ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​ហឿន ស្មើ ផេ​ត ផូ​ស្រ៊ី ខណៈ​មា​ជ សុខ​រ៉ា ​ចាញ់​ឈោ​គ ឆ័យ ទឹក​១

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ត្រឹម​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ ​ផេ​ត ផូ​ស្រ៊ី (Petchphosri Site Chharngnunuthumporn) ខណៈ​ដែល ​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ ​ឈោ​គ ឆ័យ ផាក​ទុង​ចៃ​( Chhor kchai Phak thungchai) ក្នុង​ទឹក​ទី​១ កាលពី​យប់​ថ្ងៃ​សុក្រ ​ទី​០១ ខែ​មីនា​ ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​គូ​បូ​តា​ស្ទឹងមានជ័យ។

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ចាន់ ប៊ុន​ហឿន ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៨​លើក​នោះ ប្រកួត​លើក​នេះ​ពិបាក​ក្នុងការ​យកឈ្នះ​លើ​ផេ​ត ផូ​ស្រ៊ី ដែលមាន​ប្រវត្តិ​ចំនួន​៧៣​លើក ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​រឹងមាំ​ និង​វាយ​ល្អ​ខ្លាំង​ដែរ។ មុន​ជួប​ផេ​ត ផូ​ស្រ៊ី​នេះ ចាន់ ប៊ុន​ហឿន គេ​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​កាន តាប​(Karn Tarb) ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។​

​ចាន់ ប៊ុន​ហឿន គេ​បាន​ប្រើ​គ្រប់​ស្នៀត ទាំង​កណ្តាប់ដៃ កែង​និង​ជង្គង់ ប៉ុន្តែ​នៅតែ​មិនអាច​ផ្តួល​ផេ​ត ផូ​ស្រ៊ី ។ តាំងពី​ទឹក​ទី​១ ដល់​ទឹក​ទី​៥ ប៊ុន​ហឿន វាយ​ទៅលើ​ថៃ ឡើង​អស់ដៃ​ខ្លួនឯង ត្បិត​ផេ​ត ផូ​ស្រ៊ី គេ​អាច​ទប់ទល់ ​និង​ការពារ​ដោយ​សុវត្ថិភាព។​ ទីបំផុត ប៊ុន​ហឿន បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​ ផេ​ត ផូ​ស្រ៊ី ក្រោយ​បញ្ចប់​ការប្រកួត​៥​ទឹក​ពេញ​នោះ។​

​ចំពោះ មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​វិញ ប្រកួត​ទើបបាន​មិន​ដល់​មួយ​នាទី​ផង​ក្នុង​ទឹក​ទី​១ ក៏​ស្រាប់តែ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ ឈោ​គ ឆ័យ ផាក​ទុង​ចៃ សន្លប់​ស្តូក​លើ​រេញ​ទៅ​ហើយ ។​

តែ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ ឈោ​គ ឆ័យ ផាក​ទុង​ចៃ ដែល​សន្លប់​នោះ គេ​ជា​អ្នកឈ្នះ​លើ​មា​ជ សុខ​រ៉ា ទៅវិញ។ តាមពិត គេ​អោយ​មា​ជ សុខ​រ៉ា​ចាញ់ ​ឈោ​គ ឆ័យ​នេះ ក៏​ដោយសារតែ​សុខ​រ៉ា ប្រកួត​បំពាន​លើ​លក្ខន្តិកៈ​ប្រកួត ដោយពេល​ដែល​ ឈោ​គ ឆ័យ ដួល​លើ​រេញ​នោះ សុខ​រ៉ា​គេ​ឆ្លៀត​យក​ជង្គង់​ទៅ​ចុច​ពីលើ​ចុងដង្ហើម​ ឈោ​គ ឆ័យ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​សន្លប់​តែម្តង។

​គេ​នៅ​ចាំបាន​ថា ឈោ​គ ឆ័យ គេ​ធ្លាប់​វាយ​ឈ្នះ​ឃីម ឌី​ម៉ា ជើង​ខ្លាំង​របស់​កម្ពុជា​យើង​ដោយ​ពិន្ទុ​ម្តង​កន្លងមក​, ឈ្នះ ឡៅ ចន្ទ្រា ដោយ​ពិន្ទុ​, វាយ​ស្មើ​ជាមួយ​ ឡុង សុ​ភី , ឈ្នះ​ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា ,​ឈ្នះ​ ផង់ សុភាព ​ដោយ​ពិន្ទុ​និង​ធ្លាប់​ឈ្នះ​ផល សោ​ភ័​ណ្ឌ ពីរលើក​ថែមទៀត តែ​ក្រោយមក​គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ខ្មែរ​យើង​វិញ ហើយ​ចុង​ក្រោយនេះ​ ឈោ​គ ឆ័យ បាន​ចាញ់ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។​

ដោយឡែក ការប្រកួត​រវាង​ខ្មែរ​ និង​ខ្មែរ​វិញ សឿន ឆ្នើម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ត្រូវ​អ្នក​ប្រដាល់​ជើងចាស់​ឈាន ហុង អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ វាយ​អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ។​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។​

​សឿន ឆ្នើម ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ​តាំងពី​ក្នុង​ទឹក​ទី​១​ម្ល៉េះ ដោយសារ​ត្រូវ​កណ្ដាប់ដៃ​របស់​ ឈាន ហុង។ តែ​ចូលដល់​ទឹក​ទី​២ ឈាន ហុង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តងវិញ ដោយ​ត្រូវ​កណ្ដាប់ដៃ​របស់​សឿន ឆ្នើម។​

​បន្ទាប់ពី​អាជ្ញាកណ្ដាល​ហើយ​នោះ ឈាន ហុង បាន​សម្រុក​ដាល់​ទៅលើ​សឿន ឆ្នើម រហូត​ទាល់តែ​សឿន ឆ្នើម​ដួល​លើ​រេញ​ពីរដង ហើយ​បន្ទាប់មក​ក៏ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឲ្យ​ប្រកួត​តែម្តង ដោយសារ​អសមត្ថភាព។​

​ចំណែក ធន វិ​ស្នុ ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម បាន​វាយ​ឈ្នះ ចៅ ម៉ាក់ថឺង ក្លិប​កំរៀង​សែន​ជ័យ ដោយ​ពិន្ទុ ហើយ លី សំអន ក្លិប​មី​ស្ទី​លី​គុន​ខ្មែរ ប្រកួត​ចាញ់​ឡុង សំណាង ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114