ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្នងការ​ខេត្ត​តាកែវ​ ដាស់តឿន​ឲ្យ​ប៉ូលិស​មូលដ្ឋាន​គ្រប់​ស្រុក/ក្រុង​ទាំង​១០​ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ជាជាង​ការ​បង្ក្រាប​យក​ស្នាដៃ​

​តាកែវ ៖ លោក​ឧត្ដមសេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរ​បាន​ខេត្តតាកែវ​ បាន​ដាស់តឿន​មន្ត្រី​ប៉ូលិស​នៅតាម​មូលដ្ឋាន​គ្រប់​ស្រុក​ក្រុង​ទាំង​១០​ ទូទាំង​ខេត្តតាកែវ ធ្វើយ៉ាងណា ត្រូវ​យកចិត្តទុកដាក់​តាមដាន​ និង​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាជាង​កើតហេតុ​រួចហើយ​ ទើប​ចុះបង្ក្រាប​យក​ស្នាដៃ​។​

​ជាមួយនឹង​ការ​ដាស់តឿន​មន្ត្រី​ប៉ូលិស​គ្រប់​ស្រុក​/ក្រុង​ទាំង​១០​ ឲ្យ​បំពេញភារកិច្ច​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ លោកស្នងការ​ ក៏បាន​ធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង​របស់​ខ្លួន ​ជាមួយនឹង​កិច្ចការងារ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​រួមគ្នា លើ​ការងារ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​កន្លងមក​ផងដែរ​។

លោកស្នងការ​បញ្ជាក់​ថា បទល្មើស​ឧក្រិដ្ឋ ដែល​កើតមានឡើង​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ មាន​ចំនួន​១៧៥​លើក ក្នុងនោះ​សមត្ថកិច្ច​អាច​ធ្វើការ​បង្ក្រាបបាន​ចំនួន​១៧៣​ករណី​ទៅហើយ ដែល​ស្មើ​នឹង​៩៨%​។ ​នេះ​ ជា​ចំណុច​ជោគជ័យ​មួយ​លើ​ការងារ​ដោះស្រាយ ​និង​ស្វែងរក​យុត្តិធម៌​ទៅដល់​ជនរងគ្រោះ​ផងដែរ​។

ជាមួយនឹង​ភាពជោគជ័យ​នេះ លោក​ឧត្ដមសេនីយ៍​ទោ សុខ សំណាង បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា នេះ​ជា​លទ្ធផល​ល្អប្រសើរ​មួយ ហើយ​សូម​ឲ្យ​ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បន្ត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ​បន្ថែមទៀត ដើម្បី​បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​អស់​រាល់​បទល្មើស​ឧក្រិដ្ឋ​ដែល​កើតមានឡើង នៅក្នុង​ទឹកដី​ខេត្តតាកែវ​របស់​យើង ពិសេស មន្ត្រី​ប៉ូលិស​នៅតាម​មូលដ្ឋាន​ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ការ​ថ្លែង​បែបនេះ គឺ​ លោក​ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ធ្វើឡើង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០១៨ របស់​ស្នងការ​នគរបាល​ខេត្ត​តាកែវ និង​ផ្សព្វផ្សាយ​ទិសដៅ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ ឆ្នាំ​២០១៩ នា​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114