ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ នឹង​រៀបចំ​ទិវា​ជាតិ​អំ​ណាន ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​ «​ការអាន​បណ្តុះ​វប្បធម៌​ការ​សិក្សា​ពេញ​មួយជីវិត​»

​ភ្នំពេញ​ ៖ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​នឹង​រៀបចំ​ទិវា​ជាតិ​អំ​ណាន ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​«​ការអាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​»​ នៅ​ថ្ងៃទី​១១ ​ខែមីនា ​ឆ្នាំ​២០១៩ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ក្រោម​អធិបតីភាព​ លោកជំទាវ​ក​ត្តិ​ស​ង្គ​បណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ​និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្លៃ​ង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ​ស្ដីពី​ការរៀបចំ​ទិវា​ជាតិ​អំ​ណាន ឆ្នាំ​២០១៩ ​ក្រោម​ប្រធានបទ ​៛​ការអាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​ កាលពី​រសៀល​ថ្ងៃទី​០១​ ខែមីនា ​ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួង លោ​ក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​មាន​ប្រសាសន៍​ថា ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ ​៛ ការអាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​កៀរគរ​អ្នកចូលរួម​គាំទ្រ​កាន់តែច្រើន​កុះករ​ និង​អធិកអធម​មកពី​គ្រប់​អ្នកពាក់ព័ន្ធ ​និង​មហាជន​ទូទៅ​។ ​បណ្ដុះ​ទម្លាប់​ការអាន​ជំរុញ​វប្បធម៌​អាន​លើកកម្ពស់​សមត្ថភាព​អាន​ និង​ការ​តែង​និពន្ធ​សំដៅ​រួមចំណែក​ការពារ​ និង​ពង្រឹង​វប្បធម៌​អរិយធម៌​ខ្មែរ​ដល់​សិស្ស​និស្សិត​មន្ត្រីរាជការ​ប្រជាជន​គ្រប់រូប​ក្នុងប្រទេស​កម្ពុជា​។ លើកកម្ពស់​រក្សា​គុណ​តម្លៃ​កេរដំណែល​របស់​មនុស្សជាតិ និង​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​ធានា​គុណភាព​អប់រំ​ប្រកបដោយ​សមធម៌​បរិ​យាប​ន្ន​ និង​លើកកម្ពស់​ការសិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា​។​
​ ​
ទន្ទឹមនឹងនេះ​ ទិវា​ជាតិ​អំ​ណា​នេះ ​ស្របទៅនឹង​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ការអភិវឌ្ឍ​ធនធានមនុស្ស​កសាង​ជាតិ​ឲ្យ​មាន​ភាព​រីកចម្រើន​ជឿនលឿន​ដូច​ប្រទេស​អភិវឌ្ឍន៍​នានា​លើ​សកលលោក​។

ជាងនេះទៅទៀត ​ក្រសួង​អប់រំ ​បានចាត់ទុក​ថា​ អំ​ណាន​ ជា​ធាតុ​ដ៏​សំខាន់​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ ប្រកបដោយ​វិជ្ជា​សម្បទា​បំ​ណិ​ន​សម្បទា​ និង​ចរិយា​សម្បទា​ដើម្បី​ឆ្លើយតប​គោលដៅ​អប់រំ​ជាតិ​។​
​ ​
លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ ទិវា​ជាតិ​អំ​ណាន​នេះ ​គឺជា​លើក​ទី​៤​ហើយ​ដែល មាន​ប្រធានបទ​ផ្សេងៗ​គ្នា​ដូចជា​ឆ្នាំ ២០១៦​ ទិវា​នេះ​ធ្វើ​ក្រោម​ប្រធានបទ​«​បណ្ដុះ​ទម្លាប់​អាន​ជំរុញ​វប្បធម៌​អាន​»​។​

ឆ្នាំ​២០១៧​មាន​ប្រធានបទ ​«​អាន​ដើម្បី ភាព​សុខដុម​នៃ​ជីវិត​»​។ ​ឆ្នាំ ២០១៨«​អំ​ណាន​ជា​កំណប់​វិជ្ជា​មហាសាល​»​និង​ឆ្នាំ​២០១៩​នេះ​ក្រោម​ប្រធានបទ​«​ការអាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​»​។​

លោក​រដ្ឋមន្ត្រី​បាន​បាន​បន្តទៀតថា ​ប្រធានបទ​ឆ្នាំនេះ​ ស្រប​នឹង​ពាក្យស្លោក​មួយចំនួន​ដូចខាងក្រោម ដូចជា​អំ​ណាន​ ជា​ចំណេះវិជ្ជា​ជា​ឃ្លាំងប្រាក់។ អំ​ណាន ​គឺជា​មូលដ្ឋានគ្រឹះ​ នៃ​ចំណេះដឹង។ អំ​ណាន​តាម​បច្ចេកវិទ្យា​ជា​វិជ្ជា​សម្បទា​សតវត្ស​ទី​២១។ អំ​ណាន​ ជា​ប្រភព​ នៃ​ចំណេះដឹង​ អំ​ណាន​ ជា​មាគ៌ា​ឆ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុង​ជីវិត​អាន​ច្រើន​ចំរើន​ប្រាជ្ញា គតិ​ជ្រះថ្លា ចំណេះដឹង​មហាសាល។

សៀវភៅ​ជាឃ្លាំង​អំ​ណាន​ជា​យាន​ឈានទៅរក​ចំណេះដឹង​ឪពុកម្ដាយ ​និង​កូន​ ហើយ​យើងទាំងអស់​គ្នា​អាន​អាន​ច្រើន​សរសេរ​ច្រើន​កើន​ចំណេះ​អាន ​ដើម្បី​ការអភិវឌ្ឍ​។​

សម្រាប់​ទិវា​ជាតិ​អំ​ណាន​ឆ្នាំនេះ​ ក្រសួង​អប់រំ​ក៏មាន​ការរៀបចំ​ការប្រកួត​ប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ តែង​និពន្ធ​ដើម្បី​ទទួលពាន​រង្វាន់​ សម្តេច​តេ​ជោ​ ហ៊ុន សែន​ និង​សកម្មភាព​អំ​ណាន​ផ្សេងៗ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និ​ង​ឯក​ជន​។

​ការប្រកួតប្រជែង​បកស្រាយ​អត្ថបទ​អក្សរសិល្ប៍ ​ក្រោម​ប្រធានបទ​«​តថភាព​សង្គម​តាមរយៈ​ស្នាដៃ​អក្សរសិល្ប៍​រឿង​កូ​លាប​ប៉ៃលិន​ និង​ផ្កា​ស្រ​ពូន​» ​ក្នុងចំណោម​បុគ្គលិក​អប់រំ​។​ រៀបចំ​ស្តង់​ថតរូប​ និង​ពិព័រណ៍​សៀវភៅ​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​៩​ ដល់​ថ្ងៃទី​១១ ​ខែ​មីនា​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ដោយមាន​ការចែក​សៀវភៅ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកចូលរួម​ប្រមាណ​៤០០០​ក្បាល​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​ បាន​សម្តែង​ក្តី​សង្ឃឹមថា ទិវា​អំណាច​ឆ្នាំនេះ នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុនៗ​ទៀត ផងដែរ​។​
​ ​
ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​ជំរុញ​ឲ្យ​យុវជន​ចូលរួម​អាន​សៀវភៅ​ជា​ភាសាជាតិ​និង​ការអាន​អក្សរសិល្ប៍​របស់ខ្លួនឲ្យ​បាន​ច្រើន​ ដើម្បី​លើកកម្ពស់ ​និង​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរឲ្យ​បាន​គង់វង្ស​ និង​ខិតខំ​សិក្សា​ស្រាវជ្រាវ​លើ​ភាសា​ខ្មែរ និង​ការ​បោះពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ​ឲ្យ​ច្រើន​សម្រាប់​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ដឹង​ពី​ស្នាដៃ​ និង​បាន​អាន​។​
​ ​
គួរ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ បានចេញ​អនុក្រឹត្យ​មួយ​ ចុះ​ថ្ងៃទី​១៤​ ខែកញ្ញា ​ឆ្នាំ​២០១៥​ ស្តីពី​ទិវា​ជាតិ​អំណាន​ និង​បានកំណត់​យក់​ថ្ងៃទី​១១​មីនា​ ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ​។

​ការសម្រេច​ជ្រើស​រើសយក​ថ្ងៃទី​១១​មីនា​នេះ ​ដោយសារ​ជា​ថ្ងៃកំណើត​របស់​សម្តេចព្រះ​សង្ឃរាជ ជួន​ណាត​ និង​មានបំណង​ដើម្បី​រំលឹក​ដល់​វីរភាព​របស់​សម្តេចព្រះ​សង្ឃរាជ​ ដែល​បាន​ខិតខំ​តស៊ូ​ពុះពារ​ការពារ​មរតក​វប្បធម៌​អក្សរសាស្ត្រ​ខ្មែរ​ពី​អាណានិគមនិយម​បារាំង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114