ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប៊ីសាអ៊ូឌីត​ នឹង​ជំនុំជម្រះ​ក្តី​លើ​សកម្មជន​ស្ត្រី​ ដែល​ជាប់ឃុំ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា សកម្មជន​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ឆ្នាំមុន ​ក្នុងការ​បង្ក្រាប​លើ​អ្នកធ្វើ​យុទ្ធនាការ​ នឹងត្រូវ​ឡើង​តុលាការ។

ភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត (SPA) បាន​និយាយថា “​ព្រះរាជអាជ្ញា​សាធារណៈ​ចង់​ប្រកាសថា ខ្លួន​បានបញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន​និង​បានរៀបចំ​បញ្ជី​ចោទប្រកាន់​ប្រឆាំងនឹង​ចុងចោទ​ហើយនឹង​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការ​ពាក់ព័ន្ធ”។

ទោះបីជា​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​សង្ខេប​នេះ​មិនបាន​កំណត់​អត្តសញ្ញាណ​ជនជាប់ចោទ​ជា​សកម្មជន​ស្ត្រី​ដោយផ្ទាល់​ឬ​កំណត់​កាលបរិច្ឆេទ​សម្រាប់​នីតិវិធីតុលាការ​ទេ​។​

សកម្មជន​ជាង​១២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែឧសភា​ឆ្នាំមុន មុនពេល​ការដក​បម្រាម​អាយុកាល​មួយ​ទសវត្សរ៍​ជា​ប្រវត្តិសាស្ត្រ​លើ​អ្នកបើកបរ​ភេទ​ស្រី​នៅ​ខែ​បន្ទាប់​នោះ។

ភាគច្រើន​ក្នុងចំណោម​ពួកគេ​គឺ​ត្រូវបាន​គេ​ចោទប្រកាន់ថា​បានធ្វើ​ឲ្យ​ខូច​សន្ដិសុខ​និង​ជួយ​សត្រូវ​របស់​រដ្ឋ​។ មនុស្ស​មួយចំនួន​ត្រូវបាន​គេ​ដោះលែង​ជា​បន្តបន្ទាប់។

ក្រុម​សិទ្ធិមនុស្ស​និង​សមាជិកគ្រួសារ​របស់​ពួកគេ​បាន​និយាយថា អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​មួយចំនួន​បាន​ប្រឈម​នឹង​ការយាយី​ផ្លូវភេទ​និង​ការធ្វើ​ទារុណកម្ម​ក្នុងអំឡុងពេល​សួរចម្លើយ​។​

យ៉ាងណាក្តី រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​ច្រានចោល​ការចោទប្រកាន់​ទាំងនេះ​។​
​សេចក្តីថ្លែងការណ៍​រប​ស់ SPA កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា “​ព្រះរាជអាជ្ញា​សាធារណៈ​ចង់​បញ្ជាក់ថា ជន​ជាប់ឃុំ​ទាំងអស់​នៅក្នុង​ករណីនេះ​គឺ​ទទួលបាន​នូវ​សិទ្ធិ​ទាំងអស់​ដែល​ត្រូវបាន​រក្សាទុក​ដោយ​ច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​”​។​

ប៉ុន្តែ​សេចក្តីថ្លែងការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អង្គការ​លើកលែងទោស​អន្តរជាតិ​។​

លោក Samah Hadid នាយក​យុទ្ធនាការ​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​របស់​អង្គការ​នេះ​បាន​និយាយថា “​សកម្មជន​សិ​ទិ្ធ​នារី​ទាំងនេះ​គួរតែ​ត្រូវបាន​ដោះលែង​ពី​ការ​ឃុំឃាំង​ដោយសារតែ​សកម្មភាព​សន្តិភាព​របស់​ពួកគេ​មិនមែន​សំដៅ​ទៅលើ​ការកាត់ទោស​ទេ​។ អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បាន​បន្ត​ការបង្ក្រាប​របស់​ពួកគេ​”៕ AFP