ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គីម ជុង​អ៊ុន គោរព​វិញ្ញាណក្ខន្ធ​លោក ហូជីមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​វៀតណាម

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ បានធ្វើ​ការគោរព​វិញ្ញាណក្ខន្ធ​ដល់​អតីត​មេដឹកនាំ​បដិវត្តន៍​វៀតណាម​លោក​ហូជីមិញ​កាលពី​ថ្ងៃ​សៅរ៍​ មុនពេល​ចាប់ផ្តើម​ដំណើរ​ដ៏​ឆ្ងាយ​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ឆ្លងកាត់​ប្រទេស​ចិន ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​របស់គាត់​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ទីក្រុង​ហាណូយ​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ។

លោក​គីម​បាន​ជិះ​រថភ្លើង​របស់គាត់​នៅ​ស្ថានីយ​ព្រំដែន Dong Dang ក្នុងប្រទេស​វៀតណាម​មុនពេល​ធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​ឆ្ពោះទៅកាន់​ប្រទេស​ចិន​តាមផ្លូវ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​។ ដំណើរ​នេះ​គឺមាន​ចម្ងាយ​៤,០០០​គីឡូម៉ែត្រ​ដែល​ត្រូវគេ​រំពឹងថា​នឹង​ចំណាយពេល​ពីរ​ថ្ងៃ​កន្លះ​។​

លោក​គីម​បាន​បញ្ឈប់​ដំណើរ​មិនធម្មតា​មួយ​នៅ​វិមាន​បេតុង​ដ៏​រឹងមាំ​ដែលជា​កន្លែង​សាកសព​របស់​វីរបុរស​ឯករាជ្យ​វៀតណាម​ត្រូវបាន​តាំង​បង្ហាញ។

នៅ​ថ្ងៃ​ខួប​ជា​ប្រវត្តិសាស្ត្រ​របស់​កូរ៉េខាងជើង លោក​គីម​តែងតែ​ធ្វើការ​គោរព​ដល់​អ្នកកា​ន់​តំណែង​មុន​របស់គាត់​គឺ​ឪពុក​របស់គាត់​ឈ្មោះ​គីម​ជុងអ៊ីល​និង​ជីតា​គីម​អ៊ី​ល​ស៊ុ​ង​នៅឯ​វិមាន​អនុស្សាវរីយ៍​នៅ​ជាយក្រុង​ព្យុងយ៉ាង។

ប៉ុន្តែ​គាត់​មិនត្រូវ​បាន​គេ​ដឹងថា ធ្លាប់​បានធ្វើ​អ្វី​ស្រដៀង​គ្នា​នេះ​សម្រាប់​មេដឹកនាំ​បរទេស​ទេ​។​
​មេដឹកនាំ​កូរ៉េខាងជើង​បាន​កែសម្រួល​ខ្សែបូរ​នៅលើ​កម្រងផ្កា​ដ៏​ធំ​ដែលមាន​ឈ្មោះ​និង​សារ​របស់គាត់​ថា “​ការចងចាំ​ស្រឡាញ​ជាទីបំផុត​ដល់​លោក​ប្រធាន​ហូជីមិញ​” មុនពេល​ឱនក្បាល។

លោក​គីម​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​៤​ដង​ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍​ណាមួយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​នេះ​ដែលថា គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ចេតិយ​របស់លោក​ម៉ៅ​សេទុង​នៅក្នុង​ទីក្រុង​ប៉េកាំង​ទេ។

ប៉ុន្តែ​ជីតា​របស់លោក​គីម​គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក​ហូជីមិញ​និង​បានផ្តល់​ឲ្យ​គាត់​នូវ​អ្នកបើក​យន្តហោះ​ចម្បាំង​និង​អ្នកឯកទេស​សង្គ្រាម​ផ្លូវចិត្ត​អំឡុងពេល​សង្គ្រាម​របស់​គាត់​ប្រឆាំងនឹង​របប​ដែល​គាំទ្រ​ដោយ​អាមេរិក​នៅ​វៀតណាម​ខាងត្បូង។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម​ទៅកាន់​ប្រទេស​វៀតណាម​គឺជា​ដំណើរ​លើកដំបូង​ដោយ​មេដឹកនាំ​កូរ៉េខាងជើង​មួយរូប​ចាប់តាំងពី​ឆ្នាំ​១៩៦៤​មក​នៅពេលដែល​លោក​គីម​អ៊ី​ល​ស៊ុ​ង​ក៏បាន​ធ្វើដំណើរ​តាម​ផ្លូវដែក​សម្រាប់​ដំណើរ​របស់គាត់​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ផងដែរ៕ AFP