ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជំរុញ​ឲ្យ​យុវជន​អាន​សៀវភៅ​ជា​ភាសាជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​

​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​ជំរុញ​ឱ្យ​យុវជន​អាន​សៀវភៅ​ជា​ភាសាជាតិ​របស់ខ្លួន និង​ការអាន​អក្សរសិល្ប៍​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ដើម្បី​លើកកម្ពស់ ​និង​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរឲ្យ​បាន​គង់វង្ស​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ការរៀបចំ​ទិវា​ជាតិ​អំណាន ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការ​អាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​»​ កាលពី​រសៀល​ថ្ងៃទី​០១ ​ខែ​មីនា​ ឆ្នាំ​២០១៩ ​លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន​ បាន​មានប្រសាសន៍ថា ​យុវជន​ចូលរួម​អាន​សៀវភៅ​ភាសា​ជាតិ​ពិសេស​អក្សរសិល្ប៍ ​បាន​ច្រើន​នេះ គឺ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ឲ្យ​អ្នកនិពន្ធ​ដែល​សរសេរ​រឿង​ផ្សេងៗ​កាន់តែ​ខិតខំ​សរសេរ​និពន្ធ​សៀវភៅ​ជា​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន​ថែមទៀត​ផង​ដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​«​ការអាន​ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ បើសិនជា​យើង​អាន​បាន​តិច​ចំណេះ ដឹង​របស់​យើង ក៏មាន​តិច​ផងដែរ ដូចនេះ​ការអាន ​គឺមាន​សំខាន់​ណាស់ ព្រោះ​អំ​ណាន ​គឺជា​មូលដ្ឋានគ្រឹះ​ នៃ​ចំណេះ​ដឹង បើ​យើង​អាន​មិនបាន​ច្រើន​នោះទេ យើង​នឹង​មិនបាន​ចំណេះដឹង​ច្រើន​នោះដែរ ហើយ​យើង​ក៏​មិន​ទ​ទួល​បាន​នូវ​ចំណេះដឹង និង​បំ​ណិ​ន​ជីវិត​ផ្សេងៗ​បាន​ច្រើន​នោះដែរ​»​។​

លោក​រដ្ឋមន្ត្រី​បានធ្វើការ​ប្រៀបធៀប​ថា នៅក្នុង​យុគសម័យ​នៃ​បច្ចេកវិទ្យា មនុស្ស​គឺមាន​លក្ខណៈ​ផ្សេងៗ​គ្នា​ក្នុង​ការអាន និង​ការរៀនសូត្រ​របស់​ពួកគេ ដែល​កាលពី​ពេលមុន មនុស្ស​គឺ​រៀន​តាម​សៀវភៅ​ច្រើន ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ មនុស្ស​មិន​ត្រឹមតែ​រៀន​ពី​សៀវភៅ​នោះទេ គឺ​ពួកគេ​អាច​រៀន​ពី Facebook រៀន​ពី youtube និង​មានការ​រៀនសូត្រ​ច្រើនបែប​ថែមទៀត ហើយ​ដោយសារ​តែមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការរៀន​នោះ ទើប​ធ្វើ​ឲ្យ​នាពេល​បច្ចុប្បន្ននេះ មនុស្ស​អាន​សៀវភៅ និង​អាន​ភាសា​ជាតិ​កាន់តែ​តិច​ទៅៗ​។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ក៏បាន​អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​លើកកម្ពស់​ក្នុង​ការអាន​សៀវភៅ អាន​ភាសាជាតិ​របស់ខ្លួន និង​ការអាន​អក្សរសិល្ប៍​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​«​ប្រសិនបើ​យុវជន​មិន​អាន​ជា​ភាសាជាតិ​របស់ខ្លួន​ទេ ហើយ​អាន​តែ​ភាសា​បរទេស​នោះ វា​នឹងមិន​ធ្វើឲ្យ​ភាសាជាតិ​របស់​យើង បាន​រីកចម្រើន​នោះទេ មួយវិញទៀត​នោះ នឹង​មិន​ធ្វើ​ឲ្យ​មានការ​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ ក្នុងការ​សរសេរ​សៀវភៅ​ជា​ភាសា​ខ្មែរ​នោះដែរ ដូចនេះ​យើង​ត្រូវតែ​អាន​ភាសា​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន ដើម្បី​ជាការ​លើកទឹកចិត្ត​ឲ្យ​អ្នកនិពន្ធ បាន​សរសេរ​និពន្ធ​សៀវភៅ​ជា​ភាសា​ខ្មែរ ដើម្បី​ចូលរួម​អភិរក្ស​នូវ​អក្សរសាស្ត្រ​ខ្មែរ​យើង​»​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រសិនបើ​ប្រទេសមួយ មិនមាន​ការរីកចម្រើន​ខាង​វិទ្យាសាស្ត្រ​នោះទេ ប្រទេស​នោះ​ក៏​មិនមាន​ការរីកចម្រើន​នោះទេ ប្រទេស​ដែលមាន​ការ​រីកចម្រើន គឺជា​ប្រទេស​ដែល​មាន​យុវជន​ចូលចិត្ត​ក្នុង​ការអាន​ច្រើន ទាក់ទង​ទៅនឹង​អក្សរសិល្ប៍ ការអាន​ប្រលោមលោក និង​ការអាន​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ ហើយ​នៅពេល​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​ គឺ​បាន​វិវត្ត​ទៅ​យ៉ាង​លឿន ដូច្នេះ​យុវជន​ជំនាន់​ក្រោយ ត្រូវតែ​ព្យាយាម​តាម​ឲ្យ​ទាន់​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដូចនេះ​ទាមទារ​ឲ្យ​យុវជន​ត្រូវតែ​អាន​ឲ្យ​បាន​ច្រើន ដើម្បី​សម្រេចបាន​នូវ​ជោគជ័យ បើសិនជា​យុវជន​អាន​មិនបាន​អាន​ច្រើន​នោះទេ នោះ​ក៏​មិនអាច​ធ្វើ​អ្វី​បានសម្រេច​ជោគជ័យ​នោះដែរ​។​

គួរបញ្ជាក់​ថា​ ទិវា​ជាតិ​អំ​ណាន ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការអាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​» ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ខែមីនា​ឆ្នាំ​២០១៩​ក្នុង​គោលបំណង​ដើម្បី​បណ្តុះ​ការអាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​អាន​ និង​តែង​និពន្ធ​ប្រជាជន​គ្រប់រូប​ក្នុងប្រទេស​កម្ពុជា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114