ព័ត៍មានទាន់​ហេតុការណ៏
Search

ធឿន បុរី និង អ៊ុក សុ​វណ្ណា​រី ពួតដៃគ្នា​បង្ហើរ​សំនៀង​បទ​មរតក​ដើម ​ធ្វើ​ឲ្យ ខេ​ម លើក​សរសើរ​មិន​ដាច់​ពី​មាត់ !

​ភ្នំពេញ​ ៖ ពិតជា​គួរ​ឲ្យ​សរសើរ ​និង​ចាប់អារម្មណ៍​ខ្លាំង ​សម្រាប់​មហាជន ​ក្រោយ​ពេលដែល​តារា​ចម្រៀង​វ័យក្មេង​ពីររូប​ គឺ​ប្អូនប្រុស ធឿន បុរី និង​កុមារី អ៊ុក សុ​វណ្ណា​រី ថ្មី ៗ​នេះ​ បាន​ពួតដៃគ្នា​បង្ហើរ​សំនៀង​បាន​យ៉ាង​ពីរោះ​នូវ​ បទ​មរតក​ដើម​ ដែលមាន​ចំណងជើង​ថា ផ្កា​អ្វី ? (​គន់មើល​ក្នុង​សួន​)​។​

ការរួម​គ្នា​បញ្ចេញ​សមត្ថភាព​ច្រៀង​នូវ​បទ​ឆ្លងឆ្លើយ​ ដែលជា​ចម្រៀង​មរតក​ដើម​រវាង​កុមារា​ ធឿន បុរី និង​កុមារី អ៊ុក សុ​វណ្ណា​រី នេះ​បាន​បង្កើតឡើង​តាមរយៈ​ការ​ផ្តល់​ឱកាស​ជាតា​រា​ដំបូង​គេ​ពី​សំណាក់​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែលជា​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ គ្រា​ដែល​លោក​បានប្រកាស​បើក​ដំណើរការ​ផ្លូវការ​ឡើងវិញ​ នូវ​ក្រុមហ៊ុន​ចម្រៀង​មាន​ ឈ្មោះថា Galaxy Navatra​។​

ខណៈដែល ធឿន បុរី និង អ៊ុក សុ​វណ្ណា​រី ទទួលបាន​ឱកាស​បង្ហាញ​សមត្ថភាព​ច្រៀង​រួមគ្នា​នូវ​បទ​មរតក​ដើម​ជា​ចង្វាក់​រាំវង់​នេះដែរ​ ភ្លាមៗ​នោះ​ តារាចម្រៀង​រៀមច្បង​របស់​ផលិតកម្ម​ថោ​ន​ លោក ខេ​ម ក៏បាន​ពោល​ពាក្យ​ចេញពី​បេះដូង​ខ្លួន ​ដោយ​លើក​សរសើរ​ថា ថា​អត់​ពីរោះ​មួយ​ម៉ាត់​ទៅ នេះ​បាន​ហៅថា​ចង្វាក់​ចូលឆ្នាំ​ខ្មែរ ខ្លាច​អ្វី​នឹង​បង្ហោះ ​បើ​បទ​ពីរោះ ត្បិតតែ​ថា​ផេ​ក​នេះ​របស់ខ្ញុំ​មែន​ តែបើ​បទ​ពីរោះ​ត្រូវតែ​បង្ហោះ ស៊ែរឲ្យ​ព្រោងព្រាត។

តារាចម្រៀង​ លោក ខេ​ម បាន​លើក​សរសើរ​ទៀតថា ហើយ​ចង់​បញ្ជាក់​មួយ​ម៉ាត់​ទៀត​នេះ​ បាន​ហៅ​ថា​អ្នកចម្រៀង ​ជូនពរ​ប្អូនប្រុស ស្រី​ ទទួលបាន​ក្តី​ស្រលាញ់​ពី​ពុក​ម៉ែ​បងប្អូន​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​។​
សំណូមពរ​បងប្អូន​ស៊ែរ​ឲ្យច្រើន មិន​អស់​លុយ​អ្វី​ប៉ុន្មាន​ទេ ​ដើម្បី​បទ​ប្រពៃណី​យើង ​និយាយ​ការពិត អរគុណ​……​។​

សូមជម្រាប់ថា​ មុននេះ​បន្តិច​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​ប្រកាស​នៅលើ​ផេ​ក​ផ្ទាល់ខ្លួន​ដែរ​ថា​ ខណៈ​នេះ​ក្រុមហ៊ុន​ចម្រៀង Galaxy Navatra មាន​បទ​ចម្រៀង​មរតក​ដើម​មួយ​បទ ​ដែល​ច្រៀង​រួមគ្នា​ដោយ​ប្អូនប្រុស ធឿន បុរី និង អ៊ុក សុ​វណ្ណា​រី នូវ​បទ ផ្កា​អ្វី​? (​គន់មើល​ក្នុង​សួន​)​ដែល​បទ​នេះ​ក៏​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​ កវី គឹម សំអែល ដែល​ផលិត​នៅ​ឆ្នាំ​១៩៧៤ ហើយ​អរគុណ​ដល់​បងប្រុស សេង តារា ដែល​បាន​ស្រាវជ្រាវ​ស្នាដៃ​អ្នកនិពន្ធ​ជំនាន់​ដើម​ឲ្យ​ពួកយើង​បាន​ដឹង​។​

លោក​បន្តថា ​នាឱកាស​នេះ​ ខ្ញុំបាទ ឡេង ណា​វ៉ា​ត្រា បានចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុន​ចម្រៀង​មួយ​ជា​ផ្លូវការ​ដែលមាន​ឈ្មោះថា Galaxy Navatra តាមពិតទៅ​ក្រុមហ៊ុន​មួយ​នេះ​ខ្ញុំបាទ​បាន​បង្កើតឡើង​ច្រើន​ឆ្នាំ​មកហើយ​ដែរ​ ក៏​ប៉ុន្តែ​កន្លងមក​គ្រាន់តែ​ផលិត​ចម្រៀង​មួយ​បទៗ​លេង​ជា​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ​។ នា​ខណៈ​នេះ​ ក្រុមហ៊ុន Galaxy Navatra នឹង​ចូលខ្លួន​មក​បម្រើ​អារម្មណ៍​បងប្អូន​អ្នក​ស្តាប់​ទាំង​ក្នុង​ និង​ក្រៅប្រទេស និង​គោលបំណង​ដើម្បី​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​ដោយមាន​ទាំង​បទ​និពន្ធ​ថ្មីៗ និង​បទ​មរតក​ដើម​មួយចំនួន ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បីៗ និង​បងប្អូន​តារាចម្រៀង​ថ្មីៗ និង​អ្នកនិពន្ធ​ល្បីៗ​ផងដែរ​៕