខណៈ​​អ្នកចម្រៀង​ស្រស់​ស្អាត​ប្រចាំ​នៅ​ហាង​ខាងលើ ​ត្រូវ​បុរស​ម្នាក់​អួតខ្លួន​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ ​​ផ្ទុះ​កំហឹង ទះកំផ្លៀង​​ ​ព្រោះ​រឿង​មិន​ព្រម​ទៅ​ដេក​ជាមួយ​ខ្លួន។

នារី​រងគ្រោះ​ដែលជា​អ្នកចម្រៀង​រូបនោះ​មាន ឈ្មោះ យិន ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​ខាងលើ។ ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រោយចង្វា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដែល​អួតខ្លួន​ថា​ជា​ផ្កាយ​៣ បង្ក​ហិង្សា​រូបនេះ។ ប៉ុន្តែ​នៅ​ទីបំផុត​ ពេលនេះ​យុត្តិធម៌​ ត្រូវបាន​ផ្តល់​ជូន​តារា​ចម្រៀង យិន ស្រី​ពៅ នូវ​សំណង​ទឹកចិត្ត​ចំនួន​៨​ពាន់​ដុល្លារ៕