ព័ត៍មានទាន់​ហេតុការណ៏
Search

ទស្សនៈ​រិះគន់​លើ​អ្នកនិពន្ធ អ្នកចម្រៀង តន្ត្រីករ​ ឬ​ផលិតកម្ម​ ដែល​យក​បទ​មរតក​ដើម​ទៅ​កែច្នៃ កាឡៃ​ខុស​សាច់ភ្លេង​ ឬ​ទំនុកច្រៀង

ភ្នំពេញ ​៖ ជាការ​ពិតណាស់​មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវបាន​ទស្សនិកជន​អ្នកគាំទ្រ​វិស័យ​សិល្បៈ​គ្រប់​មជ្ឈដ្ឋាន​សង្កេតឃើញ​ថា ​មាន​តារាចម្រៀង អ្នកនិពន្ធ និង​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​បាន​និង​កំពុងតែ​ងាក​មក​ចាប់អារម្មណ៍​តាមរយៈ​ការជ្រើសរើស​យក​ចម្រៀង​មរតក​ដើម​របស់​វិរសិល្បករ​-​សិល្ប​ការិនី ​ជើងចាស់​ទៅធ្វើ​ការកែច្នៃ កាឡៃ​សាច់ភ្លេង​ ដើម្បី​ច្រៀង​ឡើង​វិញ​ ក្នុង​គោល​បំណង​ទាញ​យក​ប្រជាប្រិយភាព​ និង​ការគាំទ្រ។

ស្របពេល​ជាមួយគ្នា​នោះដែរ​ បើតាម​ការកត់សម្គាល់​ក្នុងចំណោម​នោះ គឺមាន​តារាចម្រៀង​ប្រុស​-​ស្រី ​ឬ​ការនិពន្ធ​ទំនុកច្រៀង​ឡើងវិញ​នៃ​បទ​មរតក​ដើម​មួយចំនួន​ តែង​ទទួលបាន​ការគាំទ្រ ​និង​លើក​សរសើរ​ពី​សំណាក់​មហាជន​ដោយសារ​ការរក្សាបាន​នូវ​តម្លៃ​ ឬ​ប្រភព​របស់​ម្ចាស់​ដើម​។ ​ប៉ុន្តែ​ក៏មាន​តារា ​និង​អ្នកនិពន្ធ​ខ្លះទៀត ​បានធ្វើ​ឲ្យ​ប្រាសចាក​ពីអ្វី​ដែលជា​ចង់បាន​របស់​មហាជន​ដូចជា​ ៖​ ការយក​បទ​ចម្រៀង​មរតក​ដើម​ទៅ​កែច្នៃ​កាឡៃ​ខុស​សាច់ភ្លេង ​ឬ​ទំនុកច្រៀង ស្រែកច្រៀង​រឡេរឡូ​ ពិសេស​គឺ​មិនបាន​រក្សា​ប្រភពដើម។

ជាក់ស្តែង​ដូចជា​ថ្មីៗ​នេះ​បាន​ផ្ទុះ​ការរិះគន់​យ៉ាងគំហុក​ និង​គួរ​ឲ្យ​អាម៉ាស់​បំផុត​លើ​តារាចម្រៀង​វ័យ​ក្មេង​របស់​ផលិតកម្ម​សាន់​ដេ ​និង​ជា​អតីត​អ្នកកំប្លែង​ នាយ ចឺម ដែល​បាន​យក​បទ​ មរកត​ដើម ​មក​កែច្នៃ កាឡៃ​សាច់ភ្លេង ​និង​ទំនុកច្រៀង​ស្រែក​ស្ទើរ​បែក​មេឃ​ បង្ក​ការភ្ញាក់ផ្អើល ​និង​ការរិះគន់​ពី​ទស្សនិកជន​ស្ទើរ​ពេញ​មួយ​ផ្ទៃ​ប្រទេស​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​អាច​ធ្លាក់ចុះ​ក្រោយ​ចេញ​ចម្រៀង​មួយ​បទ​នេះ​មាន​ចំណងជើង​ថា អូន​មាន​ សម​នឹង​អ្នកមាន​ដូចគ្នា ខណៈដែល​បទ​នេះ ​គឺជា​ការ​ចម្លង​ចម្រៀង​មរតក​ដើម​មាន​ចំណងជើង​ថា នឹក​ភូមិ​ភ្នំ​ធំ ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា។

ដោយឡែក​ ទន្ទឹម​ពេលដែល​កំពុង​តែមាន​មហាជន​ជាច្រើន​បានបង្ហាញ​ការមិន​ពេញចិត្ត​ និង​រិះគន់​លើ​ការចម្លង​បទ​មរតក​ដើម​មក​ច្រៀង​នាំ​ឲ្យ​ខូច​ទម្រង់​ដើម​ នៃ​សាច់ភ្លេង ទំនុកច្រៀង​នេះដែរ​ ក៏មាន​ការបញ្ចេញ​ទស្សនៈ​ជាច្រើន​ពី​ទស្សនិកជន​។​មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​មាន​ម្ចាស់​Account Facebook​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តន្ត្រីករ​ផង​នោះ បាន​បញ្ចេញ​ទស្សនៈ​រិះគន់​របស់ខ្លួន​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ករណី​ខាងលើ។

ផ្នែក​តាម​ខ្លឹមសារ​របស់​ម្ចាស់​Account Facebook​ឈ្មោះ តូ​ណាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​តន្ត្រីករ​រូបនេះ ​បានលើកឡើង​ចែកជា​កម្រិត​ស្វែងយល់​ដូច្នេះ​ថា ​កម្រិត​ការយល់ដឹង​របស់​បុគ្គល​ ៖ ជា​ក្រុម​មនុស្ស​ទុទ្ទិដ្ឋិនិយម​ខ្លាំង​ជាតា​រា និង​ជា​ក្រុមហ៊ុន​ដែល​បំពុល​បង្វក់​មនុស្ស​ជំនាន់​ក្រោយឲ្យ​បំភ្លេច​អតីតកាល មិន​ស្គាល់​អ្វី​ថា​ ជា​មរតក​ដោយសារតែ​ក្រុម​ខ្លួន​បាន បំភ្លៃ​ស្នាដៃ មនុស្ស​ជំនាន់​មុន ទាំង​ងងើល មិន​ខ្វល់​ពី​ផលប៉ះពាល់ ឲ្យ​តែ​អាច​បាន​ផលប្រយោជន៍​មក​បក្សពួក​របស់ខ្លួន …!។

ប្រភព​បាន​លើកឡើងថា វិធីសាស្ត្រ​កែប្រែ​ក្នុង​តម្លៃ ​នៃ​ឆន្ទៈ ៖​ អ្នក​អាច​កែសម្រួល​ចង្វាក់​សាច់ភ្លេង​ថ្មី ឬ​ថត​ច្រៀង​សាជាថ្មី​ជាមួយនឹង​បច្ចេកទេស​សំឡេង​ថ្មី​បាន​ទាំង​ឧបករណ៍​តន្ត្រី​ថ្មីៗ (​កាល​ជំនាន់​នោះ​បច្ចេកទេស​មិនទាន់​ទំនើប​ដូច​បច្ចុប្បន្ននេះ​) ដើម្បីឲ្យ​បទ​នោះ​រឹតតែ​មានគុណ​ភាពល្អ និង​សំឡេង​​ថ្មី ..​។ ​ផ្ទុយទៅវិញ ​អ្នក​គួរតែ​រក្សា​Melody​ ដើម ​នឹង​រឹតតែ​សំខាន់​ទៅទៀត​ គឺ ឈ្មោះ និង សំណេរ​អត្ថបទ​ដើម (​ទំនុកច្រៀង​) របស់​កវីនិពន្ធ​ជំនាន់​នោះ​ដោយ​ត្រឹមត្រូវ​…​ទើប​គេ​ហៅថា​ការសម្រួល​តន្ត្រី​ថ្មី។

បើតាម​តន្ត្រីករ​រូបនេះ​បាន​និយាយទៀតថា​ លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​ ៖ ​បច្ចុប្បន្ននេះ​អ្នកខ្លះ ក៏​អាច​យក​បទ​ចម្រៀង​ចាស់ៗ​ទាំង​នោះមក​បកស្រាយ​ឡើងវិញ​បាន​យ៉ាង​ពីរោះ និង ជក់ចិត្ត​ផងដែរ​ដោយ​តាម​វិធីសាស្ត្រ​ខាងលើ មើលទៅ​រឹតតែ​មា​ន​សភាព​រស់រវើក​រួមផ្សំ​នឹង​ការផលិត​រូបភាព​វីដេអូ​ថ្មីៗ​ប្លែកៗ នៃ​បទ​ចម្រៀង​ទាំងនោះ​ ទាំង​បទ​មនោសញ្ចេតនា​ និង​បទ​កន្ត្រាក់​អារម្មណ៍​ជាដើម។

តារាចម្រៀង​អាជីព​ខ្លះ​មាន​អ្នកគាំទ្រ​ច្រើន​លើសលប់​រៀងៗ​ខ្លួន​រួចទៅហើយ​ បើទោះជា​ច្រៀង​បទ​អ្វី​ក៏​អ្នកគាំទ្រ​នៅតែ​ជា​អ្នកគាំទ្រ​ដដែល​…!។

ផ្ទុយទៅវិញ​ បើ​ក្រុមហ៊ុន​អ្នក​ និង​អ្នក​ផ្ទាល់ មាន​ឆន្ទៈ​ចង់យក​បទ​ចាស់ៗ ទាំង​នោះមក​ផលិត​សាជាថ្មី​តាម​សេចក្តីត្រូវការ​ជាមួយ​វិធីសាស្ត្រ​ខាងលើ​នោះ​ តើ​វា​មិនល្អ​ទេ​ឬ​? ​អ្នកជា​អ្នក​សិល្បៈ​ជំនាន់​ថ្មី​ អាច​យក​បទ​ចម្រៀង​ជំនាន់​ចាស់​មក​ច្រៀង​បាន​យ៉ាង​ល្អ​ ហើយ​មានការ​គាំទ្រ​ពី​មហាជន​ធ្វើឲ្យ​អ្នកគាំទ្រ​របស់​អ្នក​ផ្ទាល់​បាន​ស្គាល់​ និង​ចេះ​បកស្រាយ​តាម​បាន​ ទើប​វា​ជា​គុណ​តម្លៃ ហើយក៏​ជា​គុណសម្បត្តិ​ដ៏​ធំ​ក្នុង​ការជួយ​ថែរក្សា​ស្នាដៃ​មរតក​ដើម​របស់​កវី​ និពន្ធ​ និង វីរ​កវីនិពន្ធ នា​ជំនាន់​នោះ។ មិនមែន​ច្រៀង​ស្រែករ​ឡេ​រឡូ​ ហើយ​កែ​ទំនុកច្រៀង​មិន​ទទួលកំហុស​អញ្ចឹង​ទេ វា​ច្រើន​បទ​ពេក​ហើយ កុំ​ឲ្យ​លើស​ទៀត​(​ផឹកទឹក​កុំ​ភ្លេច​ប្រភព បាន​ម្លប់ កុំ​ភ្លេច​ក្តៅ​) រិះគន់​ដើម្បី​ស្ថាបនា​។​ នេះ​ជាការ​លើកឡើង​របស់​ម្ចាស់​Account Facebook​ឈ្មោះ តូ​ណាក់។

សូមបញ្ជាក់ថា ​ការបញ្ចេញ​ទស្សនៈ​ខាងលើនេះ ​បានធ្វើ​ឡើង​ក្រោយពេល​មាន​បុគ្គល​មួយ​ចំនួន​ដែល​បាន​រក្សា​ជំហរ ​នៃ​ការ​គាំទ្រ​តារាចម្រៀង​ នាយ ចឺម ខណៈដែល​មានការ​រិះគន់​យ៉ាង​ស្ពឹក​មុខ​ក្រោយពេល​ចម្លង​បទ​មរតក​ដើម​មក​ស្រែកច្រៀង​ស្ទើរ​ផ្អើល​អ្នកគាំទ្រ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​ម្ចាស់​Account Facebook ឈ្មោះ Boty Phen ​ដែល​អះអាង​ខ្លួន​ថា​ ជា​អ្នកធ្វើ​បទ​ឲ្យ​ នាយ ចឺម ល្បី​ជា​ច្រើន​កន្លងមក​ បានចេញ​ខ្លួន​ប្រឆាំង​នឹង​ការរិះគន់​របស់​មហាជន​បែបនេះ​ថា​ ក្នុងនាម​ជា​អ្នកភ្លេង​ដូចគ្នា​មិនគួរ​យក​ការ​ច្រណែន​ដែល​ខ្ញុំ​ធ្វើ​បទ​ល្បីៗ​ច្រើនជាង ស្របពេល​ខ្លួន​មិន​មាន​បទ​ល្បី​អ្វី​ល្បី​សោះ​នោះ។

ប្រភព​ដដែល​បាន​បន្ថែមថា ​សូមទោស​បងៗ​អ្នកភ្លេង​រៀមច្បង​ដ៏​ល្អ​លើ​លោក ខ្ញុំ​ធ្វើ​បទ​បែបនេះ​ឲ្យ ចឺម​ល្បី​ច្រើន​មក​ហើយ​ តែ​យ៉ាងហោចណាស់​ក៏​គ្រាន់បើ​ជាង​អ្នកភ្លេង​ខ្លះ​លួច​បទ​របស់​គេ​(​ខ្ញុំ​)​យក​ទៅ​ច្រៀង ធ្វើជា​របស់​ខ្លួន​ធ្វើ​ព្រងើយ​នោះ​ដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114